ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ការងារ​ចុះ​ទទួល​ស្វាគមន៍​បងប្អូន​ពលករ​ខ្មែរ ​ដែល​សម្រុក​ត្រឡប់​មក​ពី ​ប្រទេស​ថៃ​នៅ​ព្រំដែន

2 ថ្ងៃ មុន

ខេត្ត​បាត់ដំបង​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អមដំណើរ​ដោយ​ឯកឧត្តម សុខ លូ…

ខេត្ត​បាត់ដំបង​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អមដំណើរ​ដោយ​ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ចុះ​ទៅ​ទទួល​ស្វាគមន៍​បងប្អូន​ពលករ​ខ្មែរ​ ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ នៅ​តាម​ច្រកព្រំដែន​អន្តរជាតិ​ដូង និង​មណ្ឌល​សំចត​ច្រក​ដូង ក្នុង​ខេត្តបាត់ដំបង ​។

ឯកឧត្តម ហេង សួរ បាន​ទៅ​ដល់ទី​តាំង​ច្រកព្រំដែន​អន្តរជាតិ​ដូង និង​មណ្ឌល​សំចត​ច្រក​ដូង ក្នុង​ខេត្តបាត់ដំបង ដើម្បី​រង់ចាំ​ទទួល​ស្វាគមន៍​បងប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​។ តាម​រយៈ​ការ​ចុះ​ផ្ទាល់ ឯកឧត្តម​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ និង​ពលករ​ខ្មែរ​ចុះ​ឈ្មោះ​ទទួល​បានការ​ងារ​ថ្មី និង​ការ​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដោយ​ឥត​គិតថ្លៃ​ ។

ជាមួយ​គ្នា​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​មន្ត្រីរាជការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ដែល​រួម​មាន ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គភាព​ពាក់ព័ន្ធ​គ្រប់​ផ្នែក ដែល​កំពុង​ប្រចាំការ​នៅ​ច្រកព្រំដែន​ អន្តរជាតិ​ដូង និង​មណ្ឌល​សំចត​ច្រក​ដូង ក្នុង​ខេត្តបាត់ដំបង ​។

មន្ត្រី​ជំនាញ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មន្ត្រីរាជការ​នៃ​អង្គភាព​ពាក់ព័ន្ធ​គ្រប់​ផ្នែក បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ផ្តល់​ព័ត៌មាន​ស្តី​អំពី​ឱកាស​ការងារ​ដ៏​សម្បូរ​បែប ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​អត្ថប្រយោជន៍ ប​.​ស​.​ស​. ដែល​ជា​ការ​គិតគូរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ ដែល​មាន​បំណង​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ ៕ អត្ថបទសហការ