ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ការងារ​ ស្នើ​ពិភាក្សា​ឱ្យ​បានផុលផុស​ចំពោះ​សេចក្ដី​ព្រាង «​គោលនយោបាយ​ជាតិ ស្ដី​ពីមុខ​របរ​ និង​ការងារ ឆ្នាំ​២០២៦-២០៣៥» ដើម្បី​ឱ្យ​ស្រប​នឹង​ពិពិធ​កម្មសេដ្ឋកិច្ច និង​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ស្នើ​ភាគី​ពាក់ព័ន្ធ​ដែល​រៀបចំសេចក្ដី​ព្រាង «​គោលនយោបាយ​ជាតិ ស្ដី​ពីមុខ​របរ​និង​ការងារ…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ស្នើ​ភាគី​ពាក់ព័ន្ធ​ដែល​រៀបចំសេចក្ដី​ព្រាង «​គោលនយោបាយ​ជាតិ ស្ដី​ពីមុខ​របរ​និង​ការងារ ឆ្នាំ​២០២៦-២០៣៥» ​ពិភាក្សា​គ្នា​ឱ្យ​បាន​ផុសផុល​លើ​តម្រូវការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា ការ​ផ្លាស់​ប្តូរ​ទៅ​រក​សេដ្ឋកិច្ច​ច​ក្រា កម្លាំង​ពលកម្ម​វ័យក្មេង​ដែល​មាន​សមត្ថភាព និង​ការ​ចាកចេញ​របស់​កម្ពុជា​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​។

ការ​លើក​ឡើង​នេះ​នៅ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ការ​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ លើ​សេចក្ដី​ព្រាង «​គោលនយោបាយ​ជាតិ ស្ដី​ពីមុខ​របរ​និង​ការងារ ឆ្នាំ ​២០២៦-២០៣៥» ដែល​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) រៀបចំ​ធ្វើ​ឡើង នា​ព្រឹក​ថ្ងៃ​ទី​ ២២ ខែកក្កដា ឆ្នាំ​ ២០២៥ នៅ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី រាជធានី​ភ្នំពេញ​ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ពី​ភាព​សំខាន់​នៃ ​«​គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​និង​ការងារ​ឆ្នាំ​ ២០២៦-២០៣៥ ព្រោះ​គោលនយោបាយ​នេះ នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​ជាមួយនឹង​គោលនយោបាយ​ជាតិ​ផ្សេង​ៗ​ទៀត រួម​ទាំង​យុទ្ធសាស្ត្រ​បញ្ច​កោណ​គ្រប់​ដំណាក់កាល ដែល​ពាក់ព័ន្ធ​ជាមួយ​គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​និង​ការងារ បានធ្វើ​ឱ្យ​សេដ្ឋកិច្ច បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ពិភព​ការងារ​នៅ​កម្ពុជា​កាន់តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ ដែល​បម្រើ​ឱ្យ​ផលប្រយោជន៍​រួម​របស់​កម្មករនិយោជិត និង​និយោជក​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បន្ត​ថា សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ ​និង​ការងារ​ឆ្នាំ ​២០២៦-២០៣៥ នេះ​នឹង​មាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ផែនការ​សកម្មភាព និង​ការ​ពិនិត្យ​តាមដាន និង​វាយតម្លៃ​ជូន​ដល់​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​មុខរបរ និង​ការងារ​សម្រាប់​រយៈពេល ១០​ឆ្នាំ​ខាង​មុខ ក្នុង​ចក្ខុវិស័យ​បង្កើត​កម្លាំង​ពលកម្ម​ដែល​មាន​ភាព​ប្រកួតប្រជែង បរិ​យា​បន្ន និង​កម្លាំង​ពលកម្ម​ដែល​ត្រៀម​សម្រាប់​ការងារ​នា​ពេល​អនាគត តាម​រយៈ​ការ​អប់រំ ការ​សិក្សា​ពេញ​មួយ​ជីវិត និង​ប្រព័ន្ធ​ទីផ្សារ​ការងារ​ដ៏​រឹង​មាំ ការ​ពង្រឹង​ស្ថាប័ន និង​បទ​ប្បញ្ញត្តិ​ទីផ្សារ​ការងារ ក៏​ដូច​ជា​ការ​គាំទ្រ និង​ការពារ​ពលករ​ទេសន្តរប្រវេសន៍ ការ​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​បញ្ហា​ប្រឈម និង​ឱកាស​នៃ​ការ​ចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា តាម​រយៈ​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារ​ការងារ​ដ៏​រឹង​មាំ សមភាព​យេ​ន​ឌ័​រ និង​បរិ​យា​បន្ន​សង្គម​ ។

ក្នុង​ឱកាស​នោះ​ដែរ លោក ទុន សុ​ភ័​ណ អ្នកសម្របសម្រួល​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បាន​គាំទ្រ​អនុសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី និង​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​តែងតែ​ផ្ដល់​កិច្ចសហការ​ល្អជា​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ក្នុង​ការ​រៀបចំសេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​និង​ការងារ​ឆ្នាំ​២០២៦-២០៣៥​នេះ​ឱ្យ​មានដំណើរ​ការ​ល្អ​ ។

លោក​បន្ត​ថា គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​និង​ការងារ​ឆ្នាំ​ ២០២៦-២០៣៥​ នេះ នឹង​គាំទ្រ​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ជា​ក្របខ័ណ្ឌ​ឆ្ពោះទៅ​មុខ ដែល​ស្រប​តាម​បរិបទ​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​កម្ពុជា ដែល​កំពុង​រៀបចំ​ខ្លួន​សម្រាប់​ការ​ចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ ៕ អត្ថបទសហការ