រាជធានីភ្នំពេញ ៖ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កាកាបទី ១ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីកាត់សក់ក្រោមប្រធានបទ «សក់ និងសម្រស់ដើម្បីមិត្តយើង» ដើម្បីកាត់សក់ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមក ។
កម្មវិធីកាត់សក់នេះប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តពោធិសត្ថារាម (ហៅវត្តពោធិ៍ចិនតុង) ស្ថិតនៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យដែលមានបងប្អូនប្រជាពលរដ្ឋចូលរួមកាត់សក់សរុបចំនួន ២៧៣រូប (ស្រី ៧៨នាក់) នាព្រឹកថ្ងៃអាទិត្យ ទី ២០ ខែកក្កដា ឆ្នាំ ២០២៥ ។
ឯកឧត្តម ម៉ុល វិបុល បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកចូលរួមកម្មវិធីនេះ ព្រមទាំងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសសមិទ្ធផលទាំងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ។
លើសពីនេះ ឯកឧត្តម បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តស្មារតីជាតិនិយម ចូលរួមការពារបូរណភាពទឹកដី ត្រូវមានឧត្តមគតិ មនសិការស្នេហាជាតិ ដើម្បីរួមកម្លាំងគ្នាជាធ្លុងមួយនៃមហាសាមគ្គីជាតិដ៏រឹងមាំ និងបង្ហាញពីទឹកចិត្តស្មារតីមោះមុត និងបន្តគាំទ្រកងកម្លាំងប្រដាប់អាវុធជួរមុខ ក្នុងការទប់ស្កាត់រាល់សកម្មភាពឈ្លានពានរបស់សត្រូវមកលើបូរណភាពដែនដីកម្ពុជា ។
នៅក្នុងឱកាសនោះផងដែរ បងប្អូនប្រជាពលរដ្ឋបានអបអរសាទរចំពោះរាជរដ្ឋាភិបាលដែលរក្សាបាននូវសុខសន្តិភាព មានការអភិវឌ្ឍ ហើយមានថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋាន និងអាជ្ញាធរ តែងតែរៀបចំកម្មវិធីនេះ ដើម្បីឱ្យពួកគាត់មានឱកាសជួបជុំគ្នាយ៉ាងសប្បាយរីករាយ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ