រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាង “គោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ ២០២៦-២០៣៥” នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ ។
សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងគោលបំណងដើម្បីបន្ស៊ី និងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ កម្មវិធីនយោបាយជាតិនានារបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ឯកសារអនុលោមភាពជាមួយស្តង់ដាអន្តរជាតិ ព្រមទាំងធានាសង្គតិភាព ភាពប្រទាក់ក្រឡាជាមួយក្របខ័ណ្ឌគោលនយោបាយថ្នាក់ជាតិ និងអនុវិស័យពាក់ព័ន្ធនានា ។
មិនតែប៉ុណ្ណោះ សិក្ខាសាលានេះក៏ធ្វើឡើងដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំឯកសារគោលនយោបាយជាតិមុខរបរ និងការងារ ឆ្នាំ ២០២៦-២០៣៥ ព្រមទាំងពង្រឹងការចូលរួម និងការយល់ដឹងពីភាគីពាក់ព័ន្ធ លើឯកសារសេចក្តីព្រាងគោលនយោបាយជាតិមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣ ៥ផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ