ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព​កម្ពុជា​ អំពាវនាវ​កុំ​យក​រឿង​ដំឡើង​ពន្ធរបស់​សហរដ្ឋ​អាម៉េរិក​ធ្វើ​ជា​អាវុធ​នយោបាយ និងការ​បំភ័យ​កម្មករ

14 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ សហជីព​កម្ពុជា​ដែល​តំណាង​ឱ្យ​កម្មករ​រាប់​ម៉ឺន​នាក់ បាន​អំពាវនាវ​ដល់​អ្នកនយោបាយ អង្គការ​សង្គម​ស៊ី​វិល ក៏​ដូច​សហជីព​មួយ​ចំនួន កុំ​យក​ការ​ដាក់​ពន្ធ​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​លើ​ទំនិញ​កម្ពុជា មក​ធ្វើ​ជា​ឧបករណ៍​នយោបាយ​ដើម្បី​បង្អាប់បង្អោន​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ផ្សព្វផ្សាយ​បំភ្លៃ បំប៉ោង​ដើម្បី​បំភ័យ​កម្មករ​ដែល​ហួស​ពី​ការ​ពិត…

រាជធានីភ្នំពេញ​ ៖ សហជីព​កម្ពុជា​ដែល​តំណាង​ឱ្យ​កម្មករ​រាប់​ម៉ឺន​នាក់ បាន​អំពាវនាវ​ដល់​អ្នកនយោបាយ អង្គការ​សង្គម​ស៊ី​វិល ក៏​ដូច​សហជីព​មួយ​ចំនួន កុំ​យក​ការ​ដាក់​ពន្ធ​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​លើ​ទំនិញ​កម្ពុជា មក​ធ្វើ​ជា​ឧបករណ៍​នយោបាយ​ដើម្បី​បង្អាប់បង្អោន​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ផ្សព្វផ្សាយ​បំភ្លៃ បំប៉ោង​ដើម្បី​បំភ័យ​កម្មករ​ដែល​ហួស​ពី​ការ​ពិត ​។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក បាន​សម្រេច​ដាក់​ពន្ធ​លើ​ទំនិញ​នាំ​ចេញពី​កម្ពុជា​ចំនួន ​៣៦% នៅ​ថ្ងៃ​ទី​ ៨ ខែកក្កដា ឆ្នាំ​ ២០២៥ ​នេះ​ ។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា បាន​អំពាវនាវ​ដល់​អ្នកនយោបាយ និង​បុគ្គល​មួយ​ចំនួន​ក្នុង​សង្គម​តែងតែ​ចូល​ចិត្ត​បង្អាប់បង្អោន និង​បន្តុះបង្អាប់​ជាតិ​ខ្លួន​កុំឱ្យ​យក​បញ្ហា​ពន្ធ​របស់​អា​មេ​រិ​ក​នេះ​ធ្វើ​ជា​ឆ្នាំងបាយ​នយោបាយ ដោយ​បំភ្លៃ បំផ្លើស និង​បំប៉ោង​បញ្ហា​ដែល​គ្មាន​ការ​ពិត​ ។ លោក​ថា ​៖ «​សូមកុំ​យក​បញ្ហា​ការ​ដំឡើង​ពន្ធ​របស់​សហរដ្ឋ​អាម៉េរិក​នេះ ធ្វើ​ជា​ឈ្នាន់​នយោបាយ​ទៅ​និយាយ​ឃោសនា​អកុសល​បំភិតបំភ័យ​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​កម្មករនិយោជិត​ ។ យើង​ត្រូវ​តែ​រួម​គ្នា​ដើម្បី​រក្សា​នូវ​ឧត្តមភាព និង​ប្រយោជន៍​ជាតិ​របស់​កម្ពុជា​ឲ្យ​បាន​គង់វង្ស​ស្ថិត​ថេរ​»​ ។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​កម្មករនិយោជិត​ឱ្យ​រក្សា​ភាព​ស្ងៀម​សាត់​បន្ត​ភាព​ជឿជាក់ លើ​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ពន្ធ និង​ជំរុញ​ការ​នាំ​ចេញ និង​បង្កើន​ផលិតភាព​ការងារ​ជូន​បងប្អូន​កម្មករនិយោជិត និង​បាន​ណែនាំ​ឱ្យ​កម្មករនិយោជិត​ត្រូវ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​បង្កើន​ផលិតភាព​ការងារ​ ។

ទន្ទឹម​នឹង​នេះ លោក គឹ​ម ចាន់​សំណាង ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​ដាក់​ពន្ធ​ពី​អា​មេ​រិ​ក​នេះ គឺជា​រឿង​សកល​ដែល​មិនមែន​ជា​រឿង​ដាច់​ដោយឡែក​របស់​កម្ពុជា​នោះ​ទេ ​។ ដូចនេះ ការ​បំភ្លៃ បំផ្លើស​ពី​ក្រុម​អគតិ​ណាមួយ​ដែល​ចង់​ប្រើប្រាស់​ចំណុច​ពន្ធ​ ៣៦%​មក​បំភ័យ គឺជា​រឿង​គ្មាន​សីលធម៌ ​។

បន្ថែម​ពី​នេះ ប្រធាន​សហជីព​ទាំង​ពីរ​រូប​ដែល​តំណាង​ឱ្យ​កម្មករ​រាប់​ម៉ឺន​នាក់​នៅ​កម្ពុជា បាន​សង្កត់ធ្ងន់​ថា ការ​ដំឡើង​ពន្ធ​របស់​អា​មេ​រិ​ក​នេះ គឺ​មិន​មាន​អ្វី​គួរ​ឱ្យ​បារម្ភ​នោះ​ឡើយ​ព្រោះ​រោងចក្រ​ដែល​មាន​ស្លាក​យីហោ​ល្បី​ៗ​នៅ​កម្ពុជា សុទ្ធ​សឹង​ជា​រោងចក្រ​លំដាប់​ពិភពលោក ដែល​មានការ​លក់​ចែកចាយ​ទូ​ទាំង​ពិភពលោក ហើយ ទីផ្សារ​នាំ​ចេញ​របស់​កម្ពុជា មិនមែន​នាំ​ចេញ​តែ​សហរដ្ឋ​អាម៉េរិក​នោះ​ទេ ​។

សម្រាប់​សហជីព​ទាំង​ពីរ ការ​ប្តូរ​រោងចក្រ​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​ដោយសារ​តែ​បញ្ហា​ពន្ធ​ប៉ុណ្ណេះ គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ​ព្រោះ​ត្រូវការ​ចំណាយ​ច្រើន នីតិវិធី​ស្មុគស្មាញ និង​ខាតបង់​ច្រើន​ទៅ​វិញ​។
ជាមួយ​គ្នា​នេះ តំណាង​កម្មករ​ទាំង​ពីរ​រូប ជឿជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​មាន​យុទ្ធសាស្ត្រ​ទាក់ទាញ​អ្នក​វិនិយោគទុន​បន្ត​នៅ​កម្ពុជា​ក្នុង​ការ​រក្សា​ការងា​ជូន​បងប្អូន​កម្មករ ក៏​ដូច​ជា​ការ​បង្កើន​ឱកាស​ការងារ​បន្ថែម​ទៀត​ផង​ ៕ អត្ថបទសហការ