ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម​ ហេង សួរ អំពាវនាវ​ដល់​គ្រប់​ដៃគូអភិវឌ្ឍ និង​ភាគី​ពាក់ព័ន្ធ​គោរព​សិទ្ធិ​សេរីភាព និង​ផ្ដល់​អត្ថប្រយោជន៍​ផ្សេង​ៗ​ដែល​ជា​ភាពចាំបាច់​របស់​ពលករ​ទេសន្តរប្រវេសន៍

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ​២៥ ខែមិថុនា…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ​២៥ ខែមិថុនា ឆ្នាំ​ ២០២៥ បាន​អំពាវនាវ​ដល់​គ្រប់​ដៃគូ​អភិវឌ្ឍ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ការពារ គោរព​សិទ្ធិ​សេរីភាព និង​ផ្ដល់​អត្ថប្រយោជន៍​ផ្សេង​ៗ​ដែល​ជា​ភាព​ចាំបាច់​របស់​ពលករ​ទេសន្តរប្រវេសន៍ ដើម្បី​រួមចំណែក​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​ជាស​កល​ ។

ការ​លើក​ឡើង​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ នៅ​ក្នុង​ឱកាស​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ​(MoU) រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​លោកស្រី Nellie GHUSAYNI ប្រធាន​បេសកកម្ម​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) ប្រចាំ​កម្ពុជា ដើម្បី​ពង្រឹង​លើ​វិស័យ​ការងារ ជា​ពិសេស​ពលករ​ទេសន្តរប្រវេសន៍​នៅ​កម្ពុជា នៅ​ទីស្ដីការក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ។

ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ មាន​ប្រសាសន៍​ថា ពលករ​ទេសន្តរប្រវេសន៍​មិន​ត្រឹមតែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រទេស​របស់​ខ្លួន​នោះ​ទេ ប៉ុន្ដែ​ប្រទេស​ដែល​ទទួល​បាន​ពលករ​ទេសន្តរប្រវេសន៍​ក៏​ទទួល​បាន​ផលប្រយោជន៍​យ៉ាងច្រើន​ផង​ដែរ​ ។

ឯកឧត្តម​បញ្ជាក់​ថា ​៖ «​សូម​ដៃគូ​អភិវឌ្ឍ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ការពារ ផ្ដល់​ភាព​កក់ក្ដៅ ផ្ដល់​អត្ថប្រយោជន៍​ផ្សេង​ៗ​ដែល​ជា​ភាព​ចាំបាច់​របស់​ពលករ​ទេសន្តរប្រវេសន៍ ហើយ​យកចិត្តទុកដាក់​លើ​ការ​គោរព​សិទ្ធិ​សេរីភាព និង​ការ​សម្រេចចិត្ត​របស់​ពលករ​ទេសន្តរប្រវេសន៍ ថា​តើ​ពួក​គាត់​មាន​បំណង​ចង់​ស្នាក់​នៅ ឬ​ក៏​ពួក​គាត់​ចង់​ចាក​ចេញពី​សាមី​ប្រទេស​នោះ​។ ដូចនេះ​ក្នុង​នាម​រាជរដ្ឋាភិបាល យើង​ត្រូវ​តែ​ការពារ និង​គោរព​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់​ឱ្យ​បាន​ពេញលេញ ហើយ​យើង​មិន​គួរ​ប្រើប្រាស់​សកម្មភាព​ខុសច្បាប់​ណាមួយ​រារាំង​ការ​មក​ប្រទេស​កំណើត​ពួក​គាត់​វិញ​នោះ​ទេ​» ​។

លើស​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា កម្ពុជា​បាន​ឆ្លងកាត់​ការ​លំបាក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ​កម្ពុជា​មានបទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​យកចិត្តទុកដាក់​លើ​ការ​គោរព​សិទ្ធិ​សេរីភាព​ពលករ​ទេសន្តរប្រវេសន៍ ​។ បើ​ទោះបីជា​កម្ពុជា​កំពុង​មមាញឹក​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​ក៏​ដោយ ប៉ុន្ដែ​នៅ​តែ​ផ្ដោត​សំខាន់​លើ​បេសកកម្ម​តាម​រយៈ​គោលនយោបាយ​របស់​ក្រសួង និង​រាជរដ្ឋាភិបាល ​។

ចំណែក​លោកស្រី Nellie GHUSAYNI ប្រធាន​បេសកកម្ម​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) ប្រចាំ​កម្ពុជា​បាន​កត់សម្គាល់​ឃើញ​ថា កម្ពុជា​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​យកចិត្តទុកដាក់​លើ​ពលករ​ទេសន្តរប្រវេសន៍ និង​រៀបចំ​គោលនយោបាយ​ជា​ច្រើន ដើម្បី​គាំពារ ផ្ដល់​អត្ថប្រយោជន៍ និង​ការ​គោរព​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍​នៅ​កម្ពុជា ​។

លោកស្រី​បញ្ជាក់​ថា​៖«​យើង​មានការ​រំភើប​រីករាយ​ក្នុង​ការ​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​ក្នុង​ការ​គាំពារ និង​ការ​គោរព​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍​នៅ​កម្ពុជា ដោយ​មិន​មានការ​រើសអើង មិន​ថា​ពួក​គាត់​មក​ពី​ប្រទេស​ណា ឬ​មក​ពី​តំបន់​ណា​នោះ​ទេ​» ៕ អត្ថបទសហការ