ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្ពុជា និង​អូស្ត្រាលី ឯកភាព​គ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ

6 ខែ មុន

រាជធានីភ្នំពេញ ​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Cameron…

រាជធានីភ្នំពេញ ​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Cameron Baker ប្រធាន​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋ​អូស្ត្រាលី​ខាងត្បូង (South Australia-SA) ប្រទេស​អូស្ត្រាលី ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ការ​ផ្ដល់​ឱកាស​ការងារ និង​ការ​ចុះ​កម្មសិក្សា​ជំនាញ​ដល់​យុវជន​កម្ពុជា ​។

ក្នុង​ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​រសៀល​ថ្ងៃ​ទី​ ១៩ ខែឧសភា ឆ្នាំ ​២០២៥​ នេះ ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី ​១ ដោយ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍន៍​សមត្ថភាព​ធនធានមនុស្ស និង​ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ដែល​កំពុង​មាន​សក្តានុពល​នៅ​កម្ពុជា ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ៖ «​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ជាតិ និង​អន្តរជាតិ ដើម្បី​ពង្រីង​វិស័យ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ដែល​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ​ការងារ និង​ការ​រីក​ចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​នៅ​លើ​សកលលោក​ផង​ដែរ​» ​។

ក្នុង​កិច្ច​ពិភាក្សា​ប្រកបដោយ​ភាព​ស្និទ្ធស្នាល ភាគី​ទាំង​ពីរ​បាន​លើក​ឡើង​អំពី​ការ​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ជាមួយ​រដ្ឋ​អូស្ត្រាលី​ខាងត្បូង ដើម្បី​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ទាក់ទង​នឹង​ការ​បណ្ដុះបណ្ដាល​ជំនាញ​ផលិត​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី និង​ការ​បង្កើន​ផលិតភាព​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វៃ និង​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង ជា​ពិសេស​ការ​កសាង​សមត្ថភាព​ជន​បង្គោល​លើ​ការ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ រួម​ទាំង​ការ​ផ្ដល់​អាហារូបករណ៍​ដល់​សិក្ខាកាម និង​និស្សិត​កម្ពុជា​ដើម្បី​ដកស្រង់​បច្ចេកទេស និង​បទ​ពិសោធន៍​ពី​អូស្ត្រាលី​បន្ថែម ​។

ជា​ការ​ឆ្លើយ​តប លោក Cameron Baker បាន​ស្វាគមន៍​ចំពោះ​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​អូស្ត្រាលី​បន្ថែម​ទៀត ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ ។

មុន​នឹង​បញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី និង​លោក Cameron Baker បាន​កោតសរសើ​ចំពោះ​ទំនាក់ទំនង​កម្ពុជា និង​អូស្ត្រាលី ដែល​បាន​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ដែល​ភាគី​ទាំង​ពីរ​បាន​ប្ដេជ្ញា​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ការ​ផ្ដល់​ឱកាស​ការងារ​សម្រាប់​ពលរដ្ឋ​កម្ពុជា ​៕ អត្ថបទសហការ