ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តើ​អ្វី​ទៅ​ជា​កម្មវិធី «​សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ដ​មួយ​»​?

22 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ផ្ដួចផ្ដើម​បង្កើត​កម្មវិធី «​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​» ក្នុង​គោលបំណង​ពង្រឹង​ប្រសិទ្ធភាព​នៃ​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធ​តុលាការ ពង្រឹង​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម និង​បង្កើន​ផលិតភាព​ការងារ​នៅ​កម្ពុជា ​។…

រាជធានី​ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ផ្ដួចផ្ដើម​បង្កើត​កម្មវិធី «​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​» ក្នុង​គោលបំណង​ពង្រឹង​ប្រសិទ្ធភាព​នៃ​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធ​តុលាការ ពង្រឹង​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម និង​បង្កើន​ផលិតភាព​ការងារ​នៅ​កម្ពុជា ​។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ខែធ្នូ​ ឆ្នាំ​២០២៣​បាន​ប្រកាស​កំណត់ ​ស្ដី​ពី​លក្ខណៈ​វិនិច្ឆ័យ​ទៅ​លើ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​នៅ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប ដើម្បី​ចូលរួម​ប្រកួតប្រជែង​ដណ្ដើម​ពានរង្វាន់​ក្រោម​ប្រធានបទ​«​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​» ​។

តើ​អ្វី​ទៅ​ជា​កម្មវិធី «​សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ដ​មួយ​»​?

កម្មវិធី​ប្រកួតប្រជែង​«​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​» ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ឆ្នាំ​២០២៤ ដើម្បី​លើកកម្ពស់​សុខដុម​នី​យ​កម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ សំដៅ​បង្កើត​នូវ​វប្បធម៌​អនុលោម​ភាព​តាម​ច្បាប់ ពង្រឹង​ប្រសិទ្ធភាព​នៃ​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធ​តុលាការ ពង្រឹង​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម និង​បង្កើត​ផលិតភាព​ការងារ​ ។

ដើម្បី​ទទួល​បាន​បេក្ខភាព​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​នេះ ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង ត្រូវ​មាន​លក្ខខណ្ឌ​ការងារ​ល្អ សំដៅ​ដល់​សហគ្រាស​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​អនុលោម​ភាព លក្ខខណ្ឌ​ការងារ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

បើ​តាម​លក្ខខណ្ឌ​ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​កំណត់ គឺ​រោង​សហគ្រាស​នោះ មិន​មានការ​ប្រើប្រាស់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​។ មាន​ទំនាក់ទំនង​វិជ្ជាជីវៈ​ល្អ សំដៅ​ដល់​សហគ្រាស​ដែល​មាន​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ថ្នាក់​សហគ្រាស និង​មាន​យន្តការ​កិច្ច​សន្ទនា​សង្គម ​។

ត្រូវ​មាន​សុវត្ថិភាព និង​សុខភាព​ការងារ សំដៅ​ដល់​សហគ្រាស​ដែល​មិន​មាន​គ្រោះថ្នាក់​ការងារ និង​មាន​ស្នាដៃ​ក្នុង​ការងារ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​គ្រឿងញៀ.ន​នៅ​កន្លែង​ការងារ​។ មាន​អនុលោម​ភាព​របប​សន្តិសុខ​សង្គម​សំដៅ​ដល់​សហគ្រាស​ដែល​អនុវត្ត​ល្អ​នូវ​កាតព្វកិច្ច​ស្រប​តាម​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម ​។

រោងចក្រ​សហគ្រាស​នោះ ត្រូវ​មាន​គោលការណ៍​ជំរុញ​ការ​ប្រើប្រាស់​កម្មករនិយោជិត​មាន​ពិការ​ភាព​សំដៅ​ដល់​សហគ្រាស​ដែល​ប្រើប្រាស់​កម្មករនិយោជិត​មាន​ពិការ​ភាព​លើស​ពី ៣​ភាគរយ​នៃ​ចំនួន​កម្មករនិយោជិត​សរុប​។ ត្រូវ​មានកម្ម​វិធី​លើកកម្ពស់​ផលិតភាព​ការងារ​សំដៅ​ដល់​សហគ្រាស​ដែល​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ និង​លើកកម្ពស់​សមត្ថភាព​របស់​កម្មករនិយោជិត​។

លើស​ពី​នេះ ត្រូវ​មានកម្ម​វិធី​ទទួលខុសត្រូវ​សង្គម​សំដៅ​ដល់​សហគ្រាស​ដែល​ចូលរួម​គាំទ្រ​ក្នុង​ដំណើរការ​ទារកដ្ឋាន និង​ម​ត្តេ​យ្យ​សហគមន៍ មានកម្ម​វិធី​ការងារ​បៃតង និង​លើកទឹកចិត្ត​មិន​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ព្រមទាំង​ចូលរួម​ការងារ​សង្គម​ផ្សេង​ៗ​។

លោក អ៊ុ​ន ដា​រ៉ា ប្រធាន​សហភាព​សហជីព​កម្ពុជា​ពន្លឺ​កម្មករ​បាន​ថ្លែង​ថា​៖«​ខ្ញុំ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កម្មវិធី​នេះ ព្រោះ​ជា​ការ​លើកទឹកចិត្ត​ដល់​ម្ចាស់​អាជីវកម្ម រោងចក្រ​សហគ្រាស និង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ផលិតផល​កាបូប ដែល​ខិតខំ​ប្រឹងប្រែង​កែប្រែ​បរិយាកាស​នៅ​ក្នុង​រោងចក្រ បរិយាកាស​ការងារ និង​ការ​អនុវត្ត​ទៅ​តាម​ស្ដង់ដារ​អន្តរជាតិ​ផ​ក​ដែរ​»​។

លោក​បន្ដ​ថា កម្មវិធី​នេះ​គឺជា​ការ​បន្ត​អនុវត្ត​នូវ​យន្តការ​ត្រីភាគី និង​ការ​ជំរុញ​កិច្ច​សន្ទនា​សង្គម​សំដៅ​សម្រេច​ឱ្យ​បាន​នូវ​ការពិគ្រោះ​យោបល់​គ្រប់​ជ្រុងជ្រោយ​និង​ពេញលេញ​ដែល​ជា​តម្រូវការ​របស់​ត្រីភាគី និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ការងារ ដើម្បី​ជួយ​ប្រែក្លាយ​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​។

លោក​បាន​ចាត់​ទុក​កម្មវិធី​នេះ គឺ​ការ​លើកកម្ពស់​សុខដុម​នី​យ​កម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​ក្នុង​វិស័យ​ការងារ​ដែល​ស្រប​ទៅ​តាម​គោលនយោបាយ​ជាតិ​របស់​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី តាម​រយៈ​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍន៍​វិស័យ​ការងារ​នៅ​កម្ពុជា​។

លោក ហង្ស រ៉ា​វី ប្រធាន​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​(CWPUC)​បាន​ថ្លែង​ថា​៖​ «​កម្មវិធី​នេះ គឺ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក្នុង​ការ​កែប្រែ​មុខមាត់​ថ្មី​បន្ថែម ជា​ពិសេស​លើកកម្ពស់​សិទ្ធិ​ការងារ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។ ហេតុនេះ ខ្ញុំ​ពេញចិត្ត​ចំពោះ​កម្មវិធី​ប្រឡងប្រណាំង​នេះ​»​។

លោក​បាន​កត់សម្គាល់​ឃើញ​ថា កម្មករ​ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​សហគ្រាស​ដែល​ចូលរួម​ប្រកួតប្រជែង​កម្មវិធី​នេះ គឺ​ពិតជា​ទទួល​បាន​ផលប្រយោជន៍​យ៉ាងច្រើន​ដូច​ជា ការ​យកចិត្តទុកដាក់​ទៅ​លើ​សេវា​របប​សន្ដិសុខ​សង្គម​, បរិយាកាស​ការងារ​នៅ​ក្នុង​រោងចក្រ ត្រូវ​បាន​កែ​លម្អ​, កម្មករ​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ និង​លើកកម្ពស់​សមត្ថភាព​របស់​កម្មករនិយោជិត​។

គួរ​បញ្ជាក់​ថា រោងចក្រ​សហគ្រាស​ដែល​ទទួល​បាន​ជ័យ​លា​ភី​ក្នុង​ការ​ប្រឡងប្រណាំង​នឹង​ត្រូវ​ប្រកាស​ជ័យ​លា​ភី​នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ដែល​ប្រារព្ធ​នា​ថ្ងៃ​ទី​១ ខែឧសភា ជា​រៀង​រាល់​ឆ្នាំ​។ ម្ចាស់​ជ័យ​លា​ភី​នឹង​ទទួល​បានការ​លើកទឹកចិត្ត​ដូច​ជា ពានរង្វាន់​ដែល​មាន ៣​កម្រិត​, វិញ្ញាបនបត្រ និង​ការ​លើកលែង​ការ​ចុះ​អធិការកិច្ច​សាមញ្ញ​ក្នុង​រយៈពេល​ចាប់ពី ១​ឆ្នាំ​ដល់​៣​ឆ្នាំ ស្រប​តាម​កម្រិត​នៃ​ពានរង្វាន់​ដែល​ទទួល​បាន ​៕ អត្ថបទសហការ