រាជធានីភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) និង ធនាគារ វឌ្ឍនៈ សូមជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ៖ ធនាគារ វឌ្ឍនៈបានក្លាយជាភ្នាក់ងារចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាផ្លូវការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ កិច្ចសហប្រតិបត្តិការនេះមានគោលបំណងជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានដោយងាយស្រួល តាមរយៈកម្មវិធីទូរសព្ទដៃរបស់ធនាគារ វឌ្ឍនៈ (VB App) និងការអញ្ជើញមកដល់ផ្ទាល់នៅសាខាទាំង ៤១ របស់ធនាគារ វឌ្ឍនៈ នៅទូទាំងប្រទេស ។
កាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ អភិវឌ្ឍដោយអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និងសហការជាមួយគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានដាក់ដំណើរការជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ថ្នាលនេះត្រូវបានរៀបចំឡើង ដើម្បីអនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ទទួលបានវិញ្ញាបនបត្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាទម្រង់ឌីជីថល ។ តាមរយៈការចុះឈ្មោះ នេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងទទួលបានអត្ថប្រយោជន៍ និងការគាំពារផ្សេងៗដែលរៀបចំឡើងដោយរាជរដ្ឋាភិបាល រួមមាន ការទទួលបាននូវការបណ្ដុះបណ្ដាល, ការស្នើសុំប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាដើម ។
ដើម្បីចូលរួមចំណែក និងគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងធនាគារ វឌ្ឍនៈ បានសហការគ្នាអភិវឌ្ឍ Mini-App លើកម្មវិធីទូរសព្ទដៃរបស់ធនាគារ និងត្រៀមខ្លួនបម្រើការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដល់ប្រជាពលរដ្ឋនៅតាមគ្រប់សាខារបស់ធនាគារ នៅទូទាំង ប្រទេស ។ ប្រជាពលរដ្ឋដែលមានបំណងចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចស្នើសុំចុះឈ្មោះនៅគ្រប់សាខារបស់ធនាគារ វឌ្ឍនៈបាន បើទោះបីជាអតិថិជនរបស់ធនាគារ វឌ្ឍនៈ ឬ មិនមែនក៏ដោយ ។ ក្នុងករណីជាអតិថិជនរបស់ធនាគារ វឌ្ឍនៈ លោកអ្នកក៏អាចចូលទៅកាន់កម្មវិធីទូរសព្ទដៃរបស់ធនាគារ វឌ្ឍនៈ (VB App)ដើម្បីធ្វើការចុះឈ្មោះបានយ៉ាងងាយស្រួល និងឆាប់រហ័សផងដែរ ។
ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. បានគូសបញ្ជាក់ថា “ការចូលរួមរបស់វិស័យឯកជន ដូចជាធនាគារ វឌ្ឍនៈ ជាមួយរាជរដ្ឋាភិបាល មានសារៈសំខាន់ខ្ពស់ក្នុងការបង្ខិតសេវាឱ្យកាន់តែកៀកប្រជាពលរដ្ឋ និង បង្កើតជាគំរូសហថាមពល (Synergy) រវាងរដ្ឋ និងឯកជន ។ កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងចំណុចចាប់ផ្ដើមនៃកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នទាំងពីរ ហើយនឹងបន្តកិច្ចសហប្រតិបត្តិការលើកិច្ចការពាក់ព័ន្ធផ្សេងទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាបន្ថែមទៀត ។”
លោកបណ្ឌិត Anthony Chin អគ្គនាយកប្រតិបត្តិធនាគារ វឌ្ឍនៈ បានមានប្រសាសន៍ថា “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានក្លាយជាចំណែកមួយនៃគំនិត ផ្តួចផ្តើមនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ។ ធនាគារ វឌ្ឍនៈនឹងបន្តខិតខំប្រឹងប្រែង ចូលរួមជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ ហើយធានាឱ្យបានថា ប្រជាពលរដ្ឋទាំងអស់ រួមទាំង សហគ្រិន និងបុគ្គលស្វ័យនិយោជន៍ អាចទទួលបានសេវាកម្មហិរញ្ញវត្ថុសំខាន់ៗ” ។
ក្នុងន័យនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ។ សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមទាក់ទង ១២៦៤ ឬ ទាក់ទងមកកាន់សេវាបម្រើអតិថិជនរបស់ធនាគារ វឌ្ឍនៈ តាមរយៈលេខទូរសព្ទ ០២៣ ៩៩ ៩៩ ០០ ដែលបម្រើការ ២៤ ម៉ោងជារៀងរាល់ថ្ងៃ ៕ អត្ថបទសហការ
សូមទស្សនាវីដេអូខាងក្រោមនេះសម្រាប់ស្វែងយល់ពីរបៀបចុះឈ្មោះលើ VB App ៖
@vattanacbank កាន់តែងាយស្រួលជាងមុន ដោយឥឡូវនេះ កម្មករនិយោជិតនៃសហគ្រាសធុនមីក្រូ កម្មករនិយោជិតម្ដងម្កាល សហគ្រាសធុនមីក្រូ បុគ្គលស្វ័យនិយោជន៍ អាចចុះឈ្មោះថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដោយខ្លួនឯងបាននៅលើ VB App និងតាមរយៈសាខាធនាគារ វឌ្ឍនៈទាំង ៤១ នៅទូទាំងប្រទេសកម្ពុជា ទស្សនាវីដេអូខាងក្រោមនេះដើម្បីស្វែងយល់ពីរបៀបចុះឈ្មោះថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅលើ VB App ។ 👉សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចអញ្ជើញទៅកាន់ធនាគារ វឌ្ឍនៈទាំង ៤១ សាខាទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន ២៤ ម៉ោងរបស់យើងខ្ញុំតាមរយៈលេខ ០២៣ ៩៩៩ ៩០០។ Employees of micro- enterprises, seasonal employees, and self-employed individual can now self-onboard on the Digital Platform for Informal Economy Development via the VB App or through our 41 branches nationwide. Watch this video for a step-by-step guide to do onboard on the Digital Platform for Informal Economy Development through the VB App. 👉For more information, customers can visit any of our 41 branches nationwide or call our 24/7 Customer Care via 023 999 900. #VattanacBank #VBApp #DigitalPlatformForInformalEconomy
♬ original sound – Vattanac Bank – Vattanac Bank
ចែករំលែកព័តមាននេះ