រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី ២៧ ខែមីនា ឆ្នាំ ២០២៥ ស្អែកនេះ ដោយនាំយកក្រុមហ៊ុនធំៗចំនួន ៩ ដើម្បីផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៨៨៩ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។
ក្រុមហ៊ុនធំៗទាំង ៩ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះមានដូចជា ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក, ត្រាំ ហ្វីតនេស ឯ.ក, ហ្គោលហ្វាយនេនសល់គ្លូប៊លអ៊ិនវេសម៉ិន, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ក្រុមហ៊ុន Goodhill, ក្រុមហ៊ុន ស៊ីថេប សូសល អេនធើប្រាយ ឯ.ក, ក្រុមហ៊ុន ទន្សាយ Tunsai Cleaning, ក្រុមហ៊ុន ចម&លី ខបភើរេសិន (ប្រ៊េដថកកម្ពុជា), ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៉ិនសួរេន ម.ក ។
លោក ហេម ប៊ុណ្ណារិទ្ធិ មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានលើកឡើងថា វេទិកាការងារដែលរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺពិតជាមានគុណប្រយោជន៍យ៉ាងច្រើន សម្រាប់យុវជន បេក្ខជន បេក្ខនារី និងអ្នកកំពុងស្វែងរកការងារ ដោយពួកគាត់អាចមានឱកាសជួបផ្ទាល់ សម្ភាសផ្ទាល់ ជាមួយតំណាងក្រុមហ៊ុនជាច្រើនដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិកក្នុងពេលតែមួយ ។
លោក ហេម ប៊ុណ្ណារិទ្ធិ បន្តថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK នឹងមានឱកាសការងារ និងកម្មសិក្សាការងារជាង ១៥០ កន្លែង ដែលមានទាំងផ្នែកគាំទ្រ និងផ្នែកលក់ផងដែរសម្រាប់វេទិកាការងារស្អែកនេះ ។ លើសពីនេះទៅទៀត ក៏បានអំពាវនាវដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ សូមយកប្រវត្តិរូបសង្ខេប (CV) ដើម្បីដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ AMK និងតំណាងក្រុមហ៊ុនដទៃទៀតបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៉ីអេ ខ្មែរ) ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ