ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​ប្រើ​ប័ណ្ណ ប​.​ស​.​ស​. ថែទាំ​សុខភាព​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង លើក​ឡើង​ថា មាន​ប័ណ្ណ ប​.​ស​.​ស​. គឺ​ដូច​ជា​មាន​ប័ណ្ណធានា​រ៉ាប់រង​សុខភាព ពីរាជរដ្ឋាភិបាល

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ បងប្អូន​ប្រជាពលរដ្ឋ​បាន​បង្ហាញ​ពី​ទំនុកចិត្ត​និង​ភាព​កក់ក្តៅ ក្នុង​ការ​ទទួល​សេវា​ថែទាំ​សុខភាព​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ដោយ​ប្រើ​ប័ណ្ណ បេឡា​ជាតិ​សន្តិសុខ​សង្គម ឬ​ហៅ​ថា ប​.​ស​.​ស​. ដោយសារ​ក្រុម​គ្រូពេទ្យ​មិន​មានការ​រើសអើង ហើយ​យកចិត្តទុកដាក់​ក្នុង​ការ​ពិនិត្យ…

រាជធានីភ្នំពេញ​ ៖ បងប្អូន​ប្រជាពលរដ្ឋ​បាន​បង្ហាញ​ពី​ទំនុកចិត្ត​និង​ភាព​កក់ក្តៅ ក្នុង​ការ​ទទួល​សេវា​ថែទាំ​សុខភាព​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ដោយ​ប្រើ​ប័ណ្ណ បេឡា​ជាតិ​សន្តិសុខ​សង្គម ឬ​ហៅ​ថា ប​.​ស​.​ស​. ដោយសារ​ក្រុម​គ្រូពេទ្យ​មិន​មានការ​រើសអើង ហើយ​យកចិត្តទុកដាក់​ក្នុង​ការ​ពិនិត្យ ព្យាបាល​ចំពោះ​អ្នកជំងឺ​ប្រកបដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​។

លោកស្រី សយ សុភា​ស់ សមាជិក ប​.​ស​.​ស​. បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​លោកស្រី និង​ក្រុម​គ្រួសារ បាន​មក​ទទួល​សេវា​ថែទាំ​និង​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ពិតជា​សប្បាយចិត្ត​និង​ពេញ​ចិត្តជា​ខ្លាំង ដោយសារ​ក្រុម​គ្រូពេទ្យ​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ព្យាបាល ដោយ​មិន​មានការ​រើសអើង ឬ​បែងចែក​ចំពោះ​អ្នកជំងឺ​ប្រភេទ​អ្វី​នោះ​ទេ​។ លោកស្រី​បន្ត​ថា ពេល​ដែល​បាន​ប្រើប្រាស់​ប័ណ្ណ ប​.​ស​.​ស​. គឺ​បាន​ជួយ​សម្រាល​លើ​បន្ទុក​ចំណាយ​បាន​ច្រើន​ណាស់​នៅ​ពេល​គាត់​ឈឺ​ត្រូវ​ទៅ​ពេទ្យ ដែល​នេះ​ពិតជា​បាន​លើកកម្ពស់​ជីវភាព​ពលរដ្ឋ កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​យ៉ាងច្រើន ។

ជាមួយ​គ្នា​នេះ លោកស្រី ជា ណៃ​អេ​ន ជា​សមាជិក ប​.​ស​.​ស​. ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា លោកស្រី​មក​ពិនិត្យ​និង​ព្យាបាល​សុខភាព នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​នេះ ប្រសិនបើ​មិន​មាន​ប្រើប្រាស់​ប័ណ្ណ ប​.​ស​.​ស​. នោះ​ទេ ម្លោះ​លោកស្រី​ប្រហែលជា ត្រូវ​ចំណាយ​ច្រើន​លើ​ថ្លៃ​សេវា​ព្យាបាល​។ លោកស្រី បាន​បង្ហាញ​ការ​ពេញចិត្ត​ចំពោះ​ការ​ទៅ​ទទួល​សេវា និង​បាន​លើក​ឡើង​ពី​ការ​ពិត​ថា ប័ណ្ណ ប​.​ស​.​ស​. ពិតជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​សម្រាប់​ពលរដ្ឋ​គ្រប់​រូប ជាក់ស្ដែង​គឺ​សម្រាប់​ក្រុម​គ្រួសារ​របស់​លោកស្រី​ផ្ទាល់​តែ​ម្ដង ។

ជាមួយ​គ្នា​នេះ ពួក​គាត់​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ ដូច​ជា​ក្រសួង​ការងារ និង ក្រសួងសុខាភិបាល ដែល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ថ្នាក់​ជាតិ​ដ៏​ល្អ​មួយ​នេះ ជួយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាត់​បន្ថយ​ចំណាយ ដែល​ជា​គន្លឹះ​ក្នុង​ការ​ពង្រឹង​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួក​គាត់​ផង​ដែរ​។ បន្ថែម​ពី​នេះ​បាន​ផ្ដល់​ការ​យកចិត្តទុកដាក់ ពិសេស​គឺ​ការ​ផ្តល់​ការ​ធានា​រ៉ាប់រង​សុខភាព​ជូន​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ផ្តល់​ប័ណ្ណ ប​.​ស​.​ស​. ។ ពួក​គាត់​ក៏​បញ្ជាក់​បន្ថែម​ថា មាន​ប័ណ្ណ ប​.​ស​.​ស​. គឺ​ដូច​ជា​មាន​ប័ណ្ណធានា​រ៉ាប់រង​សុខភាព ពី​រាជរដ្ឋាភិបាល​ផង​ដែរ ។

លោក ម៉េ​ង សុភ​ក្ដី ប្រធាន​ក្រុម​ភ្នាក់ងារ​មន្ទីរពេទ្យ​ថ្នាក់​ជាតិ នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង បាន​លើក​ឡើង​ថា សម្រាប់​ការ​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល ក៏​ដូច​ជា​ការ​ថែទាំ​សុខុមាលភាព​ផ្សេង​ៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​សមាជិក ប​.​ស​.​ស​. ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​កំណើន ដោយ​ចំនួន​សមាជិក​គឺ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ ហើយ​ស្រប​ជាមួយ​គ្នា​នេះ​ដែរ ក្រុមការងារ ប​.​ស​.​ស​. តែងតែ​យកចិត្តទុកដាក់ និង​ជួយ​សម្របសម្រួល​ដល់​សមាជិក ប​.​ស​.​ស​. ។ លោក​បាន​បន្ត​ថា គ្រប់​ពលរដ្ឋ​ដែល​មក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ទី​នេះ គឺ​នឹង​ទទួល​បានការ​ផ្តល់​សេវា​ដូច​ៗ​គ្នា ដោយ​មិន​មានការ​បែងចែក ឬ​រើសអើង មិន​ថា​អ្នក​បង់ប្រាក់ ឬ​អ្នក​ដែល​ប្រើប្រាស់​ប័ណ្ណ ប​.​ស​.​ស​. គឺ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ មើលថែ​យ៉ាង​យកចិត្តទុកដាក់​ខ្លាំង​បំផុត​។

សូម​បញ្ជាក់​ឱ្យ​ដឹង​ថា បើ​យោង​តាម​របាយការណ៍​របស់ ប​.​ស​.​ស​. គ្រាន់តែ​ដើមឆ្នាំ​២០២៥ គិត​ចាប់​ថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥ មាន​សមាជិក ប​.​ស​.​ស​. ចូល​ទៅ​ប្រើប្រាស់​សេវា​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ដៃគូ ប​.​ស​.​ស​. សរុប​ប្រមាណ​ជា ៩០៨ ៦០៨ ដង​-​នាក់ ក្នុង​នោះ​សមាជិក ប​.​ស​.​ស​. តាម​របប​ភាគទាន​ជា​កាតព្វកិច្ច​មាន​សរុប​ប្រមាណ ៧០៦ ៨០៦ ដង​-​នាក់​៕ អត្ថបទសហការ