រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ប៉ាណាសូនិក មានកិត្តិយសសូមប្រកាសបើកសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ ប៉ាណាសូនិក នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលជាស្ថាប័នឈានមុខគេផ្នែកវិស្វកម្ម និងបច្ចេកវិទ្យានៅកម្ពុជា ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) រវាងភាគីទាំងពីរ ដើម្បីបញ្ជាក់បន្ថែម ពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា និងជំនាញបច្ចេកទេសរបស់យុវជនកម្ពុជារបស់ភាគីទាំងពីរ ។ ភាពជាដៃគូនេះ មិនត្រឹមតែជាគំរូដ៏ល្អសម្រាប់សាជីវកម្មផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧទាហរណ៍មួយដ៏ល្អ ដែលបង្ហាញពីការសហការរវាងវិស័យសាធារណៈ និងឯកជនប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញការអប់រំ បច្ចេកវិទ្យា និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា ។
មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ថ្មីនេះនឹងផ្តល់ការបណ្តុះបណ្តាលតាមរយៈការអនុវត្តន៍ផ្ទាល់ជាក់ស្តែង ព្រមទាំងការអភិវឌ្ឍន៍ជំនាញ ដើម្បីធានាថា សិស្សានុសិស្សអាចទទួលបានបទពិសោធន៍អប់រំដ៏ទូលំទូលាយស្របតាមស្តង់ដារ ។ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុន ប៉ាណាសូនិក នឹងផ្ដល់នូវម៉ាស៊ីនត្រជាក់ចុងក្រោយបង្អស់ ការបណ្តុះបណ្តាលអាហារូបករណ៍ កម្មសិក្សា និងធនធានសំខាន់ៗផ្សេងទៀត ដល់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ។
ពិធីសម្ពោធនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ៖ «តាមរយៈការផ្តល់នូវសម្ភារបរិក្ខារទំនើបៗ និងការបណ្តុះបណ្តាលតាមស្តង់ដារនេះ យើងបណ្ដុះបណ្ដាលសិស្សនិស្សិតនូវជំនាញចាំបាច់ និងសំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចជាតិនិងវិស័យឧស្សាហកម្ម» ។ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះការគាំទ្រជាបន្តបន្ទាប់របស់ ក្រុមហ៊ុន ប៉ាណាសូនិក តាមរយៈ ការបរិច្ចាគឧបករណ៍ ម៉ាស៊ីនត្រជាក់ កម្មវិធីបណ្តុះបណ្តាល និងជំនួយផ្នែកអប់រំជាបន្តបន្ទាប់ដល់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ។
ជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម Atsushi Ueno បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនេះ ។ ឯកឧត្តមមានប្រសាសន៍ថា ៖ «ខ្ញុំសង្ឃឹមថា និស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មដែលត្រូវបានគាំទ្ររួមគ្នាដោយវិស័យសាធារណៈ និងឯកជនរបស់ប្រទេសជប៉ុន នឹងដើរតួយ៉ាងសកម្មនៅក្នុងក្រុមហ៊ុនជប៉ុនជាច្រើននាពេលអនាគត ។ ការរួមចំណែករបស់ពួកគេពិតជាមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសជប៉ុន និងកម្ពុជា ។ នៅពេលដែលនិស្សិតបញ្ចប់ការសិក្សាទាំងនេះចាប់ផ្តើមអាជីពជោគជ័យ ពួកគេក៏នឹងជួយជំរុញកិច្ចសហការកាន់តែស៊ីជម្រៅ ព្រមទាំងបន្តការអភិវឌ្ឍន៍ និងភាពរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ» ។ ឯកឧត្តមបានបន្ថែមថា «កិច្ចសហការនេះនឹងលើកកម្ពស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ឱ្យក្លាយទៅជាវិទ្យាស្ថានឈានមុខគេសម្រាប់ការសិក្សាផ្នែក វិស្វកម្មមេកានិកក្នុងប្រទេសកម្ពុជា និងបំពាក់បំប៉នយុវជនកម្ពុជានូវជំនាញចាំបាច់ដើម្បីទទួលបានជោគជ័យក្នុងទីផ្សារការងារពិភពលោក» ។
លោក Hisakazu Maeda អគ្គនាយកនៃសាខាក្រុមហ៊ុន ប៉ាណាសូនិក អេស៊ា ប៉ាស៊ីហ្វិក បានឱ្យដឹងដែរថា ៖ «ភាពជាដៃគូនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងបេសកកម្មរួមគ្នារបស់យើង ដើម្បីរៀបចំយុវជនកម្ពុជាសម្រាប់អនាគត ។ នៅពេលដែលបច្ចេកវិទ្យាជឿនលឿនក្នុងល្បឿនដ៏លឿន ប្រព័ន្ធអប់រំត្រូវតែវិវឌ្ឍន៍ជាចាំបាច់ ដើម្បីធានាថានិស្សិតទទួលបានជំនាញជាក់ស្តែងបន្ថែមលើចំណេះដឹងទ្រឹស្តី ។ គំនិតផ្តួចផ្តើមនេះមិនមែនគ្រាន់តែជាការបើកដំណើរការមជ្ឃមណ្ឌលបណ្តុះបណ្តាលតែប៉ុណ្ណោះទេ វាគឺជាការវិនិយោគយុទ្ធសាស្ត្រក្នុងកម្លាំងពលកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា» ។
ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានឱ្យដឹងដែរថា ភាពជាដៃគូយូរអង្វែង និងប្រកបដោយផ្លែផ្ការវាងក្រុមហ៊ុន ប៉ាណាសូនិក និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) តំណាងឱ្យភាពជាដៃគូឧស្សាហកម្ម-សិក្សាដ៏រឹងមាំ និងបង្ហាញពីមិត្តភាពជិតស្និទ្ធរវាងប្រទេសកម្ពុជានិងជប៉ុន ។ ការគាំទ្រជាបន្តបន្ទាប់របស់ ក្រុមហ៊ុន តាមរយៈកម្មវិធីបណ្តុះបណ្តាលកម្រិតខ្ពស់ អាហារូបករណ៍ កម្មសិក្សា និងសិក្ខាសាលា គឺជាចលករយ៉ាងសំខាន់ក្នុងការរៀបចំអនាគតរបស់និស្សិត នេះជាការរួមចំណែកយ៉ាងសកម្មដល់វឌ្ឍនភាពឧស្សាហកម្មរបស់កម្ពុជា ។
ចាប់តាំងពីឆ្នាំ 2019 មក ក្រុមហ៊ុន ប៉ាណាសូនិក បានផ្តល់អាហារូបករណ៍ដល់និស្សិត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ជាច្រើននាក់ ។ អាហារូបករណ៍នេះអនុញ្ញាតឱ្យពួកគេអាចបន្តការសិក្សាដោយមិនមានឧបសគ្គផ្នែកហិរញ្ញវត្ថុ ។ លើសពីនេះទៀត ក្រុមហ៊ុន ប៉ាណាសូនិក បានសម្របសម្រួលកម្មវិធីកម្មសិក្សាសម្រាប់និស្សិតឆ្នាំចុងក្រោយនៅក្នុងផ្នែកវិស្វកម្មមេកានិក ដោយផ្តល់ឱ្យពួកគេនូវបទពិសោធន៍ជាក់ស្តែង និងឱកាសដើម្បីបង្កើនជំនាញបច្ចេកទេសរបស់ពួកគេ ។ និស្សិតបញ្ចប់ការសិក្សាដែលមានទេពកោសល្យជាច្រើនត្រូវបានផ្តល់ការងារជាមួយក្រុមហ៊ុន ប៉ាណាសូនិក ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខផ្សេងទៀតតាម រយៈគំនិតផ្តួចផ្តើមទាំងនេះ ។
តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ក្រុមហ៊ុន ប៉ាណាសូនិក បានពង្រីកការគាំទ្ររបស់ខ្លួនបន្ថែមទៀត ក្នុងរូបភាពដូចជាការរៀបចំសិក្ខាសាលាបច្ចេកទេសដោយផ្តោតលើភាពជឿនលឿន និងបច្ចេកវិទ្យាចុងក្រោយបង្អស់នៃម៉ាស៊ីនត្រជាក់ ។ សិក្ខាសាលាបច្ចេកទេសនេះបានផ្តល់ឱ្យនិស្សិត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នូវការយល់ដឹងអំពីនិន្នាការទីផ្សារ និងការច្នៃប្រឌិតក្នុងវិស័យនេះ ។ ការរួមចំណែកទាំងនេះមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការផ្តល់សេវាសិក្សារបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងធានាថាវិស្វករកម្ពុជាត្រូវបានបំពាក់ដោយជំនាញដែលត្រូវការដើម្បីជំរុញវឌ្ឍនភាពផ្នែកឧស្សាហកម្ម និងសេដ្ឋកិច្ច ។
កិច្ចសហការរវាងក្រុមហ៊ុន ប៉ាណាសូនិក និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នេះជាគំរូដ៏ល្អសម្រាប់ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលអាចជំរុញការអប់រំ បច្ចេកវិទ្យា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ ប៉ាណាសូនិកដែលទើបបង្កើតថ្មីនេះនឹងផ្តល់ឱ្យនិស្សិត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នូវបទពិសោធន៍ប្រើប្រាស់បច្ចេកវិទ្យាស្តង់ដារ បង្កើនជំនាញបច្ចេកទេសរបស់ពួកគេបន្ថែមទៀត ព្រមទាំងរៀបចំពួកគេសម្រាប់ការប្រកួតប្រជែងនៅលើទីផ្សារការងារពិភពលោក ។
ក្នុងនាមជាអ្នកគាំទ្ររយៈពេលវែង នៃវិស័យអប់រំរបស់ប្រទេសកម្ពុជា ជាពិសេសផ្នែកវិស្វកម្មមេកានិក និងបណ្តុះបណ្តាលបច្ចេកទេស ក្រុមហ៊ុនប៉ាណាសូនិក បានផ្តល់អាហារូបករណ៍ដល់និស្សិត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) តាំងពីឆ្នាំ 2019 មកម្ល៉េះ ដែលអនុញ្ញាតឱ្យពួកគេបន្តការសិក្សាថ្នាក់ឧត្តមសិក្សាដោយមិនគិតថ្លៃ ។
អំពី ប៉ាណាសូនិក
ក្រុមហ៊ុន ប៉ាណាសូនិកត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1918 ដោយ Kōnosuke Matsushita ក្នុងនាមជា Matsushita Electric Housewares Manufacturing Works នៅទីក្រុងអូសាកា ប្រទេសជប៉ុន សព្វថ្ងៃជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា ប្រកបដោយភាពច្នៃប្រឌិត ដែលមានផ្តល់ជូនផលិតផលអេឡិចត្រូនិក លំនៅដ្ឋាន រថយន្ត ឧស្សាហកម្ម ទំនាក់ទំនង និងថាមពលទូទាំងពិភពលោក ។ ក្រុមហ៊ុន ប៉ាណាសូនិកបានពង្រីកមកកាន់ប្រទេសកម្ពុជាតាមរយៈការបង្កើតការិយាល័យសាខាក្រុមហ៊ុន ប៉ាណាសូនិកនៅឆ្នាំ 2010។ ប្រតិបត្តិការនៅក្រោម ក្រុមហ៊ុន ប៉ាណាសូនិក ប្រទេសសិង្ហបុរី ការិយាល័យនៅកម្ពុជាគ្រប់គ្រងទីផ្សារ សេវាកម្មក្រោយការលក់ និងសេវាកម្មជួសជុលសម្រាប់អតិថិជនរបស់ខ្លួន ។
លើសពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្រុមហ៊ុន ប៉ាណាសូនិក ប្តេជ្ញាបង្កើតផលប៉ះពាល់ជាវិជ្ជមានយូរអង្វែងលើសហគមន៍មូលដ្ឋាន និងសង្គម។ ការប្តេជ្ញាចិត្តយូរអង្វែងក្នុងការលើកកម្ពស់ការរស់នៅត្រូវបានឆ្លុះបញ្ចាំងនៅក្នុងពាក្យស្លោកថ្មីរបស់ខ្លួន “Live Your Best” ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ ក្រុមហ៊ុន ប៉ាណាសូនិក ក្នុងការគាំទ្រអតិថិជនអោយសម្រេចបាននូវអ្វីដែលល្អបំផុតសម្រាប់ពួកគេក្នុងពិភពលោកដែលមានការផ្លាស់ប្តូរឥតឈប់ឈរ ហើយក៏បន្តការរួមចំណែកដល់វឌ្ឍនភាព និងការអភិវឌ្ឍន៍សង្គម ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ