រាជធានីភ្នំពេញ ៖ កុមារជាច្រើនមានអារម្មណ៍មិនច្បាស់លាស់ ភ័យខ្លាច ឬស្ទាក់ស្ទើរ នៅពេលប្រឈមមុខនឹងស្ថានភាពថ្មី ។ មិនថាជាការសាកល្បងកីឡាថ្មី ឬការរៀនឧបករណ៍តន្ត្រីទេ ការមិនស្គាល់អាចជារឿងគួរឱ្យភ្ញាក់ផ្អើល និងភ័យខ្លាចសម្រាប់ពួកគេ ។ ចំពោះកុមារមួយចំនួន ការភ័យខ្លាចនៃស្ថានភាពថ្មីអាចនាំឱ្យមានការរារាំងអាកប្បកិរិយា ។ នេះសំដៅទៅលើ ការមានចិត្តចង់គេចវេស ចង់ចៀសវាងធ្វើអ្វីដែលមិនធ្លាប់ធ្វើ មិនធ្លាប់ស្គាល់ វត្ថុ ឬមនុស្ស ។ ឪពុកម្តាយអាចធ្វើរឿងមួយចំនួន ដើម្បីលើកទឹកចិត្តកូនរបស់អ្នកឱ្យសាកល្បងការប្រឈម អ្វីដែលពិបាក អ្វីដែលថ្មីសម្រាប់ពួកគេ ។ អ្នកអាចណែនាំកូនបន្តិចម្តងៗនូវព្រឹត្តិការណ៍ថ្មីៗ លើកទឹកចិត្តពួកគេមិនឱ្យសូវភ័យខ្លាច និងបង្កើតឱកាសសម្រាប់ឯករាជ្យភាពបន្ថែម ។
១. ធ្វើជាគំរូលើការបរាជ័យ ៖ ឪពុកម្តាយគួរបង្ហាញគំរូបរាជ័យ ហើយផ្តល់អនុញ្ញាតិឱ្យកូនបរាជ័យ ដើម្បីឱ្យពួកគេដឹងថា ពេលចាប់ផ្តើមអ្វីដែលថ្មី ភាពល្អឥតខ្ចោះមិនត្រូវបានគេរំពឹងទុកទេ ។ ប្រសិនបើអ្នកសាកល្បងលេងប៊ូលីងជាក្រុមគ្រួសារ ហើយអ្នកគប់មិនត្រូវប៊ូលីងទេ អ្នកអាចនិយាយលេងសើចនឹងវាថា ប៉ាទើបតែកម្តៅសាច់ដុំទេតើ ! ហើយសើចឱ្យខ្លាំង ។ ការចេះទប់ទល់នឹងការធ្លាក់ចុះ ឬការបរាជ័យ គឺជាជំនាញដ៏អស្ចារ្យមួយដើម្បីបង្រៀនកូនរបស់អ្នក ។ អ្នកក៏អាចចែករំលែករឿងរ៉ាវនៃការបរាជ័យពីអតីតកាលរបស់អ្នក និងប្រាប់កូនរបស់អ្នកពីរបៀបដែលអ្នកយកឈ្នះបញ្ហានោះវិញ ។
២. លើកទឹកចិត្តឱ្យមានការខិតខំប្រឹងប្រែង ៖ ការលើកទឹកចិត្ត គឺសំខាន់ណាស់ ។ ពេលកូនធ្វើថ្មី មិនថាលទ្ធផលបែបណា អ្នកត្រូវបន្តលើកទឹកចិត្តកូនរបស់អ្នក ។ យ៉ាងហោចណាស់ឱ្យពួកគេដឹងថា ពួកគេកំពុងព្យាយាម និងរីករាយនឹងសកម្មភាពនោះ ។
៣. ដកសម្ពាធចេញឱ្យឆ្ងាយ ៖ នៅពេលឪពុកម្តាយផ្តោតតែលើគោលដៅចុងក្រោយ ឬលទ្ធ
ផល កុមារអាចមានអារម្មណ៍ភ័យខ្លាច និងមានសម្ពាធ ។ ម្យ៉ាងវិញទៀត ចូរបំបែកគោលដៅរបស់អ្នកឱ្យតូចៗ ហើយសរសើរជំហានតូចៗរបស់ពួកគេក្នុងទិសដៅត្រឹមត្រូវ ។ ប្រសិនបើកូនរបស់អ្នកភ្លាមៗមានអារម្មណ៍ព្រួយបារម្ភអំពីការទៅរៀនហែលទឹក សូមផ្ទេរជំនាញដូចគ្នានោះទៅកន្លែងផ្សេង ។ អ្នកអាចទៅអាងទឹកកូនក្មេង រាក់ៗ ហើយឱ្យពួកគេរីករាយនឹងវាសិន ។ ព្យាយាមនៅជាមួយកូន លេងជាមួយកូន ហើយយកចិត្តទុកដាក់បន្ថែម ដើម្បីកាត់បន្ថយការថប់បារម្ភរបស់កូន ។
៤. ធ្វើជាម្ចាស់នៃបរិស្ថានថ្មី ៖ នៅពេលដែលកូនរបស់អ្នកព្រួយបារម្ភអំពីការចូលរួមក្នុងសកម្មភាពថ្មីនៅក្នុងបរិយាកាសដែលមិនស្គាល់ អ្នកអាចកាត់បន្ថយការថប់បារម្ភរបស់ពួកគេដោយបង្កើនការចង់ដឹងចង់ឃើញរបស់ពួកគេ ។ ព្យាយាមទៅកន្លែងនោះពីរបីដង មុនពេលកូនរបស់អ្នកចាប់ផ្តើមសកម្មភាពថ្មី ។ មើលជុំវិញ ប្រើបន្ទប់ទឹក សាកល្បងគ្រឿងបរិក្ខារ ហើយសើចលេងនៅទីនោះ ។
៥. ជំរុញផ្នត់គំនិតរីកចម្រើន ៖ ផ្នត់គំនិតរីកចម្រើន គឺជាពាក្យដែលបង្កើតឡើងដោយអ្នកចិត្តសាស្ត្រជនជាតិអាមេរិក Carol Dweck ។ វាសំដៅទៅលើជំនឿដែលថា អ្នកអាចអភិវឌ្ឍសមត្ថភាពរបស់អ្នកតាមរយៈការលះបង់ និងការខិតខំប្រឹងប្រែង ជាជាងការកើតមកជាមួយនឹងចំនួនថេរនៃបញ្ញាដែលអ្នកមិនអាចគ្រប់គ្រងបាន ។
៦. ស្វែងរកជំនួយជំនាញ ៖ ប្រសិនបើកូនអ្នកមិនទៅមុខ ហើយប៉ះពាល់ដល់ភាពរីករាយរបស់ពួកគេ វាអាចដល់ពេលដែលត្រូវស្វែងរកជំនួយពីអ្នកជំនាញហើយ ៕ ប្រភព ៖ childpsychologist
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀន វ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនមានកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ កម្មវិធីអប់រំ និងថែទាំកុមារតូច មតេ្តយ្យ ភាសាអង់គ្លេសសម្រាប់កុមារ ភាសាអង់គ្លេសសម្រាប់សិស្សធំ និងកម្មវិធីភាសាចិន ។ សាលារៀនផ្តល់ជូនអាហារូបករណ៍ពិសេស ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតា សេវាកម្មគាំទ្រ និងកម្មវិធីសិក្សាបន្ថែមសម្បូរ បែបសម្របតាមបំណិនសតវត្សរ៍ទី ២១ ។ សាលារៀនចាប់ទទួលចុះឈ្មោះសិស្សចូលរៀនរាល់ថ្ងៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ