
ក្រសួងការងារ និងអូស្ត្រាលី ជំរុញកិច្ចសហប្រតិបត្តិការរយៈពេលវែង ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈរវាងអូស្ត្រាលី និងកម្ពុជា
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះ ឯកឧត្តម ហេង…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះ ឯកឧត្តម ហេង…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលីដឹកនាំដោយលោកស្រី ខារ៉ូលីន ប៊េកស្ទ័រ (Carolyn Bagster) លេខាទី ១ និងជាប្រធានការិយាល័យពាណិជ្ជកម្ម និងវិនិយោគនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ។
តាមរយៈជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងពីកម្លាំងពលកម្មជំនាញដែលទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាត្រូវការ ដូចជាក្នុងវិស័យសេវាកម្ម វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ជាដើម ។ ទន្ទឹមនេះ ឯកឧត្តម រដ្ឋមន្ត្រី មើលឃើញថា នេះជាឱកាសដ៏ល្អក្នុងការបង្កើតភាពជាដៃគូ និងការជំរុញកិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល នៃប្រទេសអូស្ត្រាលី និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស (TVET) របស់ប្រទេសកម្ពុជា ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកនូវការអនុវត្តជាគន្លឹះក្នុងការអភិវឌ្ឍជំនាញ និងការបណ្តុះបណ្តាលកម្លាំងពលកម្មនៅកម្ពុជា ស្របតាមទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាស្តង់ដាអប់រំបណ្តុះបណ្តាលរបស់ប្រទេសអូស្ត្រាលីនឹងចូលរួមចំណែកយ៉ាងសំខាន់តាមរយៈកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស (TVET) របស់ប្រទេសកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកទេស និងជំនាញនានាប្រកបដោយគុណភាព ។
ជាការឆ្លើយតប លោកស្រី ខារ៉ូលីន ប៊េកស្ទ័រ (Carolyn Bagster) រួមនិងគណៈប្រតិភូដែលជាតំណាងនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលនានាក្នុងប្រទេសអូស្ត្រាលី បានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសង្ឃឹមថាតាមរយៈការជួយសម្របសម្រួលពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលនៃប្រទេសអូស្ត្រាលី ជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស (TVET) របស់កម្ពុជាឱ្យកាន់តែប្រសើរថែមទៀត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ