ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ការងារ បញ្ជាក់​ការ​គាំទ្រ​ដល់​កិច្ចការ​គាំពារ និង​ការ​អភិវឌ្ឍ​ជំនាញ​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​កម្ពុជា ជាមួយ​អង្គការ IOM និង​ SDC

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក រ៉េ​តូ…

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក រ៉េ​តូ ហ្គ្រូ​នី​ន​ហ្គឺ (Reto Grüninger) នាយក​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិការ​ (SDC) និង​លោកស្រី នេ​លី ហ្គូ​សាយ​នី (Nellie Ghusayni) ប្រធាន​បេសកកម្ម​នៃ​អង្គការ ទេសន្តរប្រវេសន៍​អន្តរជាតិ ​(IOM) ប្រចាំ​កម្ពុជា ​។

តាម​រយៈ​ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​រសៀលថ្ងៃ​ទី ​១៣ ខែមីនា ឆ្នាំ ​២០២៥​ នេះ ឯកឧត្តម ហេង សួរ បាន​កោតសរសើរ​ចំពោះ​អង្គការ IOM ប្រចាំ​កម្ពុជា និង​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ​និង​កិច្ច​សហប្រតិបត្តិការ​(SDC) ដែល​តែង​សហការ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​កិច្ចការ​គាំពារ និង​ការ​អភិវឌ្ឍ​ជំនាញ​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​កម្ពុជា ជា​ពិសេស​តាម​រយៈ​កម្មវិធី PROMISE ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា អង្គការ IOM ប្រចាំ​កម្ពុជា និង​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ​និង​កិច្ច​សហប្រតិបត្តិការ​(SDC) បាន​រួមចំណែក​ដ៏​មាន​តម្លៃ​ក្នុង​ការ​លើកកម្ពស់​អភិបាលកិច្ច ការ​អភិវឌ្ឍ​ជំនាញ និង​ការ​គាំពារ​ដល់​ពលករ​ទេសន្តរប្រវេសន៍​កម្ពុជា​ ។ ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​នូវ​ការ​គាំទ្រ និង​សហការ​យ៉ាង​ពេញទំហឹង​ជាមួយ​គម្រោង​កម្មវិធី​របស់​អង្គការ IOM ប្រចាំ​កម្ពុជា និង​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ​និង​កិច្ច​សហប្រតិបត្តិការ ​(SDC) ​។

ជា​ការ​ឆ្លើយ​តប លោក រ៉េ​តូ ហ្គ្រូ​នី​ន​ហ្គឺ (Reto Grüninger) និង​លោកស្រី នេ​លី ហ្គូ​សាយ​នី (Nellie Ghusayni) បាន​បង្ហាញ​នូវ​វឌ្ឍនភាព​ការងារ និង​លទ្ធផល​ជា​វិជ្ជមាន ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អជា​មួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។ ទន្ទឹម​នេះ ក្នុង​ភាព​ជា​ដៃគូ​ការងារ​រួម​គ្នា អង្គការ IOM ប្រចាំ​កម្ពុជា និង​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ​និង​កិច្ច​សហប្រតិបត្តិការ​(SDC) បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ទាំង​កិច្ចការ​យុទ្ធសាស្ត្រ និង​បច្ចេកទេស​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព និង​ការ​សម្រេច​គោលដៅ​ក្នុង​កិច្ចការ​គាំពារ និង​ការ​អភិវឌ្ឍ​ជំនាញ​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​កម្ពុជា​ ៕ អត្ថបទសហការ