រាជធានីភ្នំពេញ ៖ អ្នកស្រាវជ្រាវនយោបាយ និងអ្នកទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា កម្ពុជានឹងខាតបង់ជាក់ជាមិនខាន បើសិនជាកម្ពុជាធ្វើការប្តឹងទៅតុលាការអន្តរជាតិ ឬក៏ពឹងផ្អែកលើយន្តការដំណោះស្រាយអន្តរជាតិលើបញ្ហាកោះគុត ។ ទន្ទឹមនឹងនេះអ្នកនយោបាយខ្មែរដែលមានមូលដ្ឋាននៅបរទេស ឬអតីតមេដឹកនាំគណបក្សប្រឆាំងគួរឈប់យកពលករធ្វើជាឈ្នាន់នយោបាយ កៀរគរធ្វើបាតុកម្មលើដីបរទេសដោយខុសច្បាប់ ដើម្បីបំពេញរបៀបវារៈនយោបាយរបស់ពួកគេទៀតទៅ ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងធ្ងន់ៗថា រឿងព្រំដែនរវាងកម្ពុជាថៃ មិនអាចពឹងផ្អែកលើយន្តការអន្តរជាតិតាមរយៈការប្តឹងទៅតុលាការអន្តរជាតិបាននោះទេ ។ បើមិនដូច្នេះ កម្ពុជានឹងបាត់បង់ប្រយោជន៍ ពីព្រោះបញ្ហាកោះគុតមិនទាន់មានការដាច់ស្រេចរវាងកម្ពុជា និងភាគីថៃនៅឡើយទេ ។
ផ្ទុយមកវិញ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ហើយថា ភាគីកម្ពុជា និងថៃកំពុងចរចារលើបញ្ហាបូរណភាពទឹកដីនេះ ដូច្នេះមានតែយន្តការចរចារបែបនេះទេទើបមិនធ្វើឱ្យកម្ពុជាខាតបង់ និងជាការស្វែងរកដំណោះស្រាយដ៏ល្អបំផុត។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះថាបញ្ហាកោះគុតមិនអាចយកបញ្ហា CLV-DTA មកប្រៀបធៀបបានទេ ទាំងនេះជាបញ្ហាធំណាស់ដែលបំផុសបំផុលដោយក្រុមប្រឆាំងនៅក្រៅប្រទេសដែលមានជំនាញក្នុងការកៀរគរពលករធ្វើបាតុកម្មខុសច្បាប់នៅក្រៅប្រទេស ដើម្បីបំពេញផលប្រយោជន៍នយោបាយរបស់ពួកគេ ។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្តថា ក្រុមប្រឆាំងនៅក្រៅប្រទេសមិនបានធ្វើសកម្មភាពណាមួយផ្តល់ផលប្រយោជន៍លើការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃនោះទេ គឺពួកគេធ្វើដើម្បីតែរបៀបវារៈនយោបាយរបស់ពួកគេតែប៉ុណ្ណោះ ពីព្រោះពួកគេដឹងច្បាស់ណាស់ថាបញ្ហាកោះគុតមិនអាចដក ឬប្តឹងតាមដែលពួកគេលើកឡើងបានទេ ។ ដោយឡែកបាតុកម្មរបស់ក្រុមប្រឆាំងរឿងកោះគុតនៅក្រៅប្រទេស មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ពលករដែលកំពុងធ្វើការនៅក្រៅប្រទេស តែម្តង ។
ចំណែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការចេះឈឺឆ្អាលរឿងទឹកដី សេដ្ឋកិច្ច ឬបញ្ហាជាតិណាមួយរបស់បងប្អូនពលករខ្មែរនៅក្រៅប្រទេសជារឿងល្អហើយ ក៏ប៉ុន្តែអ្វីដែលចាំបាច់នោះគឺត្រូវមានការពិចារណាឱ្យបានច្បាស់លាស់ត្រឹមត្រូវ ជៀសវាងចូលផុងខ្លួននៃរបៀបវារៈនយោបាយរបស់ក្រុមបក្សប្រឆាំង ដែលធ្វើឱ្យបាត់បង់ប្រយោជន៍ជាតិ និងខ្លួនឯងដែលកំពុងធ្វើការនៅលើទឹកដីបរទេស ។
អ្នកទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវរូបនេះសង្កត់ធ្ងន់ថា គណបក្សប្រឆាំងដឹងហើយថា ដំណោះស្រាយមួយណាចំណេញដល់ជាតិ មួយណាមិនចំណេញ ក៏ប៉ុន្តែដើម្បីរបៀបវារៈនយោបាយ ពួកគេហ៊ានធ្វើគ្រប់បែបយ៉ាង បើទោះបីអ្វីដែលពួកគេធ្វើនោះមិនមានផលចំណេញដល់ការដោះស្រាយបញ្ហាជាតិក៏ដោយ។ ជាក់ស្តែង ការកៀរគរឱ្យចូលរួមធ្វើបាតុកម្មរបស់ក្រុមប្រឆាំងរឿងកោះគុតនៅក្រៅប្រទេស មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ការងាររបស់ពលករនៅក្រៅប្រទេស ផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ