រាជធានីភ្នំពេញ ៖ សាលា AUPP Liger Leadership Academy ដែលជាសាលាអន្តរជាតិផ្តោតលើសហគ្រិនភាព និងភាពជាអ្នកដឹកនាំ ហើយក៏ជាសាលាដែលបានប្តូរពី សាលាអាហារូបករណ៍ទាំងស្រុង ទៅជាសាលាដែលទទួលសិស្សបង់ប្រាក់វិញ ។ ការប្តូរបែបនេះ គឺនៅពេលដែលពីមុនសាលាស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការ Liger ហើយត្រូវបានវិនិយោគដោយក្រុមហ៊ុន AUPP បានប្តូរឈ្មោះទៅជា AUPP Liger Leadership Academy វិញ ។ ការផ្លាស់ប្តូរនេះ គឺក្នុងគោលបំណងធ្វើឱ្យប្រតិបត្តិការបានល្អប្រសើរ និងការអប់រំមានប្រសិទ្ធភាពជាងមុន ។
គួររំលឹកផងដែរថា សាលា Liger Leadership Academy គឺជាអង្គការសប្បុរសធម៌មួយ ដែលបានបើកទទួលសិស្សរៀនដល់ថ្នាក់វិទ្យាល័យដោយឥតគិតថ្លៃ អស់រយៈពេល ១២ឆ្នាំមកហើយ ។ នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ដោយសាលាអស់មូលនិធិ ដើម្បីជួយសិស្សរៀនដោយឥតគិតថ្លៃ ដូចនេះសាលាបានប្រកាសបិទ ។
នៅក្នុងជំនួបរវាង ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងស្ថាបនិកអង្គការសប្បុរសធម៌ឡៃហ្គ័រ និងសាលាភាពជាអ្នកដឹកនាំឡៃហ្គ័រ និងនាយកប្រចាំប្រទេស នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកឧបនាយករដ្ឋមន្ត្រី បានចាត់ទុកសកម្មភាពរបស់អង្គការសប្បុរសធម៌ឡៃហ្គ័រ រយៈពេល ១២ឆ្នាំមកនេះ ថាបានឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ។
ឯកឧត្តម បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ថ្លែងបន្តថា ៖ «ការខិតខំប្រឹងប្រែងរបស់អង្គការសប្បុរសធម៌ឡៃហ្គ័រ ពិតជាបានជះផលវិជ្ជមានដល់សង្គមជាតិកម្ពុជា និងនៅជាប់នៅក្នុងចិត្តប្រជាជនកម្ពុជាជារៀងរហូត» ។
នាព្រឹកថ្ងៃដដែលនេះផងដែរ ក្រសួងអប់រំ យុវជន និងកីឡា បានបំពាក់គ្រឿងឥស្សរិយយស ចំនួន ៣ គ្រឿង ៖ គឺ មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោក Trevor Gile និងលោកស្រី Agnieszka Tynkiewicz-Gile ជាស្ថាបនិក អង្គការសប្បុរសធម៌ឡៃហ្គ័រ (The Liger Charitable Foundation) និងសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ (Liger Leadership Academy) និងមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ជូនលោក Dominic Sharpe ជានាយកប្រចាំប្រទេស អង្គការសប្បុរសធម៌ឡៃហ្គ័រ (The Liger Charitable Foundation) និងសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ(Liger Leadership Academy) ។
លោក Trevor Gile ស្ថាបនិក Liger Leadership Academy (បច្ចុប្បន្នអតីត) និងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។
តាមរយៈលោក Trevor Gile ស្ថាបនិក Liger Leadership Academy (បច្ចុប្បន្នអតីត) បានឱ្យដឹងថា៖ «គោលបំណងចមុ្បងក្នុងការវិនិយោគរបស់យើង និងជាការបន្ត គឺការវិនិយោគទៅលើធនធានមនុស្សរយៈពេលវែង ក្នុងការអភិវឌ្ឍទេពកោសល្យ និងជំនាញដែលទាំងអស់នេះជួយជំរុញប្រទេសកម្ពុជាឆ្ពោះទៅរកអនាគតវិជ្ជមាន» ។
លោក Trevor Gile បន្តថា ថ្ងៃនេះវាពិតជា ជាពេលវេលាដ៏រំភើបដ៏អស្ចារ្យ ដ៏មានកិត្តិយសបំផុតដែលទទួលបានព្រះរាជប្រទានឥស្សរិយយសជាមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ (Grand Cross of Monisaraphon) ប៉ុន្តែយើងបានទទួលកិត្តិយសមួយនេះជាការតំណាងឱ្យប្រជាជនខ្មែរទាំងអស់ដែលបានរួមដំណើជាមួយគ្នា ហើយបង្ហាញឱ្យឃើញថា នេះជាការទទួលស្គាល់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដោយជំនឿ និងចក្ខុវិស័យរបស់ពួកគេ ។
លោកស្រី Agnieszka Tynkiewiez – Gile និង លោក Trevor Gile ស្ថាបនិក (អតីត) Liger Leadership Academy ។
មានសំណួរដែលលើកទ្បើងថា ហេតុអ្វីបានជាក្រុមហ៊ុន AUPP វិនិយោគក្នុងកម្មវិធីសិក្សា Liger មួយនេះ ខណៈ ដែលក្រុមហ៊ុនកំពុងវិនិយោគលើសាលារៀនចំនួន ២ និងសាកលវិទ្យាល័យ ១ រួចទៅហើយនោះ ? ចម្លើយ គឺគោលបំណងនៃការវិនិយោគនេះ ជាការបន្តវិនិយោគលើធនធានមនុស្សរយៈពេលវែងក្នុងការអភិវឌ្ឍទេពកោសល្យ និងជំនាញ ដែលអ្វីទាំងអស់នេះជួយជំរុញប្រទេសកម្ពុជាឆ្ពោះទៅរកអនាគតវិជ្ជមាន ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោកស្រី Lin Kaknika អនុប្រធានសាកលវិទ្យាល័យ AUPP បានឱ្យដឹងថា ៖ «នៅឆ្នាំ 2024 AUPP បានសម្រេចចិត្តវិនិយោគទៅលើសាលារៀន Liger និងកម្មវិធីសិក្សារបស់សាលា ដោយសារតែការផ្តោតសំខាន់ទៅលើការសិក្សាផ្អែកលើគម្រោង (project-based learning) និងជំនាញច្បាស់លាស់ (skills-based learning) ។ កម្មវិធីសិក្សាសាលារៀន Liger ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីទ្បានៅកម្ពុជាថា មានលក្ខណៈសមស្របដូចទៅនឹងការប្រឡងថ្នាក់ជាតិរបស់កម្ពុជា ដែលនិងមានការទទួលស្គាល់ ជាអន្តរជាតិសម្រាប់គុណភាពអប់រំខ្ពស់។ សិស្សរបស់ Liger ក៏ត្រូវបានទទួលយកទៅសាកលវិទ្យាល័យកំពូលៗ និង ឈានមុខគេ (Ivy Leagues) នៅសហរដ្ឋអាមេរិក ក៏ដូចជានៅជុំវិញពិភពលោកផងដែរ ។ AUPP Liger Leadership Academy នឹងធ្វើជាគំរូសម្រាប់ការអប់រំនៅកម្ពុជា ដោយផ្តោតលើការរៀនសូត្រតាមគម្រោង(project-based learning) ។ AUPP Liger Leadership Academy ក៏ជាសាលាអនុវិទ្យាល័យ ដែលមានជម្រើសស្នាក់នៅសាលា ដើម្បីបំពេញតម្រូវការរបស់មាតាបិតា» ។
សូមបញ្ជាក់ថា អង្គការសប្បុរសធម៌ឡៃហ្គ័រ និងសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ បានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំ តាមរយៈការជួយសាងសង់សាលារៀន អគារអន្តេវាសិកដ្ឋាន និងផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ចំនួន ១០៣ នាក់ ក្នុងរយៈពេល ១២ឆ្នាំមកនេះ ឱ្យទទួលបានឱកាសសិក្សានៅសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ។ ដោយឡែក សិស្សរបស់ឡៃហ្គឺ ចំនួន ៦០នាក់ បានទទួលអាហារូបករណ៍បន្តការសិក្សានៅតាមសាកលវិទ្យាល័យអន្តរជាតិ ចំនួន ១០ ប្រទេសផ្សេងៗគ្នាផងដែរ ។
សាកលវិទ្យាល័យ AUPP បង្កើតទ្បើងនៅឆ្នាំ ២០១៣ ហើយក៏ជាសាកលវិទ្យាល័យដំបូងគេនៅកម្ពុជាដែលផ្តល់ជូននូវកម្មវិធីសិក្សា ដែលមានការទទួលស្គាល់ ជាអន្តរជាតិលើគុណភាពអប់រំខ្ពស់ ស្របតាមស្តង់ដាឧត្តមសិក្សារបស់សហរដ្ឋអាមេរិក ខណដែល AUPP ផ្តល់ជូននូវកម្មវិធីសញ្ញាប័ត្រពីរដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក ។
AUPP Liger Leadership Academy (AUPP LLA) នឹងផ្តល់ជូននូវកម្មវិធីសិក្សា STEEAM តែមួយគត់ដែលរួមបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យា សហគ្រិនភាព វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ។ AUPP LLA នឹងជួយតម្រង់ទិសសិស្សានុសិស្សសម្រាប់អនាគតរបស់ពួកគាត់ ដោយបំពាក់នូវជំនាញសិក្សានិងបំណិនជីវិតសំខាន់ៗ រួមទាំងបញ្ញាស្មារតី និងសុខុមាលភាពរាងកាយ ប្រកបដោយក្រមសីលធម៌ និងមានគំនិតបែបសហគ្រិនភាព ។
មាតាបិតាសិស្ស ដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញចូលរួម ចុះឈ្មោះតាមរយៈ ៖ https://aupp.mfs.gg/LigerOpenday ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូរស័ព្ទ ៖ 011 422 288 ឫ គេហទំព័រហ្វេសប៊ុក https://www.facebook.com/ligerleadershipacademy ៕ អត្ថបទសហការ
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ