រាជធានីភ្នំពេញ ៖ កម្មករនិយោជិតសប្បាយចិត្តបន្ទាប់ពីបានបើកប្រាក់ឈ្នួលអប្បបរមាសម្រាប់ ឆ្នាំ២០២៥ ចំនួន ២០៨ ដុល្លារ ក្នុងនោះបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត បងប្អូនកម្មករនិយោជិតទទួលបានប្រាក់បៀវត្សប្រមាណជាង ៣០០ ដុល្លារក្នុងមួយខែ ។ ការលើកឡើងបែបនេះបន្ទាប់ពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៥ ត្រូវបានចូលជាធរមានចាប់ពីខែមករា ឆ្នាំ ២០២៥ តទៅ ។
លោកស្រី ផាន បូរ៉ាន់ ជាកម្មការិនីនៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ស្ថិតនៅស្រុកអង្គស្នួល រាជធានីភ្នំពេញ បានលើកឡើងថា កម្មករនិយោជិតនៃរោងចក្ររបស់លោកស្រីបានទទួលប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារសម្រាប់ខែមករារួចហើយ ។ ទន្ទឹមនឹងនេះ លោកស្រីបានទទួលប្រាក់បៀវត្សប្រមាណជាង ៣០០ ដុល្លារក្នុងមួយខែ បូករួមទាំងប្រាក់អត្ថប្រយោជន៍ដ៏ទៃទៀតដែលទទួលបានពីរោងចក្រផ្ទាល់ ។
កម្មការិនីរូបនេះបន្ថែមថា ប្រាក់ចំណូលប្រមាណជាង ៣០០ ដុល្លារក្នុងមួយខែនេះ លោកស្រីអាចយកទៅផ្គត់ផ្គង់គ្រួសារបានសមល្មម ដោយឡែកមួយចំណែកទៀតលោកស្រីទុកសម្រាប់ផ្គង់ផ្គង់ការចំណាយប្រចាំខែ និងអាចសន្សំទុកបានមួយចំនួនសម្រាប់តម្រូវការនាពេលអនាគតផងដែរ ។ កម្មការិនីរូបនេះថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលតែងតែងយកចិត្តទុកដាក់ និងដឹងសុខទុក្ខកម្មករនិយោជិតជានិច្ច ជាពិសេសត្បិតប្រាក់ឈ្នួលមិនឡើងខ្ពស់ពេក ក៏ប៉ុន្តែវាត្រូវបានដំឡើងជារៀងរាល់ឆ្នាំ ។
ដោយឡែក កញ្ញា យី ភួន ជាកម្មការិនីនៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ម្នាក់ទៀតបានគូសបញ្ជាក់ថា កញ្ញាក៏ទទួលបានប្រាក់បៀវត្សប្រមាណជាង ៣០០ ដុល្លារដូចគ្នា បូកបញ្ជូលទាំងប្រាក់ឈ្នួលអប្បបរមា ២០៨ ដុល្លារ ក្នុងមួយខែ និងប្រាក់អត្ថប្រយោជន៍ដ៏ទៃទៀតផងដែរ ។ ប្រាក់ឈ្នួលជាង ៣០០ ដុល្លារ កញ្ញាអាចផ្គត់ផ្គង់គ្រួសារបានសមរម្យ និងអាចសន្សំ ផ្ញើទៅស្រុកកំណើតបានមួយចំណែកដែរ ។
កម្មការិនីរូបនេះបានបន្ថែមថា ប្រាក់ចំណូលជាង ៣០០ ដុល្លារក្នុងមួយខែ អាចជួយផ្គត់ផ្គង់គ្រួសារ និងអាចសន្សំបានមួយចំណែក ខណៈដែលមិនបារម្ភចំពោះការចំណាយលើការពិនិត្យ និងព្យាបាលសុខភាពនោះទេ ពីព្រោះកម្មករនិយោជិតមានប័ណ្ណ ប.ស.ស. ដែលអាចទទួលសេវាព្យាបាលជំងឺ និងថែទាំសុខភាពដោយឥតថ្លៃ ។ តាមរយៈការប្រើប្រាស់ប័ណ្ណ ប.ស.ស. ដោយឥតគិតថ្លៃនេះហើយ ទើបធ្វើឱ្យកម្មករនិយោជិតអាចចំណេញថវិកាពីការថែទាំសុខភាពបានមួយផ្នែកធំ ។ កម្មការិនីរូបនេះថ្លែងអំណរគុណទៅដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត និងជួយលើកកម្ពស់លក្ខខណ្ឌការងារកាន់តែល្អប្រសើរ ក៏ដូចជាជំរុញឱ្យមានសុខដុមនីយកម្ម នៅក្នុងរោងចក្រ សហគ្រាសផងដែរ ។
គួរបញ្ជាក់ផងដែរថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរកម្ពុជា សម្រាប់ឆ្នាំ ២០២៥ ត្រូវបានតំឡើងដល់ ២០៨ ដុល្លារ ដែលក្នុងនោះ តួលេខ ២០៦ ដុល្លារ កើតចេញពីការចរចាត្រីភាគី និង ២ ដុល្លារ ត្រូវបានផ្តល់គោលការណ៍បន្ថែមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ។ ប្រាក់ឈ្នួលរបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរកម្ពុជានេះ បានកើនឡើងចំនួន ៤ ដុល្លារ បន្ថែមទៀត បើធៀបនឹងឆ្នាំ ២០២៤ ដែលមានចំនួន ២០៤ ដុល្លារ ក្នុងមួយខែ ៕ អត្ថបទសហការ
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ