![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/255e990093458091c2833e8e930522a5.jpg)
កិច្ចប្រជុំស្តីពី លទ្ធភាពពង្រីកប្រភពឥណទានសម្រាប់ពង្រីក សហគមន៍កសិកម្មទំនើប ដើម្បីជំរុញការអភិវឌ្ឍជនបទ
រាជធានីភ្នំពេញ ៖ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម ឃឹម…
រាជធានីភ្នំពេញ ៖ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម ឃឹម…
រាជធានីភ្នំពេញ ៖ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “ឥណទានកសិកម្ម” នាថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ ។ កិច្ចប្រជុំនេះមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធនានាសរុបប្រមាណ ៤០ រូប ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យនិងពិភាក្សាអំពី លទ្ធភាពពង្រីកប្រភពឥណទានសម្រាប់ “សហគមន៍កសិកម្មទំនើប” ដើម្បីជំរុញដល់ការអភិវឌ្ឍជនបទ និងវិស័យកសិកម្មដាំដុះសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញនៅកម្ពុជា ។
ឯកឧត្តម ឃឹម ហ្វីណង់ បានជម្រាបជូនថា សហគមន៍កសិកម្មទំនើបដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញផលិតកម្មកសិកម្ម សម្រាប់ការផ្គត់ផ្គង់តម្រូវការក្នុងស្រុកនិងការនាំចេញ ។ ក្នុងទិសដៅនេះ ដើម្បីគាំទ្រដល់សហគមន៍កសិកម្មទំនើប ឯកឧត្តមបានស្នើសុំកិច្ចសហការពីធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ដោយពិនិត្យលទ្ធភាពផ្តល់ឥណទាន ដែលមានលក្ខខណ្ឌអំណោយផល និងផ្តល់ការអនុគ្រោះបន្ថែម ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ នឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ ។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានបង្ហាញស្មារតីចូលរួមគាំទ្រ និងជ្រោមជ្រែងគំនិតផ្តួចផ្តើមបង្កើតនិងអភិវឌ្ឍសហគមន៍កសិកម្មទំនើបនេះ តាមរយៈការជំរុញលើការរៀបចំកម្មវិធី គោលនយោបាយផ្សេងៗដែលអាចផ្តល់ការអនុគ្រោះបន្ថែមនិងលក្ខខណ្ឌពិសេស លើឥណទានកសិកម្ម ។
បន្ទាប់ពីកិច្ចប្រជុំខាងលើ ឯកឧត្តម យឹម លាត ក៏បានដឹកនាំកិច្ចប្រជុំពិភាក្សាដាច់ដោយឡែកមួយទៀត ទាក់ទងនឹងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលមានការចូលរួមពីមន្ត្រីជំនាញធនាគារជាតិនៃកម្ពុជា និងតំណាងក៏ដូចជាសមាជិកសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ ផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ