រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវេសឡាញ អេឌ្យូខេសិន គ្រុប (WEG) និងស្ថាប័ន RBS Intellect មកពីប្រទេស New Zealand បានចុះកិច្ចអនុស្សារណៈយោគយល់គ្នាក្នុងភាពជាដៃគូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអប់រំ តាមរយៈបង្កើនភាពជាដៃគូរវាងសាលានឹងគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិ ការផ្លាស់ប្តូរការសិក្សាអន្តរជាតិ និងការផ្តល់សេវាប្រឹក្សា និងរៀបចំសម្រាប់ការសិក្សា និងធ្វើការនៅប្រទេស New Zealand ដល់សិស្សានុសិស្ស ។
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានមានប្រសាសន៍ថា “តាមរយៈសេវាកម្មប្រឹក្សា និងរៀបចំទៅសិក្សានៅអន្តរជាតិរបស់វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ(EDI) វេសឡាញ បានសម្រួលផ្តល់នូវការធ្វើតេស្តសមត្ថភាព និងភាសាអង់គ្លេសដូច TOEFL Test Pearson Test ជាដើម ដល់សិស្សានុសិស្សជាច្រើន ដើម្បីបន្តការសិក្សានៅក្រៅប្រទសជាង១០ឆ្នាំមកហើយ ហើយការចុះអនុស្សារណៈយោគយល់គ្នា នៅថ្ងៃនេះ មិនត្រឹមតែផ្តល់ឱកាសដល់សិស្សានុសិស្សយើង អាចបន្តការសិក្សាបន្តនៅក្រៅប្រទេសប៉ុណ្ណោះទេ តែនឹងផ្តល់ឱ្យយើងអាចសិក្សាជាមួយគ្រឹះស្ថានឧត្តមសិក្សា ដៃគូដទៃពីការកំណត់ក្រេឌីតមុខវិជ្ជា ដើម្បសិក្សាបន្តនៅសាកលវិទ្យាល័យ ឬអាចនឹងបង្កើតឱ្យមានវគ្គសិក្សាវិជ្ជាជីវៈមួយចំនួន នៅវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ដោយមានការទទួលស្គាល់ជាអន្តរជាតិ ។
លោកឧកញ៉ាបានបញ្ចាក់ថា ចំពោះប្អូនៗ ដែលមានបំណងចង់ផ្ទេរការសិក្សាថ្នាក់វិទ្យាល័យទៅសិក្សានៅប្រទេស New Zealand ឬនៅក្រៅប្រទេស ប្អូនៗក៏អាចមកប្រឹក្សា(EDI) ដើម្បីទៅសិក្សាជាមួយសាលា ឬសាកលវិទ្យាល័យដៃគូល្បីជាច្រើនទៀតផងដែរ ។
ក្រុមហ៊ុន RBS Intellect គឺជាស្ថាប័នដែលមានទីស្នាក់ការការិយាល័យកណ្តាលនៅទីក្រុង Auckland និងមានប្រតិបត្តិការ អន្តរជាតិចំនួន២០ ប្រទេស ផ្សេងទៀត រួមមាន Singapore, Malaysia, Mozambique, Thailand, China, India, Nepal, Sri Lanka, Turkey, Nigeria, the Philippines, South Africa, Bangladesh, Indonesia, Cambodia, Myanmar, Bhutan, Latin America, the UK, និង the UAE ។
គួររំឮកផងដែរ នាពេលកន្លងមកបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានផ្សារភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នដៃគូ អន្តរជាតិដើម្បីផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ជាច្រើនសម្រាប់សិស្សានុសិស្សរបស់ខ្លួន ។
សូមជម្រាបថា ពិធីចុះអនុស្សរណៈយោគយល់គ្នាបានប្រារព្ធឡើងនៅសាលារៀនអន្តរជាតិ ហ្វររ៉េសហៀល ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឧកញ៉ា ប៉ិច បូឡែនអគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវេសឡាញ អេឌ្យូខេសិន គ្រុប និងលោកស្រី សឿន ម៉ាលីដា អ្នកសម្របសម្រួលអាជីវកម្មនៃក្រុមហ៊ុន RBS Intellect ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន គណនាយក និងសិស្សានុសិស្សនៃសាលារៀនអន្តរជាតិ ហ្វររ៉េសហៀល សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ