រាជធានីភ្នំពេញ ៖ បន្ថែមពីលើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ កាលពីឆ្នាំ ២០២៤ លើការឧបត្ថម្ភជាថវិកា ១.៤ លានដុល្លាររយៈពេល ៥ ឆ្នាំ ក្រុមហ៊ុន ជីប ម៉ុង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្នុងគោលបំណងចូលរួមអភិវឌ្ឍន៍សង្គម ជាពិសេសមូលធនមនុស្សនៅកម្ពុជា ។
ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនធំបង្អស់មួយនៅក្នុងស្រុក ដែលមានកេរ្តិ៍ឈ្មោះ និងគ្រឹះដ៏រឹងមាំជាង ៤០ ឆ្នាំ វិនិយោគគ្របដណ្តប់វិស័យធំៗនៅកម្ពុជា រហូតបង្កើតបានពាណិជ្ជកម្ម ១៣ នៅក្នុងប្រទេសកម្ពុជា ។ កន្លងមក ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមជាសកម្មជាមួយប្រមុខរាជរដ្ឋាភិបាល និងក្នុងការផ្តល់ត្រលប់ទៅសង្គមវិញលើវិស័យជាច្រើនរួមមានវិស័យសុខាភិបាល អប់រំ បរិស្ថាន ទេសចរណ៍ ព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌ជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងកិច្ចការសង្គម ។
វិស័យចម្បងមួយដែល ជីប ម៉ុង ផ្តោតសំខាន់ គឺវិស័យអប់រំ ។ ថ្ងៃនេះក្រុមហ៊ុន ជីប ម៉ុង គ្រុប បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយ អ.ម.ត ស្ដីពី ការរៀបចំបង្កើត និងទទួលកម្មវិធីទសន្សកិច្ចសិក្សា ១ ដង ក្នុងមួយឆ្នាំ និងកម្មសិក្សាសម្រាប់និស្សិតប្រមាណ ១០០ នាក់ក្នុង ១ ឆ្នាំ សម្រាប់ សមាគម អ.ម.ត ដើម្បីអាចឱ្យនិស្សិតទទួលបានឱកាសទៅទសន្សកិច្ចសិក្សាទៅលើវិស័យពាក់ព័ន្ធ នៅក្នុងពាណិជ្ជកម្មទាំងអស់របស់ ក្រុមហ៊ុន ជីប ម៉ុង អំឡុងឆ្នាំ ២០២៥ ដល់ ២០២៦ ។
បន្ថែមពីនេះទៀត ជីប ម៉ុង នឹងផ្តល់កិច្ចសហការរៀបចំជាសិក្ខាសាលាមួយ និងវគ្គបណ្តុះបណ្តាលខ្លីៗ ជាមួយសមាគម អ.ម.ត សម្រាប់ជាអត្ថប្រយោជន៍ដល់និស្សិតដោយអញ្ជើញ វាគ្មិន ឬអ្នកជំនាញ ឬគ្រូឧទ្ទេស ចូលរួមចែក រំលែកចំណេះដឹង និងបទពិសោធលើប្រធានបទដែលពាក់ព័ន្ធ ។
សូមជម្រាបថា ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់នេះ បានចូលរួមក្រោមវត្តមានដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគម អ.ម.ត និង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង កាលពីថ្ងៃអង្គារ ១៤ មករា ២០២៥ ដែលមានទីតាំងនៅរោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ