ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លក្ខខណ្ឌ​ការងារ​សមរម្យ និង​ស្ថេ​រ​ភាពនយោបាយ​នៅ​កម្ពុជា ជា​កត្តា​នៃ​កំណើន​ការ​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ ក្នុង​ឆ្នាំ ​២០២៤

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា និង​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា មើលឃើញ​ថា វឌ្ឍនភាព​ដ៏​ល្អ​នៃ​កា​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង…

រាជធានី​ភ្នំពេញ​ ៖ សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា និង​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា មើលឃើញ​ថា វឌ្ឍនភាព​ដ៏​ល្អ​នៃ​កា​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​របស់​កម្ពុជា​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​គួរ​ឱ្យ​កត់សម្គាល់​នៃ​សេដ្ឋកិច្ច​កម្ពុជា ស្ថេ​រ​ភាព​សង្គម និង​បរិបទ​ស្តង់ដា​ការងារ​សមរម្យ​ ។

ការ​លើក​ឡើង​បែប​នេះ​បន្ទាប់​ពី ទិន្នន័យ​ពាណិជ្ជកម្ម​ចុង​ក្រោយ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) បាន​បង្ហាញ​ថា ការ​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ (GFT) របស់​កម្ពុជា ទទួល​បាន​ចំណូល ១៣,៧៤ ប៊ី​លាន​ដុល្លារ ក្នុង​ឆ្នាំ​ ២០២៤ កើនឡើង ២៣,៧៨ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ និន្នាការ​កើនឡើង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​នៅ​ឆ្នាំ ​២០២៥ ​នេះ ផង​ដែរ ​។

អគ្គលេខាធិការ​រង​នៃ​សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC) លោក កាំ​ង ម៉ូ​នី​កា បាន​លើក​ឡើង​ថា កំណើន​នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា​នៅ​ពេញ​មួយ​ឆ្នាំ​នេះ​ក៏​ព្រោះតែ​មាន​កត្តា​ចូលរួម​ជា​ច្រើន​ទៀត ក្នុង​នោះ​កត្តា​ខាងក្រៅ​មួយ​ចំនួន ដូច​ជា​ភាព​តានតឹង​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​សហរដ្ឋអាមេរិក និង​បញ្ហា​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​បង់​ក្លា​ដែ​ស វា​បាន​ជួយ​ជំរុញ​ឱ្យ​បរទេស​មានការ​បញ្ជា​ទិញ​ពី​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន ខណៈ​ដែល​កម្ពុជា​ជា​ប្រទេស​ដែល​កំពុង​មាន​ស្ថិរភាព​នយោបាយ និង​មានការ​អនុលោម​តាម​កម្រិត​ការងារ​ខ្ពស់​ផង​ដែរ​ ។

លោក​អគ្គលេខាធិការ​រង​នៃ​សមាគម TAFTAC បាន​លើក​ឡើង​បន្ថែម​ទៀត​ថា តាម​រយៈ​លទ្ធផល​ផ្លែផ្កា​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង​និង​ផលិតផល​ធ្វើ​ដំណើរ​នេះ​ដែរ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា វិស័យ​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា និង​មាន​ភាពរឹងមាំ និង​បន្តដំណើរ​ការ​យ៉ាង​ល្អ​ប្រសើរ ដែល​នឹង​បន្ត​ក្លាយជា​កត្តា​លី​ករ​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​កាន់តែ​ល្អ​មួយ​កម្រិត​ទៀត ​។

ស្រ​ដៀង​គ្នា​នេះ​ដែរ លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​មើលឃើញ បញ្ហា​នៅ​ប្រទេស​បង់​ក្លា​ដេ​ស និង​ការ​ងាក​ចេញពី​វិស័យ​កាត់ដេរ​របស់​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់ បាន​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់ ស្បែកជើង​និង​ផលិតផល​ធ្វើ​ដំណើរ​របស់​ប្រទេស​កម្ពុជា​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៅ​ពេញ​មួយ​ឆ្នាំ​ ២០២៤ ​​។

អ្នកជំនាញ​សេដ្ឋកិច្ច​រូប​នេះ​បាន​គូសបញ្ជាក់​បន្ថែម​ថា វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​ប្រទេស​កម្ពុជា​មាន​ភាព​ធន់ ហើយ​បន្ត​ភាពរឹងមាំ​របស់​ខ្លួន ពីព្រោះ​បរិយាកាស​នៃ​ការ​វិនិយោគ និង​បរិបទ​ការងារ​នៅ​ប្រទេស​កម្ពុជា​ល្អ​ប្រសើរ​។ លើស​ពី​នេះ​ទៀត លោក​បាន​ពន្យល់​ថា វិស័យ​មួយ​នេះ​បាន​ចូលរួម​ចំណែក​បង្កើត​ការងារ​រាប់​លាន​នាក់​នៅ​ក្នុងស្រុក ក្នុង​នោះ​ក៏​មាន​អ្នក​ទទួល​បាន​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដោយ​ប្រយោល​ផង​ដែរ ដូច​ជា​កំណើន​នៃ​ការ​ដឹក​ជញ្ជូន និង​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាដើម​ ។

ពាក់ព័ន្ធ​នឹង​ការ​ប្រកួតប្រជែង​នៅ​ក្នុង​តំបន់ លោក​អគ្គលេខាធិការ​រង​នៃ​សមាគម TAFTAC ធ្លាប់​បាន​គូសបញ្ជាក់​ផង​ដែរ​ថា តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ២០៨ ដុល្លារ ក្នុង​ឆ្នាំ​ ២០២៥ ប្រសិនបើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដែល​មាន​កម្រិត​ឧស្សាហកម្ម​ដូច​កម្ពុជា គឺ​ប្រទេស​កម្ពុជា​មាន​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​រៀង​ខ្ពស់​ជាងគេ​បន្តិច​ ។ ទន្ទឹម​នេះ ប្រទេស​កម្ពុជា​នៅ​តែ​អាច​រក្សា​បាន​នូវ​កម្រិត​ប្រកួតប្រជែង​ខ្ពស់​ជាមួយ​បណ្តា​ប្រទេស​ទាំងនោះ​ក្នុង​កម្រិត​ការ​វិនិយោគ​លើ​វិស័យ​ដូច​គ្នា​ផង​ដែរ​ ។

ទន្ទឹម​នេះ តាម​រយៈ​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដាក់​ចេញ​គោលនយោបាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ឆ្នាំ ២០២២-២០២៧ ក៏​ដូច​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​កំណែរ​ទម្រង់ ​លើ​សេវា​សាធារណៈ និង​ការ​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេង​ៗ​ក្នុង​ការ​ធ្វើ​ធុរកិច្ច​នោះ កម្ពុជា​នៅ​តែ​រក្សា​ភាពរឹងមាំ និង​រក្សា​បាន​កំណើន​វិនិយោគ​លើ​វិស័យ​មួយ​នេះ ​៕ អត្ថបទសហការ