រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នារសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ ។
ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអបអរសាទរលោកជំទាវទេសាភិបាល ដែលទើបទទួលបានពានរង្វាន់អតីតនិស្សិតអន្តរជាតិឆ្នើមពីសាកលវិទ្យាល័យ Adelaide នៃប្រទេសអូស្ត្រាលី និងបានលើកសសើរពីកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ជាពិសេសការបង្កើនភាពអង់អាចដល់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ច ។
ឯកឧត្តមក៏បានលើកឡើងពីភាពទំនើបទាន់សម័យនៃសេវាទូទាត់ឌីជីថលនៅកម្ពុជា និងបានជម្រាបជូនពីការចូលរួមរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងកម្មវិធីអភិវឌ្ឍន៍ជាច្រើននៅកម្ពុជារួមមានដូចជា ក្នុងវិស័យអប់រំ សហគ្រិនភាព ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការកសាងសមត្ថភាព ជាដើម ។
ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានលើកឡើងពីទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលីនាពេលកន្លងមក និងបានចែករំលែកទស្សនាទានអំពីវឌ្ឍនភាពសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា រួមទាំងកិច្ចការទាក់ទងនឹងហិរញ្ញវត្ថុបៃតងជាដើម ។
លោកជំទាវក៏បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលីដែលបានផ្តល់អាហារូបករណ៍ដល់មន្ត្រី-បុគ្គលិក ធនាគារជាតិនៃកម្ពុជា សម្រាប់ការសិក្សានៅសាកលវិទ្យាល័យនៅប្រទេសអូស្ត្រាលី និងការចូលរួមគាំទ្រដល់គម្រោងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ។ ជារួម កិច្ចពិភាក្សាបានប្រព្រឹត្តិទៅប្រកបដោយផ្លែផ្កា ហើយភាគីទាំងពីរនឹងបន្តបង្កើនកិច្ចសហការឱ្យកាន់តែប្រសើរថែមទៀត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ