រាជធានីភ្នំពេញ ៖ ក្នុងពិធីប្រគល់រង្វាន់ជ័យលាភីសិស្សនិទ្ទេស A នៃសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានផ្តាំផ្ញើដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A ក៏ដូចជាសិស្សានុសិស្សដែលបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបន្តអនុវត្តមូលដ្ឋានទាំង៥នៃការអភិវឌ្ឍខ្លួន ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត និងអាជីពការងារទៅថ្ងៃអនាគត ។
បើតាមលោកឧកញ៉ា ប៉ិច បូឡែន ទោះជាសិស្សានុសិស្សពូកែយ៉ាងណា តែត្រូវចងចាំមូលដ្ឋានទាំង ៥ នៃការអភិវឌ្ឍខ្លួន ដែលរួមមាន ៖ ១. ចំណង់និងឆន្ទះ (ដាក់គោលដៅឱ្យច្បាស់ និងតាំងចិត្តធ្វើ), ២. ចំណេះ (ការយល់ដឹងទូទៅឱ្យបានទូលាយ ស៊ីជម្រៅ), ៣. ជំនាញ (រៀនឱ្យចេះច្បាស់ មានជំនាញអាជីពឱ្យប្រាកដ), ៤. ចរិត (សុជីវធម៌ សីលធម៌ ការប្រាស្រ័យទាក់ទងក្នុងសង្គម) និង ៥. ចំណងទាក់ទង (បង្កើតមិត្តល្អៗដែលអាចប្រឹក្សាយោបល់ដល់យើង) ។
លោកឧកញ៉ាពន្យល់ថា ការមានចំណង់គោលដៅច្បាស់នឹងធ្វើឱ្យយុវជនមើលឃើញផ្លូវដែលខ្លួនត្រូវដើរ ព្រមជាមួយនេះ យុវជនត្រូវមានចំណេះដឹងច្បាស់ និងជំនាញពិតប្រាកដ ដែលទាំង៣ចំណុចនេះ ជាផ្នែកកំពុងឈានទៅរកភាពជោគជ័យហើយ ។ ជាមួយគ្នានេះ អត្តចរិត គឺជារឿងមួយដែលយុវជនត្រូវគិតគូរ, លោកឧកញ៉ាបន្តថា នៅក្នុងប្រព័ន្ធអប់រំ យើងតែងតែអប់រំយុវជនឱ្យមានចរិតសុភាពរាបសា រម្យទម ចេះគោរពចាស់ទុំ ដូច្នេះនៅក្នុងពិភពការងារ សូមយុវជនយើងព្យាយាមអនុវត្តប្រកបដោយបញ្ញា ។
ដោយឡែកចំណងទាក់ទង គឺកាន់តែសំខាន់ក្នុងពិភពការងារ ក៏ដូចជាអាជីវកម្ម, លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ដោយលើកជាឧទាហរណ៍ថា បុគ្គលខ្លះមានភាពឆ្នើម ពូកែ ប៉ុន្តែពេលធ្វើការ គឺមិនអាចចុះសម្រុងជាមួយអ្នកដទៃ មិនអាចធ្វើការងារជាក្រុមបាន។ លោកឧកញ៉ាមានប្រសាសន៍ថា ចំណងទាក់ទង ឬដែលគេហៅថា បណ្តាញធនធានសង្គម គឺមានន័យណាស់ ព្រោះក្នុងការធ្វើអាជីវកម្ម ក៏ដូចជាក្នុងពិភពការងារ គឺត្រូវការគេគោរពស្រឡាញ់ ដូច្នេះការកសាងបណ្តាញទំនាក់ទំនងល្អ គឺនាំឱ្យឈ្នះ ឈ្នះ ទាំងអស់គ្នា យើងក៏បានផល អ្នកដែលធ្វើការជាមួយក៏បានផល ។
យ៉ាងណាក៏ដោយពាក់ព័ន្ធនឹងការជ្រើសរើសជំនាញសម្រាប់ការសិក្សាដើម្បីអាជីពទៅថ្ងៃអនាគតវិញ លោកឧកញ៉ា ប៉ិច បូឡែន បានណែនាំដល់សិស្សានុសិស្សទាំងអស់ តាមដានមើលទិដ្ឋភាពបរិបទបម្រែបម្រួលសង្គម និងសេដ្ឋកិច្ច ។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ឆ្នាំ២០២៤ កន្លងទៅនេះ សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍មានសិស្សប្រឡងជាប់ចំនួន ៣១៦នាក់ ក្នុងចំណោមសិស្ស ៣៥៤នាក់ ក្នុងនោះមានសិស្សជាប់និទ្ទេស A សរុបចំនួន ៣០នាក់ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ