ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា ​រៀបចំ «ទិវា​សហគ្រិនភាព​កម្ពុជា ២០២៤» និងសន្និបាត​ប្រចាំឆ្នាំ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​យុទ្ធសាស្ត្រ

5 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី ៣០ ខែធ្នូ ឆ្នាំ ​២០២៤ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC)…

រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី ៣០ ខែធ្នូ ឆ្នាំ ​២០២៤ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC) សហការ​ជាមួយ​អង្គការ​បណ្តាញ​សហគ្រិនភាព​សកល​-​កម្ពុជា (GEN Cambodia) និង​ស្ថាប័នរដ្ឋ ឯកជន និង​ដៃគូ​អភិវឌ្ឍ បាន​រៀបចំ «ទិវា​សហគ្រិនភាព​កម្ពុជា ២០២៤» ក្រោម​មូលបទ «​វិនិយោគ​លើ​សហគ្រិន​វ័យក្មេង​ដើម្បី​សេដ្ឋកិច្ច​ប្រកបដោយ​ថាមវន្ត និង​បរិ​យា​បន្ន​» ក្នុង​គោលបំណង​លើកកម្ពស់​សហគ្រិនភាព និង​ផ្សារ​ភ្ជាប់​បណ្ដាញ​សហគ្រិន​កម្ពុជា​ដែល​មាន​សក្ដានុពល ម្ចាស់​អាជីវកម្ម និង​វិនិយោគិន ដែល​ជា​សសរទ្រូង​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ​។

ទិវា​សហគ្រិនភាព​កម្ពុជា ២០២៤ ដ៏​ឱឡារិក​នេះ មានការ​អញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម តឹក​រ៉េ​ត សំរេច រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ឯកឧត្ដម លោក​ជំទាវ ឧកញ៉ា លោក លោកស្រី និង​សិស្ស​និស្សិត​សរុប​ប្រមាណ​ជា​ជាង ១៣០០ នាក់ ​។

ទិវា​នេះ​តែងតែ​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​រៀបចំ​ឡើង​រៀង​រាល់​ចុងឆ្នាំ​ដូច​ៗ​គ្នា ប្រមាណ​ជា​ជាង ២០០ ប្រទេស ហើយ​មាន​អ្នកចូលរួម​សរុប​ប្រហែល ១០ លាន​នាក់​ ។ អស់​រយៈពេល ១១ ឆ្នាំ​កន្លង​មក យើង​តែងតែ​ប្រារព្ធ​ធ្វើទិវា​ស​ប្ដា​ហ៍​សហគ្រិនភាព​សកល (GEW) ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​នៅ​ឆ្នាំ ២០២៤ នេះ យើង​បាន​ផ្លាស់​ប្ដូរ​ពី ទិវា​ស​ប្ដា​ហ៍​សហគ្រិនភាព​សកល (Global Entrepreneurship Week) មក​កាន់ ទិវា​សហគ្រិនភាព​កម្ពុជា (Cambodian Entrepreneurship Day) ដើម្បី​បង្ហាញ​ពី​ការ​រៀបចំ និង​អបអរសាទរ តំណាង​ជាតិ​កម្ពុជា ​។

នៅរសៀលថ្ងៃដដែលនេះផងដែរ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា ក៏បាន​រៀបចំ​សន្និបាត​ប្រចាំឆ្នាំ ២០២៤ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​យុទ្ធសាស្ត្រ និង​បង្ហាញ​ជូន​នូវ​របាយការណ៍​សំខាន់​ៗ​ទៅ​កាន់​ភាគី​ពាក់ព័ន្ធ រួម​មាន​សមាជិក​សមាជិកា និង​ស្ថាប័ន​ដៃគូ​អភិវឌ្ឍន៍​នានា ក្នុង​នោះ​រួម​មាន របាយការណ៍​សកម្មភាព​ក្នុង​ឆ្នាំ ២០២៤ ផែនការ​សកម្មភាព​ក្នុង​ឆ្នាំ​ ២០២៥ របាយការណ៍​ហិរញ្ញវត្ថុ​ឆ្នាំ ២០២៤ ផែនការ​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ ​២០២៥ និង​ការ​ស្ទង់​មតិ​ដើម្បី​សិក្សា​ពី​ទំនុកចិត្ត​លើ​ស្ថានភាព​អាជីវកម្ម និង​ហិរញ្ញវត្ថុ​របស់​ម្ចាស់​អាជីវកម្ម​នៅ​កម្ពុជា​ សម្រាប់​ឆ្នាំ ២០២៥ ក៏​ដូច​ជា​ការ​ស្វែង​យល់​ពី​តម្រូវការ​ក្នុង​អាជីវកម្ម​របស់​សមាជិក​សមាជិកា​ ។

សន្និបាត​ប្រចាំឆ្នាំ ២០២៤ នេះ​ផង​ដែរ ក៏​មានការ​ចែករំលែក​ពី​វាគ្មិន​ជំនាញ​ៗ ទៅ​លើ​ប្រធានបទ​សំខាន់​ៗ​ដូច​ជា ការ​ពង្រីក​អាជីវកម្ម​តាម​រយៈ​ ការ​ទទួល​បាន​ហិរញ្ញប្បទាន​ជា​ទុន និង​ទីផ្សារ​មូលធន ការ​វិនិយោគ​លើ​អាជីវកម្ម​ប្រកបដោយ​ចីរភាព និង​ការ​ត្រៀមខ្លួន​ សម្រាប់​សហគ្រិន​វ័យក្មេង​កម្ពុជា​ ។

ទន្ទឹម​នឹង​នេះ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ ក៏​បាន​ចុះ​អនុស្សរណៈ​ នៃ​ការ​យោគយល់​ជាមួយ CorporateConnections Cambodia ក្នុង​គោលបំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ ក្នុង​ភាព​ជា​ដៃគូ ដើម្បី​ចូលរួម​ក្នុង​គំនិត​ផ្ដួចផ្ដើម ​សកម្មភាព​ផ្សេង​ៗ ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ ដល់​សមាជិក​សមាជិកា​របស់​ស្ថាប័ន​ទាំង​ពីរ ដូច​ជា​ការ​រៀបចំ​កម្មវិធី​ផ្គូផ្គង​អាជីវកម្ម ដំណើរ​ទស្សនកិច្ច​អាជីវកម្ម​ទៅ​ក្រៅប្រទេស និង​វគ្គ​បណ្ដុះបណ្ដាល ព្រមទាំង​សិក្ខាសាលា​នានា​ផង​ដែរ ​៕ អត្ថបទសហការ