ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​ក្រសួងការងារសង្ឃឹមថា និស្សិត​ទទួលអាហារូបករណ៍ចំនួន ​២៦​រូប នឹង​ធ្វើ​ជា​ទូត​សុ​ឆន្ទៈ​របស់​កម្ពុជា​ ប្រកបដោយ​ថាមពល

4 ថ្ងៃ មុន

រាជធានីភ្នំពេញ​៖ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

រាជធានីភ្នំពេញ​៖ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍​របស់​រដ្ឋាភិបាល​អូស្ត្រាលី សម្រាប់​ឆ្នាំ​២០២៥ ចំនួន​២៦​រូប ចូល​ជួប​សំណេះសំណាល មុន​ពេល​ចេញដំណើរ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ។

តាម​រយៈ​ការ​ជួប​សំណេះសំណាល នា​រសៀល​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ បាន​សម្តែង​ការ​អបអរសាទរ​ដល់​និស្សិត​ជ័យ​លា​ភី​ទាំងអស់ ដែល​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​អូស្ត្រាលី សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦ ​។ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជឿជាក់​ថា​ការ​សិក្សា​របស់​និស្សិត​ជ័យ​លា​ភី​នឹង​ទទួល​បាន​ជោគជ័យ មាន​សមត្ថភាព​កាន់តែ​ខ្ពស់ ដែល​ល្អ​បំផុត​ សម្រាប់​ខ្លួនឯង​ផ្ទាល់ ក្រុម​គ្រួសារ អាណាព្យាបាល និង​អ្នកជា​ទីស្រលាញ់ ចំពោះ​សាមី​ស្ថាប័ន ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​ដែល​ផ្ដល់​អាហារូបករណ៍​ឱ្យ​ ។

លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ ក៏​បាន​ផ្តាំផ្ញើ​ដល់​និស្សិត​ជ័យ​លា​ភី​ទាំងអស់​ ត្រូវធ្វើ​ជា​ទូត​សុ​ឆន្ទៈ​របស់​កម្ពុជា ដោយ​ត្រូវ​បង្ហាញ​ពី​ភាព​ស្មោះត្រង់ ភាព​ឧស្សាហ៍​ព្យាយាម និង​វប្បធម៌​ដ៏​ល្អ​របស់​ជនជាតិ​ខ្មែរ ដើម្បី​បង្ហាញ​ពី​ភាព​វិជ្ជមាន វឌ្ឍនភាព​សង្គម ឱកាស​វិនិយោគ និង​ភាព​ផូរផង់​នៃ​វប្បធម៌​ប្រពៃណី​របស់​ជាតិ ទៅ​ដល់​បរទេស​ដែល​ជា​កាតព្វកិច្ច​របស់​កូន​ខ្មែរ​គ្រប់​រូប​ ។

ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សង្ឃឹមថា​និស្សិត ជ័យ​លា​ភី​ទាំងអស់​គ្នា​ នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ដំណើរ​សិក្សា​នេះ ដើម្បី​បង្កើន​ពុទ្ធិ ក្រេប​យកចំណេះ​ដឹង និង​បទ​ពិសោធ​បន្ថែម ​ពី​ប្រទេស​អូស្ត្រាលី និង​ព្រមទាំង​ពាំនាំ​យក​នូវ​ចំណេះដឹង ចំណេះធ្វើ និង​បទ​ពិសោធ​វិល​ត្រលប់​មក​បម្រើ​ការងារ​នៅ​មាតុប្រទេស​វិញ ក្នុង​នាម​ជា​មូលធន​មនុស្ស​កម្ពុជា ប្រកបដោយ​ថាមពល និង​ថាមវន្ត​ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា ៕ អត្ថបទសហការ