ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

និស្សិត TVET ៖  សន្តិភាព​ជា​ឱកាស​សម្រាប់យុវជន​ក្នុង​ការ​ទទួល​បានការ​អប់រំ​ពេញលេញ និងចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ និស្សិត​ដែល​កំពុង​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស បាន​លើក​ឡើង​ថា កត្តា​សន្តិភាព​បាន​ផ្តល់​ឱកាស​ដល់​យុវជន​ទទួល​បានការ​អប់រំ​ពេញលេញ និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​។ ការ​លើក​ឡើង​របស់​និស្សិត​បែប​នេះ…

រាជធានីភ្នំពេញ​ ៖ និស្សិត​ដែល​កំពុង​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស បាន​លើក​ឡើង​ថា កត្តា​សន្តិភាព​បាន​ផ្តល់​ឱកាស​ដល់​យុវជន​ទទួល​បានការ​អប់រំ​ពេញលេញ និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​។ ការ​លើក​ឡើង​របស់​និស្សិត​បែប​នេះ គឺ​អំឡុង​ពេល​ដែល​ប្រជាជាតិ​កម្ពុជា​ទាំងមូល​បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​អបអរសាទរ «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ខួប​លើក​ទី​២៦ (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) សម្រាប់​ការ​អនុវត្ត​ប្រកបដោយ​ភាព​ជោគជ័យ​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​ដាក់​ចេញ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា នាំ​មក​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ពេញ​ផ្ទៃ​ប្រទេស​ ។

យុវតី លី ម៉េ​ង​ទាង ជា​និស្សិត​កំពុង​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស បាន​គូសបញ្ជាក់​ពីសារ​សំខាន់​នៃ​សន្តិភាព​នៅ​កម្ពុជា​ថា ជា​ពេលវេលា​មួយ​ដ៏​មាន​តម្លៃ​សម្រាប់​យុវជន យុវនារី គ្រប់​រូប​ក្នុង​ការ​ទទួល​បានការ​អប់រំ​បាន​ពេញលេញ​, ទទួល​បានការ​អប់រំ​មួយ​ដ៏​មាន​ប្រសិទ្ធភាព និង​កក់ក្តៅ គ្មាន​ភាព​ភ័យ​ព្រួយ ដែល​ជា​ឱកាស​សម្រាប់​យុវជន​ក្នុង​ការ​ពង្រឹងសមត្ថភាព ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។ មាន​សន្តិភាព​មានការ​អប់រំ គ្មាន​សន្តិភាព​គ្មាន​ការ​អប់រំ​។ ប្រសិនបើ​សង្គម​ជាតិ​មួយ​គ្មាន​ការ​អប់រំ សង្គម​នោះ​នឹង​គ្មាន​ការ​អភិវឌ្ឍ​ ។

យុវតី​រូប​នេះ​ក៏​មិន​ភ្លេច​គូសបញ្ជាក់​ពី​អត្ថប្រយោជន៍​នៃ​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​១,៥ លាន​នាក់ ដែល​ជា​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​អនុញ្ញាត​ឱ្យ​យុវជន​សិក្សា​ជំនាញ​ដោយ​ឥត​គិតថ្លៃ ក្នុង​នោះ​ប្រសិនបើ​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​យុវជន​នឹង​សិក្សា​ដោយ​ឥត​គិតថ្លៃ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ២៨០០០០​រៀល ក្នុង​មួយ​ខែ​ផង​ដែរ​។ យុវតី​រូប​នេះ​មើលឃើញ​ថា​សមិទ្ធផល​ទាំងនេះ​សុទ្ធសឹងតែ​កើតឡើង​ពី​កត្តា​សន្តិភាព​នៅ​ក្នុង​ប្រទេស ដែល​អាច​ឱ្យ​រាជរដ្ឋាភិបាល​មានឱកាស​ពេញលេញ​ក្នុង​ការ​គិតគូរ​ពី​អនាគត​យុវជន ឈាន​ដល់​សង្គម​ជាតិ​ទាំងមូល តាម​រយៈ​ការ​ពង្រឹង​ធនធានមនុស្ស​ ។

ដោយឡែក​យុវតី ទ្រី ម៉ី​ម៉ី ដែល​ជា​យុវជន​កំពុង​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​មួយ​រូប​ទៀត​មើលឃើញ​ថា សន្តិភាព​គឺជា​ឆ្អឹងខ្នង​នៃ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ សន្តិភាព​ដែល​បាន​រកម​កដោយ​លំបាក​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ស្ពាន​ចម្លង​អនាគត​របស់​យុវជន ដែល​ធ្វើ​ឱ្យ​យុវជន​អាច​មាន​សេរីភាព និង​អនាគត​ភ្លឺស្វាង តាម​រយៈ​ស្ថេ​រ​ភាព​សង្គម គ្មាន​សង្គ្រាម និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ ​។

ឆ្លៀត​ក្នុង​ឱកាស​ដែល​យុវតី​ជា​និស្សិត​សិក្សា​ជំនាញ​បច្ចេកទេស​ផង​នោះ ខ្លួន​អំពាវនាវ​ដល់​យុវជន​ទាំងអស់​មក​ចាប់អារម្មណ៍​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជា​ឱកាស​សិក្សា​ជំនាញ​ដោយ​ឥត​គិតថ្លៃ និង​មាន​ប្រាក់​ឧបត្ថម្ភ​ប្រសិនបើ​យុវជន​មក​ពី​គ្រួសារ​ក្រី​ក្រី និង​គ្រួសារ​ងាយ​រង​ហានិភ័យ​។ ការ​សិក្សា​ជំនាញ​គឺជា​ស្ពាន​ចម្លង​អនាគត​របស់​យុវជន រៀន​ចប់​មាន​ជំនាញ​មួយ​ច្បាស់លាស់ ទទួល​បានការ​ងារ និង​ប្រាក់​ចំណូល​រម​រម្យ​ ។

លោកគ្រូ ជឹ​ម ច​ន្ថ​ន ដែល​ជា​សាស្ត្រាចារ្យ​នៃ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​រាជធានី​ភ្នំពេញ​មើលឃើញ​ថា ការ​អប់រំ​របស់​យុវជន ការ​កសាង​សង្គម​ជាតិ ការ​អភិវឌ្ឍ​ធនធានមនុស្ស រួម​ទាំង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ទាំងមូល គឺ​ពឹងផ្អែក​ទៅ​លើ​សន្តិភាព សន្តិភាព​ជា​ពន្លឺ​សម្រាប់​យុវជន ​។

លោកគ្រូ​បាន​គូសបញ្ជាក់​ថា យុវជន​នៃ​សម័យ​សន្តិភាព មានឱកាស​ពេញលេញ​ក្នុង​ការ​ទទួល​បានការ​អប់រំ ដែល​ទាំងនេះ​សុទ្ធសឹងតែ​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​មក​ពី​ការ​លះបង់​សាច់​ស្រស់ ឈាម​ស្រស់​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​បណ្តា​ថ្នាក់ដឹកនាំ​កំពូល​ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ទៃ​ទៀត​ផង​ដែរ​។ ប្រសិនបើ​គ្មាន​សន្តិភាព នោះ​ក៏​គ្មាន​ការ​អប់រំ​ដែរ បើ​គ្មាន​សន្តិភាព ក៏​គ្មាន​ឪ​កាស​សម្រាប់​អភិវឌ្ឍន៍​មូលធន​មនុស្ស​ផង​ដែរ ​។

គួរ​បញ្ជាក់​ថា «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទូ​ទាំង​ប្រទេស ក្នុង​នោះ​ដើម្បី​អបអរ​ទិវា​ដ៏​មាន​តម្លៃ​នេះ​ផង​ដែរ ក៏​មានការ​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ដែល​ប្រព្រឹត្ត​ទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី​ ។

ជា​ការ​កត់សំគាល់ មាន​មហាជន បងប្អូន​កម្មករនិយោជិត យុវជន សិស្ស​នៃ​វិទ្យាស្ថាន​បច្ចេកទេស TVET យ៉ាងច្រើន​កុះករ​បាន​ចូលរួម​ទស្សនា​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព​នា​ពេល​នេះ គឺ​ដើម្បី​អបអរសាទរ «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ខួប​លើក​ទី​២៦ (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) សម្រាប់​ការ​អនុវត្ត​ប្រកបដោយ​ភាព​ជោគជ័យ​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​ដាក់​ចេញ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា នាំ​មក​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ពេញ​ផ្ទៃ​ប្រទេស​ ៕ អត្ថបទសហការ