រាជធានីភ្នំពេញ៖ ដំណើរអាជីពការងាររបស់លោកស្រី សៅ កុសល គឺបានបង្ហាញពីការតស៊ូ និងការរីកចម្រើនដែលជារឿងរ៉ាវបង្កប់នូវស្មារតី អំណត់អត់ធន់ និងការសម្របខ្លួនចំពោះបញ្ហាផ្សេងៗ នៅក្នុងអាជីពការងារ ។ លោកស្រីបានចាប់ផ្តើមអាជីពរបស់លោកស្រី នៅ ក្រុមហ៊ុន ហ៊ិននីគែន ក្នុងនាមជាអ្នកផ្សព្វផ្សាយស្រាបៀរ ដោយលោកស្រីមានតួនាទីណែនាំនូវផលិតផល របស់ក្រុមហ៊ុនដើម្បីអោយអតិថិជនជាច្រើនបានស្គាល់ ។
ជាច្រើនឆ្នាំមកនេះ លោកស្រីបានកាន់តួនាទីថ្មីបន្តបន្ទាប់ ហើយសព្វថ្ងៃនេះលោកស្រីបានក្លាយជាជំនួយការរដ្ឋបាលផ្នែកលក់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញការលក់ និងការចែកចាយផលិតផលរបស់ក្រុមហ៊ុន ទៅបានយ៉ាងរលូន ។
លោកស្រី កុសល បានរៀបរាប់អំពីបទពិសោធន៍ការងារដ៏គួរឱ្យកត់សម្គាល់របស់លោកស្រីក្នុងវីដេអូពិសេសមួយ ដើម្បីរំលឹកដល់ដំណើរការងារនេះ ។ ចូរស្តាប់ពីរឿងរ៉ាវរបស់លោកស្រី កុសល នៅលើទំព័រហ្វេសប៊ុករបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។
កុសលមានបងប្អូនប្រាំនាក់ហើយគាត់បានកំព្រាម្តាយតាំងពីតូច ហេតុនេះហើយទើបលោកស្រីត្រូវទទួលរ៉ាប់រងលើការផ្គត់ផ្គង់គ្រួសារជាមួយឪពុករបស់លោកស្រី ។ ទោះបីជាលោកស្រីមានបំណងចង់បញ្ចប់ការសិក្សាក៏ដោយ ប៉ុន្តែឧបសគ្គផ្នែកហិរញ្ញវត្ថុបានបង្ខំឱ្យលោកស្រី បោះបង់ការសិក្សាតាំងពីនៅថ្នាក់វិទ្យាល័យ ។
ប៉ុន្មានឆ្នាំក្រោយបន្ទាប់ពីបោះបង់ការសិក្សាមក កុសលក៏បានរកការងារធ្វើ ជាអ្នករត់តុនៅភោជនីយដ្ឋានមួយ ក្នុងរាជធានីភ្នំពេញ ។ ពេលនោះ លោកស្រីបានមើលឃើញពីការខិតខំប្រឹងប្រែង និងការតស៊ូរបស់អ្នកផ្សព្វផ្សាយស្រាបៀរ ។ ប៉ុន្តែដំបូងឡើយ លោកស្រីមានការស្ទាក់ស្ទើរចិត្ត ដោយគាត់ខ្វាយខ្វល់ថាការងារជាអ្នកផ្សព្វផ្សាយស្រាបៀរនេះត្រឹមត្រូវសម្រាប់គាត់ឬអត់។ ប៉ុន្តែជាមួយនឹងភាពក្លាហាន លោកស្រីបានប្រាប់ខ្លួនឯង និងក្រុមគ្រួសារថា៖ «ប្រសិនបើខ្ញុំមិនសាកទេ ខ្ញុំនឹងមិនដឹងឡើយ»។ ដូច្នេះហើយលោកស្រីក៏បានចាប់ផ្តើមការងារដំបូងជាមួយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។
លោកស្រីបានចែករំលែកថា៖ «ពេលខ្ញុំចាប់ផ្ដើមអាជីពនេះកាលពីឆ្នាំ ១៩៩៨ ការងារនេះទាមទារឲ្យចំណាយពេលវេលាច្រើនម៉ោង និងតម្រូវឱ្យមានស្នាមញញឹមអំឡុងពេលធ្វើការជានិច្ច ។ មានពេលខ្លះ ខ្ញុំមានអារម្មណ៍ថាហត់នឿយ ក្រោយពីបំពេញការងារដល់យប់ជ្រៅ ប៉ុន្តែខ្ញុំគិតថាការដែលបានលក់ផលិតផលរបស់ក្រុមហ៊ុនយើងទៅអតិថិជនជាការងារមួយដែលធ្វើឲ្យខ្ញុំរីករាយ និងជម្រុញលើកទឹកចិត្តខ្ញុំបន្ថែម» ។
ថ្វីត្បិតតែការយល់ឃើញរបស់សង្គម ចំពោះអ្នកផ្សព្វផ្សាយស្រាបៀរ មិនសូវជាមានភាពវិជ្ជមានក៏ដោយ ប៉ុន្តែការតាំងចិត្តរបស់កុសលដែលស្មោះត្រង់ចំពោះការងារមួយនេះបានធ្វើឲ្យលោកស្រីកាន់តែព្យាយាម និងតស៊ូដើម្បីបំពេញភារកិច្ចការងាររបស់ខ្លួន។ លោកស្រីបានបានរំឭកថា៖ «នៅចុងបញ្ចប់ ខ្ញុំមានមោទនភាពណាស់ដែលការងាររបស់ខ្ញុំជាការងារសុចរិតភាព និងជាបទពិសោធន៍ដ៏មានអត្ថន័យមួយ» ។
ការតស៊ូរបស់លោកស្រីបាននាំឲ្យលោកស្រីទទួលបានតួនាទីជាន់ខ្ពស់បន្ថែម ដោយផ្លាស់ប្តូរពីអ្នកផ្សព្វផ្សាយមកមើលការខុសត្រូវក្រុមអ្នកផ្សព្វផ្សាយស្រាបៀរវិញ គឺមើលការខុសត្រូវចំពោះសេវាកម្មនៅរោងអាពាហ៍ពិពាហ៍។ ទោះបីជាលោកស្រីមិនសូវមានភាពជឿជាក់លើខ្លួនឯង ដោយសារតែការកម្រិតអប់រំរបស់លោកស្រីក៏ដោយ លោកស្រីត្រូវបានលើកទឹកចិត្តពីថ្នាក់ដឹកនាំរបស់លោកស្រី ដែលបានប្រាប់លោកស្រីថា «ការងាររបស់អ្នកជាគ្រូបង្រៀនដ៏ល្អបំផុតរបស់អ្នក» ។
កាលពីឆ្នាំ ២០១៩ កុសលបានទទួលនូវទំនួលខុសត្រូវជាច្រើនបន្ថែមទៀត ។ លោកស្រីបានចូលបម្រើការងារក្នុងនាយកដ្ឋានរដ្ឋបាលផ្នែកលក់ នៅអគារពាណិជ្ជកម្មរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ ដំណើរការងារដ៏វែងរបស់លោកស្រី បាននាំលោកស្រីទៅកាន់ ចំណុចស្នូល នៃការងារផ្នែកលក់របស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។ លោកស្រីបានចែករំលែកថា៖ «តួនាទីនេះជាចំណោទបញ្ហាធំ ដែលបានធ្វើឱ្យមានការផ្លាស់ប្តូរដ៏សំខាន់ ដោយខ្ញុំត្រូវអភិវឌ្ឍជំនាញកុំព្យូទ័រ បង្កើនសមត្ថភាពភាសាអង់គ្លេស និងរៀនជំនាញថ្មីៗ ដើម្បីដុសខាត់បន្ថែមពីចំណេះដឹងដែលមានស្រាប់របស់ខ្ញុំ» ។
នៅក្នុងតួនាទីថ្មីរបស់លោកស្រី លោកស្រីត្រូវគ្រប់គ្រងឯកសារ និងកិច្ចសន្យាជាមួយភ្នាក់ងាររបស់ ក្រុមហ៊ុន ហ៊ិននីគែន ដើម្បីធានាការចែកចាយផលិតផលបានត្រឹមត្រូវ ហើយរៀបចំសំណើផលិតផលផ្សេងៗ ទៅកាន់ភ្នាក់ងារ និងចូលរួមចំណែកក្នុងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាព។ កុសលបាននិយាយដោយក្តីដឹងគុណថា៖ «ខ្ញុំអាចរីកចម្រើនក្នុងដំណើរអាជីពការងារដ៏វែងឆ្ងាយនេះ គឺដោយសារតែទទួលបានការគាំទ្រ និងការលើកទឹកចិត្តជាច្រើនពីសហការី និងក្រុមហ៊ុនកន្លងមក» ។
លោកស្រីបាននិយាយទាំងស្នាមញញឹមឆ្លុះបញ្ចាំងពីមោទនភាពក្នុងដំណើរអាជីពការងាររបស់លោកស្រីបានបន្ថែមថា៖ «ខ្ញុំចង់ឲ្យយុវជនដឹងថា មិនថាអ្នកចាប់ផ្តើមនៅទីណានោះទេ ការប្តេជ្ញាចិត្ត និងឆន្ទៈរបស់អ្នកក្នុងការរៀននឹងកំណត់នូវអនាគតរបស់អ្នក។ ប្រសិនបើអ្នកជឿជាក់លើខ្លួនឯងហើយបន្តខិតខំប្រឹងប្រែង លទ្ធផលដែលអ្នកទទួលបាននឹងសមប្រកបដូចគ្នា» ។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បច្ចុប្បន្នមានបុគ្គលិកជាង ៧០០ នាក់នៅទូទាំងប្រទេស ខណៈពេលដែលជួយទ្រទង់ការងារចំនួន ៦៦.០០០ បន្ថែមទៀតនៅទូទាំងប្រទេស នេះបើយោងតាមរបាយការណ៍ផលវិជ្ជមានសេដ្ឋកិច្ចសង្គមដែលធ្វើឡើងដោយក្រុមហ៊ុន Steward Redqueen ដែលជាក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃផលវិជ្ជមានដើម្បីសិក្សាពីការរួមចំណែករបស់ក្រុមហ៊ុនចំពោះសង្គម និងសេដ្ឋកិច្ចកម្ពុជា ។
របាយការណ៍នេះត្រូវបានបង្ហាញដោយប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ ក្រុមហ៊ុន ហ៊ិននីគែន លោក Jacco van der Linden ជូនចំពោះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្នុងដំណើរបំពេញទស្សនកិច្ចនាពេលថ្មីៗនេះដើម្បីរំឭកខួប ៣០ ឆ្នាំនៃការរួមចំណែករបស់ក្រុមហ៊ុនផលិតនេះក្នុងប្រទេសកម្ពុជា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ