រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ បណ្តារោងចក្រ សហគ្រាស ក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ បន្តចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ ដើម្បីរក្សាបានលំនឹងតម្លៃប្រាក់រៀលឱ្យបានល្អ និងមានស្ថេរភាព ក្នុងសេដ្ឋកិច្ច ។
ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” ដែលប្រារព្វធ្វើនៅលើទឹកដីនៃខេត្តសៀមរាប នៅថ្ងៃទី១២ ខែធ្នូ នេះថា ៖ «ជុំវិញរូបិយវត្ថុនេះ សម្រាប់ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅកម្ពុជា បានចាក់ឫសយ៉ាងជ្រៅ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃចាប់តាំងពីការមកដល់របស់ អ៊ុនតាក់ ក្នុងអំឡុងទស្សវត្សរ៍ទី ៩០ ក្នុងនោះ អ៊ុនតាក់ បាននាំមកនូវថវិកាចំនួន ១.៧ ពាន់លានដុល្លារអាមេរិកមកកម្ពុជា ហើយនៅពេលនោះដែរ ជំនឿចិត្តលើប្រាក់រៀលរបស់ប្រជាជនកម្ពុជា ក៏មានភាពទន់ខ្សោយនៅឡើយដែរ ។ ក៏ប៉ុន្តែក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ តម្លៃប្រាក់រៀលរក្សាបានលំនឹងល្អ ដោយមាន តម្លៃក្នុងចន្លោះប្រមាណ ៤ ០៥០ រៀលក្នុង ១ ដុល្លារ ដែលត្រឹមតែអាចទប់ស្កាត់ការប្រើប្រាស់ប្រាក់ដុល្លារមិនឱ្យកើនឡើងតទៅ ទៀតប៉ុណ្ណោះ ព្រោះការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក នៅមិនទាន់ថមថយនៅឡើយ» ។
ឯកឧត្តម បន្តថា នេះគឺជាមេរៀនប្រវត្តិសាស្ត្រ ដែលបានបង្ហាញថា ការបាត់បង់ទំនុកចិត្តលើប្រាក់រៀលកើតឡើង ត្រឹមរយៈ ពេលដ៏ខ្លី តែការស្តារទំនុកចិត្តឡើងវិញគឺជាការលំបាក ហើយទាមទារនូវពេលវេលា និងការចូលរួមយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័ន វិស័យឯកជន និងជាពិសេសប្រជាពលរដ្ឋយើងទាំងអស់គ្នា ។
សូមបញ្ជាក់ផងដែរថា បើតាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវ របស់ធនាគារជាតិនៃកម្ពុជា ក្រោមកិច្ចសហការ ជាមួយទីភ្នាក់ងារសហ-ប្រតិបត្តិការអន្តរជាតិជប៉ុន JICA កាលពីឆ្នាំ ២០១៧ បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្តនិងការប្រើប្រាស់កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ជនបទ ដែលប្រាក់រៀលដើរតួនាទីចម្បង និងទូលំទូលាយទាំងក្នុងសកម្មភាពរកប្រាក់ចំណូល ចំណាយ និងសន្សំ ។ ដោយឡែកសម្រាប់ខេត្តសៀមរាបវិញ តាមទិន្នន័យស្រាវជ្រាវបង្ហាញថា ជាមធ្យមប្រមាណ ៨១% នៃការចំណាយប្រចាំថ្ងៃ របស់ប្រជាជនត្រូវបានធ្វើឡើងជាប្រាក់រៀល ។
ក្នុងស្ថានភាពនេះ, ឯកឧត្តម យឹម លាត បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ ទាំងការទូទាត់ជា ប្រាក់រៀល ការបិទស្លាកថ្លៃទំនិញជារៀល និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់ការអនុគ្រោះ ឱ្យបានកាន់តែច្រើន ចំពោះការប្រើ ប្រាស់ប្រាក់រៀលរបស់ជាតិយើងទាំងអស់គ្នា ។
ដោយឡែកសម្រាប់ខេត្តសៀមរាបវិញ តាមទិន្នន័យស្រាវជ្រាវបង្ហាញថា ជាមធ្យមប្រមាណ ៨១% នៃការចំណាយប្រចាំថ្ងៃ របស់ប្រជាជនត្រូវបានធ្វើឡើង ជាប្រាក់រៀល ។
ដោយឡែកប្រព័ន្ធបាគងវិញ, ឯកឧត្តម លើកឡើងឱ្យដឹងថា ប្រព័ន្ធទូទាត់បាគង គឺជាប្រព័ន្ធទូទាត់ដែលអាចឱ្យអ្នកប្រើប្រាស់ ធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិកដូចជា៖ ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ទាំងក្នុងស្រុក និងជាមួយបណ្តាប្រទេស ក្នុងតំបន់បានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួល កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់ ។ បច្ចុប្បន្នយើងអាច ធ្វើការទូទាត់ប្រាក់ឆ្លងដែន ជាមួយ ប្រទេសថៃ វៀតណាម និងឡាវ តាមរយៈការ Scan QR Code ជាប្រាក់រៀលតែម្តង ដោយមិនចាំ បាច់ដូរទៅជាដុល្លារអាមេរិកសិននោះទេ ។ ក្រៅពីនេះធនាគារជាតិនៃកម្ពុជា ក៏បានសហការជាមួយក្រុមហ៊ុន ផ្តល់សេវាទូទាត់អន្តរជាតិ មួយចំនួនដូចជា៖ VISA Card និង Master Card ជាដើម ។
ចំណែកបាគងសម្រាប់ទេសចរ, ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យភ្ញៀវទេសចរអន្តរជាតិ ប្រើប្រាស់ ប្រព័ន្ធទូទាត់ទំនើបថ្មីមួយ ដែលហៅថា បាគងសម្រាប់ទេសចរ (Bakong Tourists App) ដែលសម្រួលដល់ការទូទាត់ថ្លៃទំនិញ សេវា ការចាយវាយនានា ដោយ មិនចាំបាច់តែប្រើក្រដាសប្រាក់នោះទេ ។
ការប្រើប្រាស់ការទូទាត់អេឡិចត្រូនិកនេះ នឹងជំរុញឱ្យភ្ញៀវទេសចរបង្កើនការចាយវាយនៅ ស្រុកយើង ហើយនាពេលខាងមុខ ភ្ញៀវទេសចរក៏អាចប្រើបាគងសម្រាប់ទេសចរនេះ នៅតាមបណ្តាប្រទេសក្នុងតំបន់ ដែលកម្ពុជាបាន តភ្ជាប់ប្រព័ន្ធទូទាត់នេះជាមួយផងដែរ ដូចជាប្រទេស ថៃ វៀតណាម ឡាវ និងមានប្រទេសជាច្រើនទៀត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ