រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ ដែលដឹកនាំដោយលោក បេ ហេដុង (Bae Hae-dong) ប្រធានសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ ។
តាមរយៈជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ មកនេះ គណៈប្រតិភូនៃសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីគោលបំណងក្នុងការស្វែងយល់អំពីស្ថានភាព សក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេសការស្វែងយល់ពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងវិស័យការងារ ។
ឯកឧត្តម ហេង សួរ បានស្វាគមន៍ និងសង្ឃឹមថា តាមរយៈទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជានាពេលនេះ នឹងនាំមកនូវអ្នកវិនិយោគកូរ៉េកាន់តែច្រើនមកកម្ពុជា ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានដំឡើងកម្រិតទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏កំពុងកៀរគរអ្នកវិនិយោគបរទេស ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើនក្នុងការជួយសម្របសម្រួលដល់ការវិនិយោគបរទេសនៅកម្ពុជា ដូចជាតំបន់សេដ្ឋកិច្ចពិសេសជាដើម ។ ក្នុងន័យនេះ កម្ពុជាក៏ចង់ឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ នៅកម្ពុជាផងដែរ ។
ជាការឆ្លើយតប លោក Bae Hae-dong បានការគាំទ្រ និងបញ្ជាក់ថា តាំងពីដើមមក កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងយ៉ាងស៊ីជម្រៅលើវិស័យសេដ្ឋកិច្ច និងវប្បធម៌ រួមទាំងក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ ។ លោកជឿជាក់ថា សហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងនៅតែបន្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ទន្ទឹមនេះ លោកសង្ឃឹមថា កម្ពុជា នឹងបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ ដែលស្របតាមតម្រូវការការងារនៅក្នុងប្រទេសកូរ៉េ ។ លោកបង្ហាញថា សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ រង់ចាំរាល់កិច្ចសហការដើម្បីដាក់ចេញជាវិធានការរួមគ្នា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ