ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមហ៊ុន Minebea Mitsumi

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមហ៊ុន មី​នេ​បៀ…

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមហ៊ុន មី​នេ​បៀ មី​ត្សូ​មី (Minebea Mitsumi) ដែល​ដឹកនាំ​ដោយ​លោក យ៉ូ​ស៊ី​ហ៊ី​សា កៃ​នូ​ម៉ា (Yoshihisa KAINUMA) អគ្គនាយក​នៃ​ក្រុមហ៊ុន Minebea Mitsumi​។

ឯកឧត្តម ហេង សួរ បាន​សម្តែង​ការ​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​ក្រុមហ៊ុន Minebea Mitsumi ដែល​បង្កើត​សាខា​ថ្មី​របស់​ខ្លួន គឺ​ក្រុមហ៊ុន មី​នេ​បៀ (​ខេ​ម​បូ​ឌា​) សាខា​ពោធិ៍សាត់ ស្ថិត​ក្នុងស្រុក​ក្រគរ ដែល​ជា​រោងចក្រ​ផលិត ដំឡើង និង​បង្គុំ​សមាសធាតុ​ជាក់លាក់​គ្រឿង​ម៉ាស៊ីន និង​មេកា​និក​។ ក្នុង​ន័យ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ក្រសួង​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​សម្រាប់​រោងចក្រ​ថ្មី​នេះ ក៏​ដូច​ជា​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​កម្មករនិយោជិត​របស់​ក្រុមហ៊ុន​ផង​ដែរ​។

ឯកឧត្តម​រដ្ឋមន្ត្រី ចាត់​ទុក​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន Minebea Mitsumi គឺជា​គំរូ​អាជីវកម្ម​ដ៏​សំខាន់​នៅ​កម្ពុជា ខណៈ​ដែល​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន​ក៏​ជា​ការ​រីក​ចម្រើន​របស់​កម្ពុជា​ដូច​គ្នា​ដែរ​។

ជា​ការ​ឆ្លើយ​តប លោក Yoshihisa KAINUMA បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការ​គាំទ្រ​ជា​ច្រើន​សម្រាប់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ជា​បន្តបន្ទាប់ ជា​ពិសេស​គម្រោង​បង្កើត​រោងចក្រ​ថ្មី Minebea (Cambodia) នៅ​ក្នុង​ខេត្តពោធិ៍សាត់ ដែល​នឹង​ត្រូវ​ចាប់ផ្តើម​ដំណើរការ​នា​ឆ្នាំ​២០២៥ ខាង​មុខ​នេះ​។ លោក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន Minebea Mitsumi នឹង​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា​សម្រាប់​ភាព​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​រួម​គ្នា ​៕ អត្ថបទសហការ