រាជធានីភ្នំពេញ ៖ កម្មករនិយោជិតបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់លើគោលនយោបាយកិច្ចគាំពារសង្គម តាមរយៈការផ្តល់អត្ថប្រយោជន៍លើរបបសន្តិសុខសង្គមដល់កម្មករនិយោជិត ។ ការលើកឡើងរបស់កម្មករនិយោជិតបែបនេះ នៅក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី ៧៦ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤ ។
លោកស្រី សួន សូត្រ ជាកម្មករនិយោជិតនៃរោងចក្រ ម៉េងដា រាជធានីភ្នំពេញលើកឡើងថា ខ្លួនមានបណ្ណបេឡាជាតិសន្តិសង្គម (ប.ស.ស.) ចាប់តាំងពីចូលធ្វើការជាកម្មកររោងចក្រ ហើយនិយោជកជាអ្នកបង់ថ្លៃវិភាគទានឱ្យទាំងស្រុង។ តាមរយៈរបបសន្តិសុខសង្គមមួយនេះបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់លោកស្រីដែលជាបុគ្គលិកបម្រើការងារនៅក្នុងរោងចក្រ។ លោកស្រីមិនមានការព្រួយបារម្ភលើសេវាថែទាំសុខភាពដែលចំណាយប្រាក់ច្រើនទៀតនោះទេ ពីព្រោះរាល់ការទៅពិនិត្យសុខភាព និងការព្យាបាលមិនមានការបង់ប្រាក់ និងមានការយកចិត្តទុកដាក់ពីសំណាក់មន្ទីរពេទ្យ ។
លោកស្រីមើលឃើញថា បេឡាជាតិសន្តិសុខសង្គមបានចូលរួមចំណែកយ៉ាងច្រើនលើជីវភាពរបស់បងប្អូនកម្មករនិយោជិត ដែលធ្វើឱ្យពួកគេអាចចំណេញ និងអាចសន្សំថវិកាបានមួយផ្នែក លើថ្លៃសេវាពិនិត្យ និងថែទាំសុខភាពរបស់ពួកគេ។ លោកស្រីសប្បាយចិត្តនៅពេលមានការគិតគូពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវគោលនយោបាយដ៏មានអត្ថប្រយោជន៍មួយនេះ ។
ដោយឡែក លោក ស៊ុន ប៊ុនធឿន ដែលជាកម្មកនៃរោងចក្រ ម៉េងដា បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះបងប្អូនកម្មករនិយោជិតទាំងអស់នៅទូទាំងប្រទេសអាចប្រើបណ្ណ ប.ស.ស. ដើម្បីទៅទទួលសេវាថែទាំសុខភាពដោយមិនគិតថ្លៃ និងគ្រប់ពេលវេលា។ តាមរយៈបណ្ណប.ស.ស. នេះហើយធ្វើឱ្យកម្មករនិយោជិតមានលទ្ធភាពថែរក្សាសុខភាពប្រសើរជាងមុន ហើយអាចឱ្យកម្មករនិយោជិតអាចសន្សំប្រាក់បានមួយចំនួន បន្ទាប់ពីនិយោជកជាអ្នករ៉ាប់រងបង់សេវាប្រចាំខែ ។
កម្មកររោងចក្ររូបនេះមើលឃើញថា តាមរយៈគោលនយោបាយបេឡាជាតិសន្តិសុខសង្កម និងការផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀតមកលើកម្មករនិយោជិត វាបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើកិច្ចគាំពារសង្គមពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ទាំងនេះគឺជាការផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងមកលើកម្មករនិយោជិត ពីព្រោះកាលណាកម្មករនិយោជិតមានសុខុមាលភាពល្អ នោះផលិតភាពការងារនៅក្នុងរោងចក្រក៏មានភាពល្អប្រសើរផងដែរ ។
ចំពោះការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ នៅឆ្នាំ២០២៤នេះដែរ កម្មករនិយោជិតបានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានមកចូលរួមផ្ទាល់ជាមួយកម្មករនិយោជិតដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ដ៏មានសារសំខាន់មួយនេះ។ កម្មករនិយោជិតថា ការមកចូលរួមផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ គឺជាការស្តាប់សំឡេងស្នើសុំផ្ទាល់របស់កម្មករនិយោជិត ហើយអាចដោះស្រាយបានលទ្ធផលជាអតិបរមាជូនកម្មករនិយោជិតផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ