ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក ទី សុ​ផា​ន់​ណា​ ៖ គ្រូបង្រៀន​ជា​និរន្ត​របស់ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ លោក ទី សុ​ផា​ន់​ណា ដែល​បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ជា​ធម្មតា​គេ​តែងតែ​ហៅ​លោក​ថា ពូ…

រាជធានីភ្នំពេញ ៖ លោក ទី សុ​ផា​ន់​ណា ដែល​បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ជា​ធម្មតា​គេ​តែងតែ​ហៅ​លោក​ថា ពូ ទី ជា​បុគ្គល​ម្នាក់​ដែល​ពោរពេញ​ដោយ​ចំណេះដឹង ការ​ណែនាំ និង​អ្នក​រាល់គ្នា​តែងតែ​គោរព អស់​រយៈពេល​ជិត​បី​ទសវត្សរ៍​មក​ហើយ ។ ចាប់តាំងពី​ការ​ចាប់ផ្តើម​របស់​លោក​ជា​គ្រូបង្រៀន​នៅ​សាកលវិទ្យាល័យ រហូត​ដល់​ក្លាយជា​មូលដ្ឋាន​គ្រឹះ​នៃ​ក្រុមហ៊ុន ការ​យកចិត្តទុកដាក់ និង​ប្តេជ្ញា​ចិត្ត​របស់​គាត់​ចំពោះ ការ​បង្រៀន ភាព​ជា​អ្នកដឹកនាំ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស គឺជា​រឿង​មួយ​ដែល​គួរ​ចង​ចាំ ​។

លោក សុ​ផា​ន់​ណា បាន​រៀបរាប់​អំពី​ដំណាល​រឿង​ដ៏​មាន​អត្ថន័យ​របស់​លោក​នៅ​ក្នុង​វី​ដេ​អូ​ពិសេស​មួយ​ដើម្បី​រំឭក​ដល់​ការ​ចង​ចាំ​ក្នុង​ដំណើរ​ការងារ​នេះ ​។ សូម​ទស្សនាការ​ចែករំលែក​របស់ លោក សុ​ផា​ន់​ណា នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ទាំងអស់​គ្នា​ ។

លោក សុ​ផា​ន់​ណា​បានដឹង​ពី​ចំណង់​ចំណូលចិត្ត​របស់​លោក​ក្នុង​ឧស្សាហកម្ម​ផលិត​ស្រា​បៀរ​នេះ គឺ​ពេល​ដែល​លោក​បាន​ទៅ​សិក្សា​នៅ​វិទ្យាស្ថាន​ឧត្តម​សិក្សា​នៃ​ឧស្សាហកម្ម​ម្ហូប និង​រសជាតិ​អាហារ​នៅ​ប្រទេស​ប៊ុល​ហ្គា​រី ក្នុង​មុខ​ជំនាញ​បច្ចេកវិទ្យា​មីក្រូ​ជីវសាស្ត្រ និង​ផលិតផល​ភិ​ណ្ខ​ន​កម្ម (Fermentation) ដោយ​ផ្តោត​លើ​ការ​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​អាល់កុល​ ។ នៅ​ពេល​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ ១៩៩២ លោក​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ជាមួយនឹង​ការ​តាំងចិត្ត​ដ៏​មុតមាំ​មួយ​ចំពោះ​ការ​ប្រើប្រាស់​ជំនាញ​របស់​លោក​ដើម្បី​បំផុសគំនិត និង​អភិវឌ្ឍ​ធនធានមនុស្ស​ជំនាន់​ក្រោយ និង​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​របស់​លោក​ ។ ជាមួយនឹង​ការ​តាំងចិត្ត​នេះ លោក​បាន​ចាប់ផ្តើម​ដំបូង​ជា​គ្រូបង្រៀន ផ្នែក​កែ​ច្នៃ​ចំណីអាហារ​នៅ​វិទ្យាស្ថាន​ឈានមុខ​គេ​មួយ​របស់​ប្រទេស​កម្ពុជា នៅ​ក្នុង​មហាវិទ្យាល័យ​វិស្វកម្ម​គីមី និង​ចំណីអាហារ​ ។

លោក​បាន​រំឭក​ថា ​៖ «​ខ្ញុំ​មិន​ត្រឹមតែ​ចង់​បង្រៀន​ជំនាញ​បច្ចេកទេស​ប៉ុណ្ណោះ​ទេ តែ​ខ្ញុំ​ចង់​ឲ្យ​សិស្ស​របស់ខ្ញុំ​យល់​ឃើញ​ថា​ការ​ផលិត​ស្រា​បៀរ​ជា​សិល្បៈ និង​ជា​វិទ្យាសាស្ត្រ​មួយ​ដែល​យើង​អាច​មាន​មោទនភាព និង​ភាព​ពេញចិត្ត ពេល​ដែល​យើង​បាន​ផលិត​នូវ​ស្រា​បៀរ​ដែល​មានគុណ​ភាព​ខ្ពស់​»​ ។ នៅ​ឆ្នាំ ១៩៩៦ លោក​ សុ​ផា​ន់​ណា ​បាន​ផ្លាស់​ប្តូរ​ពី​វិស័យ​អប់រំ​ទៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​វិញ ដោយ​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន Cambodia Brewery Limited (CBL) ដែល​បច្ចុប្បន្ន​ជា ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា​ ។ ការ​ផ្លាស់​ប្តូរ​នេះ​ គឺជា​ការ​បោះ​ជំ​ហ៊ាន​មួយ​ដែល​ជំរុញ​ដោយ​ចំណាប់អារម្មណ៍​របស់​លោក​ជាមួយនឹង​ដំណើរការ​នៃ​ផលិតកម្ម​ស្រា​បៀរ ស្រប​នឹង​ជំនាញ​របស់​លោក ​។

ប៉ុន្តែ​ការ​ឈាន​ជើង​ចូល​ការងារ​ថ្មី​របស់​លោក​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ព្រោះ​លោក ​សុ​ផា​ន់​ណា​ ពី​មុន​មានការ​ស្ទាត់ជំនាញ​ក្នុង​ការ​ប្រើប្រាស់​ភាសា​ខ្មែរ និង​រុ​ស្ស៊ី ដោយ​លោក​មិន​ធ្លាប់​បាន​រៀន​ភាសា​អង់គ្លេស​បាន​ស៊ីជម្រៅ​នោះ​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​លោក​ប្រឈម​មុខ​នឹង​ឧបសគ្គ​មួយ​ធំ ដោយសារ​ភាសា​អង់គ្លេស​ជា​ភាសា​ចម្បង​នៅ​ក្នុង​ក្រុមហ៊ុន ហើយ​ឯកសារ​បច្ចេកទេស និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រូ​បណ្តុះបណ្តាល និង​អ្នក​ផ្គត់ផ្គង់​ពី​បរទេស​ក៏​ត្រូវ​ប្រើប្រាស់​ភាសា​អង់គ្លេស​ដែរ ​។ ទោះ​យ៉ាងណា​ក្តី លោក​មិន​បាន​ងាករេ ហើយ​បាន​ដោះស្រាយ​ឧបសគ្គ​នេះ​ដោយ​ការ​តាំងចិត្ត​យ៉ាង​មុតមាំ ​។

លោក​បាន​រំឭក​បន្ត​ថា ​៖ «​ខ្ញុំ​បាន​រៀបចំ​មេរៀន​សំខាន់​ៗ​ជា​ភាសា​ខ្មែរ​ដើម្បី​ធានា​ថា អ្នក​គ្រប់​គ្នា​បាន​យល់​ពី​ដំណើរការ​ផលិត និង​ចេះ​ប្រើប្រាស់​ម៉ាស៊ីន​បាន​ត្រឹមត្រូវ​។ ប៉ុន្តែ​ខ្ញុំ​ក៏​បានដឹង​ដែរ​ថា​ខ្ញុំ​ត្រូវ​ចេះ​ភាសា​អង់គ្លេស​ដើម្បី​ចាប់​យក និង​បញ្ចូល​ស្តង់ដា​អន្តរជាតិ ទៅ​ក្នុង​រោងចក្រ​បស់​យើង​»​ ។ បី​ឆ្នាំ​នៃ​ការ​តស៊ូ​ក៏​ត្រូវ​បាន​ផ្តល់​ជា​ផ្លែផ្កា​សម្រាប់​លោក ​។ លោក សុ​ផា​ន់​ណា មិន​ត្រឹមតែ​ជម្នះ​ឧបសគ្គ​ភាសា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ក្លាយជា​តំណាង​របស់ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ដោយ​បាន​ទៅ​ទស្សនកិច្ច​នៅ​រោងចក្រ​ស្រា​បៀរ ហ៊ិ​ន​នី​គែន ជាង ១០ កន្លែង​ជុំវិញ​ពិភពលោក​ដែល​មាន​ដូច​ជា​នៅ​ប្រទេស​ហូ​ឡង់ បែ​ល​ហ្សិ​ក អៀរ​ឡង់ សិង្ហ​បុរី ថៃ ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី ចិន អេ​ស្បា​ញ និង​វៀតណាម ​។

បទ​ពិសោធន៍​ទាំងនេះ​បាន​ពង្រឹង​ជំនាញ​របស់​លោក ហើយ​លោក​បាន​នាំ​យក​មក​វិញ​ដើម្បី​អភិវឌ្ឍ​អ្នក​ផលិត​ស្រា​បៀរ​ជំនាន់​ក្រោយ​ដោយ​កំណត់​នូវ​ស្តង់ដារ​ថ្មី​សម្រាប់​ភាពល្អ​អត់​ខ្ចោះ​ ។ បទ​ពិសោធន៍ និង​ស្នាដៃ​របស់​លោក ​សុ​ផា​ន់​ណា​ នៅ​ក្នុង​ដំណើ​ការ​អាជីវកម្ម​របស់ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​ផ្តល់​ផ្លែផ្កា​ជា​ច្រើន ​។ អ្នកជំនាញ​ផ្នែក​ផលិត​ស្រា​បៀរ​នា​ពេល​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន​ជា​ច្រើន​បាន​ចាប់ផ្តើម​ដំណើរ​ការងារ​របស់​ពួក​គេ​ក្រោម​ការ​ណែនាំ​របស់​លោក ខ្លះ​ជា​សិស្ស​របស់​លោក​ពី​កាលដែល​លោក​ជា​គ្រូបង្រៀន​ទៀត​ផង​ ។ លោក​បាន​ចែករំលែក​ដោយ​មោទនភាព​ថា​ ៖ «​ការ​មើលឃើញ​ពួក​គេ​រីក​ចម្រើន ជោគជ័យ និង​រួមចំណែក​ដល់​ឧស្សាហកម្ម​នេះ វា​ជា​មោទនភាព​បំផុត​នៃ​អាជីព​របស់ខ្ញុំ​» ។

មិត្ត​រួម​ការងារ​ទាំងអស់​ហៅ​លោក​ថា ពូ​ទី ជា​ពាក្យ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​គោរព ភាព​រម្យទម និង​ការ​ទុកចិត្ត​ចំពោះ​លោក ​។ គុណសម្បត្តិ​របស់​លោក​ទាំងនេះ​មិន​បាន​ត្រូវ​គេ​មើល​រំលង​ឡើយ ​។ ក្នុង​ឆ្នាំ ២០០៣ គណៈ​គ្រប់គ្រង​បាន​អញ្ជើញលោក​ឱ្យ​ចូលរួម​ក្នុង​នាយកដ្ឋាន​ធនធានមនុស្ស​ដែល​លោក​អាច​បន្ត​នូវ​ចំណង់​ចំណូលចិត្ត​របស់​លោក​សម្រាប់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ។ បន្ទាប់​ពី​លោក​ទទួល​បាន​តួនាទី​ជាន់ខ្ពស់​បន្តបន្ទាប់ ទីបំផុត​លោក​ក៏​ត្រូវ​បាន​តែងតាំង​ជានា​យក​ផ្នែក​ធនធានមនុស្ស​ដែល​ជា​តួនាទី​ដែល​គាត់​បាន​កាន់​រហូត​ដល់​ចូល​និវត្តន៍​នៅ​ឆ្នាំ ២០១៨ ​។ ការ​ចូល​និវត្តន៍​នេះ​មិន​បាន​បង្ហាញ​ពី​ការ​បញ្ចប់​នៃ​ការ​រួមចំណែក​របស់​លោក ​សុ​ផា​ន់​ណា​ ចំពោះ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា នោះ​ទេ លោក​បាន​បន្ត​តួនាទី​ជា​អ្នកគ្រប់គ្រង សុវត្ថិភាព សុខភាព និង​បរិស្ថាន (SHE) ដែល​ជា​តួនាទី​មួយ​ដែល​ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត​យូរអង្វែង​របស់​លោក​ចំពោះ​បុគ្គលិក​ទាំងអស់​គ្នា​ ។

ដំណើរការ​ការងារ​បស់​លោក​សុ​ផា​ន់​ណា​ឈរ​ជា​សក្ខីភាព​ដ៏​មាន​តម្លៃ​ចំពោះ​ការ​ផ្លាស់​ប្តូរ​វិជ្ជមាន និង​រីក​ចម្រើន​របស់​បុគ្គល​ម្នាក់ ​។ ពី​ការ​បង្ហាត់បង្រៀន​សិស្ស​ក្នុង​ថ្នាក់រៀន បណ្តុះបណ្តាល​អ្នកដឹកនាំ និង​អ្នកមាន​សមត្ថភាព​ជំនាន់​ក្រោយ ស្នាដៃ​របស់​លោក​គឺជា​ផ្នែក​មួយ​នៃ​សេចក្តី​ស្រឡាញ់ ការ​រៀនសូត្រ និង​ភាព​ជា​អ្នកដឹកនាំ​ ។

អរគុណ ពូ​ទី សម្រាប់​ការ​លះបង់​ជិត ៣០ ឆ្នាំ​ ។ អ្នក​នឹង​ក្លាយជា​គ្រូបង្រៀន​របស់ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ជា​និច្ច​ ។ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បច្ចុប្បន្ន​មាន​បុគ្គលិក​ជាង ៧០០ នាក់​នៅ​ទូ​ទាំង​ប្រទេស ខណៈ​ពេល​ដែល​ជួយ​ទ្រ​ទង់​ការងារ​ចំនួន ៦៦.០០០ បន្ថែម​ទៀត​នៅ​ទូ​ទាំង​ប្រទេស នេះ​បើ​យោង​តាម​របាយការណ៍​ផល​វិជ្ជមាន​សេដ្ឋកិច្ច​សង្គម​ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន Steward Redqueen ដែល​ជា​ក្រុមហ៊ុន​ទីប្រឹក្សា​វាយតម្លៃ​ផល​វិជ្ជមាន​ដើម្បី​សិក្សា​ពី​ការ​រួមចំណែក​របស់​ក្រុមហ៊ុន​ចំពោះ​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា ​។ របាយការណ៍​នេះ​ត្រូវ​បាន​បង្ហាញ​ដោយ​ប្រធាន​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​របស់ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន លោក Jacco van der Linden ជូន​ចំពោះ​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នា​ពេល​ថ្មី​ៗ​នេះ​ដើម្បី​រំឭក​ខួប ៣០ ឆ្នាំ​នៃ​ការ​រួមចំណែក​របស់​ក្រុមហ៊ុន​ផលិត​នេះ​ក្នុង​ប្រទេស​កម្ពុជា ​៕ អត្ថបទសហការ