ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សិស្ស​ ប៊ែ​ល​ធី​ ថ្នាក់​ទី​ ១២​ ជំនាន់​ទី ​១៩​ ចំនួន ២,៣២៨ នាក់ ទទួល​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ​ប៊ែ​ល​ធី (BELTEI Senior HIGH SCHOOL DIPLOMA)

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​កាលពីថ្ងៃ​ទី ​៣០ ខែវិច្ឆិកា ឆ្នាំ ​២០២៤ សាលា ប៊ែ​ល​ធី អន្តរជាតិ…

រាជធានី​ភ្នំពេញ ​៖ ​កាលពីថ្ងៃ​ទី ​៣០ ខែវិច្ឆិកា ឆ្នាំ ​២០២៤ សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ​ប៊ែ​ល​ធី​ជូន​ដល់​សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី ​១២ ជំនាន់​ទី​ ១៩ ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ក្នុង​ឆ្នាំ​សិក្សា ២០២៣-២០២៤ ចំនួន ២,៣២៨​នាក់ នៅ​សាលសន្និសីទ​នៃ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ទីតាំង​ទី ​២ (​ស្ពាន​អាកាស​ចោម​ចៅ​) ក្រោម អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត លី ឆេ​ង តំណាងរាស្ត្រ មណ្ឌល​រាជធានី​ភ្នំពេញ ស្ថាបនិក និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប និង លោក​ជំទាវ​ ។

លោក ប៊ុត ឌី​ម៉​ង់ ប្រធាន​ការិយាល័យ​ចំណេះ​ទូទៅ​បានឱ្យ​ដឹង​ថា ​៖ បច្ចុប្បន្ន​នេះ សាលា ប៊ែ​ល​ធី អន្តរជាតិ មាន ៣២​សាខា (២៨​សាខា កំពុង​ដំណើរការ និង ៤​សាខា​កំពុង​សាងសង់​) ដែល​មាន​បុគ្គលិក​បម្រើ​ការ​សរុប​ចំនួន ២,៨៩៦​នាក់ (​នារី ១,១០៨​នាក់​) និង​មាន​សិស្សានុសិស្ស​កំពុង​សិក្សា សរុប​ចំនួន ៦០,៥៥៩​នាក់ (​នារី ២៩,២៩២​នាក់​)​ ។

សម្រាប់​ឆ្នាំ​សិក្សា ​២០២៣-២០២៤ នេះ សាលា ប៊ែ​ល​ធី អន្តរជាតិ មាន​សិស្ស​ថ្នាក់​ទី ១២ ចូលរួម​ប្រឡង​សញ្ញា ប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំនួន ២,៤៣១​នាក់ (​ពីរ​ពាន់​បួន​រយ​សាមសិប​មួយ​នាក់​) ក្នុង​នោះ ជាប់ ២,៣២៨​នាក់ (​ពីរ​ពាន់​បី​រយ​ម្ភៃ​ប្រាំបី​នាក់​) ស្មើនឹង ៩៥.៧៦% និង​មាន​សិស្ស​និទ្ទេស A ចំនួន ១៩០​នាក់ ។ ចំពោះ​សិស្ស​ដែល​បាន ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នឹង​ទទួល​បាន​សញ្ញាបត្រ​ចំនួន​ពីរ​ ៖ ១-​ចេញ​ដោយ សាលា ប៊ែ​ល​ធី អន្តរជាតិ និង ២-​ចេញ ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​សញ្ញាបត្រ​ទាំង​ពីរ​នេះ ត្រូវ​បាន​ដាក់​បញ្ចូល (Upload) ទៅ​ក្នុង វែ​ប​សាយ​របស់​ប៊ែ​ល​ធី ដើម្បី​ទុកជា​កាល​ប្បវត្តិ​សម្រាប់​សិស្ស​គ្រប់​រូប​ទាញ​យក  (Download) ប្រើប្រាស់​ជា​ផ្លូវការ​ផង​ដែរ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត លី ឆេ​ង បាន​កោតសរសើរ​ចំពោះ​ក្មួយ​ៗ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ប្រឹងប្រែង សិក្សា​រៀនសូត្រ​រយៈពេល ១២​ឆ្នាំ​កន្លង​មកនេះ ជា​ពិសេស​គោរព​បទបញ្ជាផ្ទៃក្នុង មាន​វិន័យ សីលធម៌ និង​គុណធម៌​ល្អ មិន​បង្ក​ផល​លំបាក​ដល់​គ្រួសារ និង​សង្គម​ជាតិ រហូត​ទទួល​បាន​ជោគជ័យ​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) នា​ពេល​នេះ​ ។

ជាមួយនឹង​ជោគជ័យ​របស់​ក្មួយ​ៗ ឯកឧត្តម​បណ្ឌិត ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​មាតាបិតា និង​អាណាព្យាបាល​សិស្ស​ទាំងអស់​ដែល​បាន​ផ្តល់​ឱកាស និង​ជំរុញ​កូន​ៗ​ឱ្យ​សិក្សា​បន្ថែម​នៅផ្ទះ ធ្វើ​កិច្ចការ​ផ្ទះ និង​គោរព វិន័យ​សាលា ព្រមទាំង​សហការ​យ៉ាង​ជិត​ស្និត​ជាមួយ​គណៈ​គ្រប់គ្រង​នៅ​តាម​បណ្តា​សាខា​នៃ​សាលា ប៊ែ​ល​ធី អន្តរជាតិ​ ។

ឯកឧត្តម​បណ្ឌិត ក៏​បាន​ផ្តាំផ្ញើ​ដល់​ក្មួយ​ៗ​ទាំងអស់​ឱ្យ​ខិតខំ​យកចិត្តទុកដាក់​បន្ត​ការ​សិក្សា​រៀនសូត្រ​បន្ថែម​ទៀត​នៅ​ថ្នាក់ ឧត្តម​សិក្សា ដោយ​ធ្វើការ​ជ្រើសរើស​នូវ​មុខ​វិជ្ជា​ណា​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ដើម្បី​ធ្វើ​ជា​អាជីព​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត និង​ប្រកួតប្រជែង​ដណ្តើម​ទីផ្សារ​ការងារ​ជាមួយ​បណ្តា​យុវជន​ទាំងអស់ ទាំង​ក្នុង​តំបន់​អាស៊ាន​និង​ពិភពលោក ជា​ពិសេស ដើរ​ឱ្យទាន់​នូវ​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​សម័យ​បដិវត្ត​ឧស្សាហកម្ម ៤.០ ៕ អត្ថបទសហការ