ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ទទួល​ពានរង្វាន់​អតីត​និស្សិតកិត្តិយស ពី​សាកលវិទ្យាល័យ Adelaide The University of Adelaide នៃ​ប្រទេស​អូស្ត្រាលី

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ទទួល​ពានរង្វាន់​អតីត​និស្សិត​កិត្តិយស ពី​សាកលវិទ្យាល័យ Adelaide The…

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ទទួល​ពានរង្វាន់​អតីត​និស្សិត​កិត្តិយស ពី​សាកលវិទ្យាល័យ Adelaide The University of Adelaide នៃ​ប្រទេស​អូស្ត្រាលី ដែល​បញ្ជាក់​ពី​ការ​ទទួលស្គាល់​សមត្ថភាព​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ជំទាវ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ និង​សេដ្ឋកិច្ច​កម្ពុជា ។

គណៈ​គ្រប់គ្រង​នៃ​សាកលវិទ្យាល័យ​បាន​ផ្តល់​ពានរង្វាន់​នេះ​ជូន​និស្សិត​អន្តរជាតិ​ឆ្នើម​ដែល​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ និង​សម្រេច​សមិទ្ធផល​លេចធ្លោ​ក្នុង​ការ​ប្រើប្រាស់​ចំណេះ​ជំនាញ​ពី​ការ​សិក្សា ដើម្បី​អភិវឌ្ឍ​សង្គម​ជាតិ ព្រមទាំង​បាន​បង្ហាញ​គំរូ​វីរៈភាព​ល្អ​សម្រាប់​បំផុសគំនិត​វិជ្ជមាន​ដល់​យុវជន​ជំនាន់​ក្រោយ​ ។

ក្នុង​ឱកាស​ទទួល​ពានរង្វាន់​នេះ លោក​ជំទាវ​បណ្ឌិត​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ ក៏​ដូច​ជា​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ Adelaide ដែល​បាន​ទទួលស្គាល់​សមិទ្ធផល​ការងារ​របស់​លោក​ជំទាវ ព្រមទាំង​ថ្លែងអំណរគុណ​ដល់​សាស្ត្រាចារ្យ​ណែនាំ ដែល​បាន​ចូលរួម​ផ្តល់​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ឱ្យ​លោក​ជំទាវ​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា និង​ការ​រីក​ចម្រើន​ក្នុង​អាជីព​វិជ្ជាជីវៈ​ ។

ក្នុង​នាម​ជា​ទេសាភិបាល​ស្ត្រី​ដំបូង​នៅ​ធនាគារជាតិ​នៃ​កម្ពុជា លោក​ជំទាវ​បណ្ឌិត ជា សិរី បាន​សម្រេច​ស្នាដៃ​ការងារ​លេចធ្លោ​ជា​ច្រើន ហើយ​តែង​បាន​ទទួល​ការ​អញ្ជើញ​ធ្វើ​ជា​វាគ្មិន​ចែករំលែក​ចំណេះដឹង​និង​បទ​ពិសោធន៍​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​។ បន្ថែម​លើ​នេះ លោក​ជំទាវ​តែង​ខិតខំ​យ៉ាង​សកម្ម​ក្នុង​ការ​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ស្ត្រី ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជុំវិញ​ពិភពលោក ​។

គួរ​រំលេច​ថា លោក​ជំទាវ​ទេសាភិបាល បាន​បញ្ចប់​ការ​សិក្សា និង​ទទួល​បាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​ទស្សនវិជ្ជា​ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (Doctor of Philosophy in Economics) ពី​សាកលវិទ្យាល័យ Adelaide ក្នុង​ឆ្នាំ​២០២១ ដោយ​ផ្តោត​លើ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ឥទ្ធិពល​នៃ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ និង​សេរី​ភា​វូ​នី​យ​កម្ម​លើ​ដំណើរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អាស៊ាន​ ៕ អត្ថបទសហការ