ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រទីប​របស់​ក្រសួង​ការងារ បង្ហាញ​សោភ័ណ​ភាពបែប​សហ​សម័យ ​ដើម្បី​ត្រៀម​ដាក់​បង្ហាញក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ នា​យប់​ថ្ងៃ​ទី​ ១២ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ លោក​ជំទាវ សួ​ស រ​ដ្ឋា​វី​ ​រដ្ឋលេខាធិការ…

រាជធានី​ភ្នំពេញ​ ៖ នា​យប់​ថ្ងៃ​ទី​ ១២ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ លោក​ជំទាវ សួ​ស រ​ដ្ឋា​វី​ ​រដ្ឋលេខាធិការ តំណាង​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវ​: និង​ក្រុមការងារ​រៀបចំ​ប្រទីប បាន​អមដំណើរ​សម្តេច​មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព ការងារ​តុបតែង​លម្អ និង​បណ្តែតប្រទីប​សាកល្បង ដើម្បី​ត្រៀម​ចូលរួម​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​ ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ ខាង​មុខ​នេះ ​។

ប្រទីប​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រូវ​បាន​តុបតែង​លម្អ​រំលេច​នូវ​សោភ័ណ​ភាព​បែប​សហ​សម័យ បង្ហាញ​អត្ថន័យ​ធំធេង​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ វិស័យ​សន្តិសុខ​សង្គម និង​វិស័យ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ ក្នុង​នោះ​នៅ​លើ​ប្រទីប​របស់​ក្រសួង​ការងារ​មាន​ខ្លឹមសារ​ដូច​ជា​ ៖

ទី​១/ “​រូប​សញ្ញា​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​” ស្ថិត​នៅ​កណ្តាល​ប្រទីប តំណាង​ឱ្យ​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ក្នុង​ការ​ដឹកនាំ និង​គ្រប់គ្រង​លើ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ ចំណែក “​រូប​មនុស្ស ប្រុស​ស្រី​ក្នុង​ឯកសណ្ឋាន​ជា​អធិការ​ការងារ​” តំណាង​ឱ្យ​ការ​ធានា​នូវ​ការ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​ច្បាប់​ស្ដី​ពី​ការងារ​និង​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​សំដៅ​រក្សា​ឱ្យ​បាន​នូវ​លក្ខខណ្ឌ​ការងារ និង​លក្ខខណ្ឌ​សុវត្ថិភាព​និង​សុខភាព​ការងារ​ប្រសើរ និង​ការ​លើកកម្ពស់​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ស្រប​តាម​ច្បាប់​ជាតិ និង​បទដ្ឋាន​អន្តរជាតិ​ខាង​ការងារ ​។

ទី​២/ អក្សរ “TVET” តំណាង​ឱ្យ​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ធានា​ដល់​ការ​អភិវឌ្ឍ​មូលធន​មនុស្ស និង​កម្លាំង​ពលកម្ម​ឱ្យ​មាន​ជំនាញ​ដោយ​ធានា​ថា “​ពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត​” ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​ការ​វិវត្តន៍​យ៉ាង​រហ័ស​នៃ​មូលដ្ឋាន​សេដ្ឋកិច្ច ឧស្សាហកម្ម​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ​។ “​អក្សរ ១,៥​លាន​(​មួយ​លាន​ប្រាំ​សែន​)” តំណាង​ឱ្យ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ​។

ទី​៣/ រូប​ប័ណ្ណ ប​.​ស​.​ស​. តំណាង​ឱ្យ​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព និង​ផ្នែក​ប្រាក់​សោធន ដែល​ផ្តល់​ជូន​បងប្អូន​កម្មករនិយោជិត មន្ត្រីរាជការ​សាធារណៈ បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​.​ ។

ទី​៤/ អក្សរ “​ទ​.​ជ​.​ម​.​ក​. NEA” តំណាង​ឱ្យ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ ដែល​បាន​និង​កំពុង​ផ្តល់​សេវា​ជួយ​ស្វែងរក​កា​ងារ ការ​ចុះ​ឈ្មោះ ប្រមូល និង​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ឱកាស​ការងារ ការ​ប្រឹក្សា​យោបល់ មគ្គទេសក៍​ការងារ​និង​អាជីព ជូន​ដល់​យុវជន សិស្ស​និស្សិត និង​អ្នក​ស្វែងរក​ការងារ និង ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ទៅ​ឱ្យ​រោងចក្រ សហគ្រាស តាម​រយៈ​មជ្ឈមណ្ឌល​ការងារ​នៅ​តាម​រាជធានី ខេត្ត និង​មជ្ឈមណ្ឌល ការងារ​ចល័ត ដូច “​រូប​រថយន្ត​” ដែល​មាន​រំលេច​ពាក្យ​៖ រក​ការងារ រើស​បុគ្គលិក និង​ប្រឹក្សា​យោបល់​ការងារ​។

ទី​៥/ “​រូប​អគារ​” តំណាង​ឱ្យ​រោងចក្រ សហគ្រាស​ទាំងអស់​នៅ​កម្ពុជា ដែល​ជា​ប្រភព​នៃ​ការ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស​។

ទី​៦/ “​រូប​មនុស្ស​ប្រុស​ស្រី​” ស្ថិត​នៅ​ខាងឆ្វេង និង​ខាងស្តាំ នៃ​អក្សរ ការងារ​សន្តិសុខ​សង្គម បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តំណាង​ឱ្យ​កម្មករនិយោជិត នឹង​និយោជក ជា​តួអង្គ​ដ៏​សំខាន់​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ត្រូវ​តែ​មានការ​គោរព និង​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ប្រែក្លាយ​សហគ្រាស​មួយ​ទៅ​ជា​សហគមន៍​សុខសាន្ត​មួយ​សំដៅ ធានា​បាន​នូវ​សុខដុម​នី​យ​កម្ម​សង្គម​។

ទី​៧/ “​រូបយន្ដ​ហោះ​” តំណាង​ឱ្យ​លំហូរ​នៃ​សកម្មភាព​ធុរកិច្ច កា​រវិ​វិយោគ​ផ្ទាល់​ពី​បរទេស និង​ទីផ្សា​ការងារ​នៅ​ក្នុង​ប្រទេស ដែល​ដើរតួ​ជា​កម្លាំង​ច​លករ​ស្នូល​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា សំដៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០​។

ទី​៨/ “​រូប​ដ្រូ​ន​” តំណាង​ឱ្យ​ការ​រីក​ចម្រើន​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៅ​កម្ពុជា ដែល​តម្រូវ​ឱ្យ​មាននូវ​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ឌី​ជី​ថ​ល​នៅ​ក្នុង​ទីផ្សារ​ការងារ​កម្ពុជា​តាម​រយៈ​ការ​ជំរុញ​ការ​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។

ទី​៩/ “​រូប​នាគរាជ​” គឺជា​សត្វ​ទីឃជាតិ​ប្រកបដោយ​អានុភាព អំណាច និង​មហិទ្ធិឫទ្ធិ​ខ្លាំងពូកែ តំណាង​ឱ្យ​វឌ្ឍនភាព និង​ភាពរឹងមាំ​របស់​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​លើ​មាគ៌ា​សន្តិភាព​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ខាង​មុខ​នេះ នឹង​មាន​ពិធី​បណ្តែតប្រទីប​របស់​ក្រសួង ស្ថាប័ន និង​ក្រុមហ៊ុន​នានា សរុប​ចំនួន​៣៦​ប្រទីប នៅ​ទន្លេចតុមុខ មុខ​ព្រះ​បរមរាជវាំង រយៈពេល​ទាំង​៣​ថ្ងៃ នៃ​ព្រះរាជ​ពិធី ​៕ អត្ថបទសហការ