រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានថ្លែងថា ÷លោកជំទាវពិតជាមានសេចក្តីរីករាយ ក្រោយបានទទួលដំណឹងថា សាលាបឋម សិក្សាតាំងក្រសាំងត្រូវបានក្រសួងអប់រំ យុវជន និងកីឡាបានជ្រើសរើសជាបេក្ខភាពសម្រាប់ ការប្រកួតក្នុងកម្មវិធី “ស្តង់ដាសាលាគំរូ និងពានរង្វាន់សាលាគំរូសម្ដេចមហាបវរធិបតី” ក្នុងឆ្នាំ សិក្សាឆ្នាំ២០២៤-២០២៥ ដែលជាកិត្តិយសសម្រាប់មូលដ្ឋានស្រុកសន្ទុក ។
នៅក្នុងពិធីក្នុងពិធីសំណេះសំណាល និងប្រគល់សម្ភារជូនសាលាបឋមសិក្សា តាំងក្រសាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ទេសាភិបាលបានបង្ហាញា នូវការជឿជាក់ថា សាលាបឋមសិក្សាតាំងក្រសាំង នឹងទទួលបានលទ្ធផលល្អតាមរយៈនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង អាណាព្យាបាលក្នុងការអភិវឌ្ឍសាលា និងពង្រឹងលទ្ធផលសិក្សា របស់សិស្សានុសិស្សនឹង ជាប់ចំណាត់ថ្នាក់ជាសាលាគំរូ ក្នុងការប្រកួតប្រជែងសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ហើយក៏ក្លាយជាគំរូដល់សាលាបឋមសិក្សាដទៃទៀត ក្នុងស្រុកសន្ទុក ។
ជាមួយនេះដែរ លោកជំទាវ បានបញ្ជាក់ឱ្យដឹងដែរថា៖ «លោកជំទាវនឹងបន្តជួយ និងគាំទ្របន្តទៀត ដល់សាលាបឋមសិក្សាតាំងក្រសាំងដូចជាសម្ភារឧបករណ៍សិក្សា ផ្សេងៗទៀតដូចជា ៖ កុំព្យូទ័រសម្រាប់បន្ទប់ LAB កុំព្យូទ័រសម្រាប់គ្រូបង្រៀន រៀបចំជួសជុល អគារសិក្សាដែលពុំទាន់ស្របតាមស្ដង់ដាកំណត់ សាងសង់កន្លែងលាងដៃ និងរៀបចំទីលាន កីឡាបាល់បោះ ជាដើមផងដែរ ។ ដូចនេះ ដើម្បីសម្រេចបានជាសាលារៀនគំរូ និងជាប់ជាជ័យលាភី ដោយផ្អែកលើសូចនាករ ខាងលើ សាលារៀនត្រូវប្រតិបត្តិ និងសម្រេចបាននូវស្តង់ដាធំៗ ចំនួន ៥ ដែលរួមមាន៖ ស្តង់ដា ទី១-លទ្ធផលសិក្សារបស់សិស្ស, ស្តង់ដាទី២-ដំណើរការបង្រៀន និងការរៀន, ស្តង់ដាទី៣-ការ ចូលរួមរបស់សហគមន៍, ស្តង់ដាទី៤-ដំណើរប្រតិបត្តិការ និងរដ្ឋបាលរបស់សាលារៀន និង ស្តង់ដាទី៥-គណនេយ្យភាពរបស់សាលារៀន» ។
សូមបញ្ជាក់ថា÷ការប្រកួតប្រជែងនេះ ក្រសួងអប់រំ យុវជន និងកីឡានឹងធ្វើការ វាយតម្លៃ និងកំណត់នូវសូចនាករទូទៅចំនួន ៤ ចំណុចដើម្បីកំណត់សាលាគំរូ ដែលអាច ទទួលបានជ័យលាភី រួមមាន ៖
១. ការលើកម្ពស់អភិបាលកិច្ចរបស់សាលារៀន
២. ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្រប ទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបទរបស់សិស្ស
៣. ការយកចិត្តទុកដាក់ លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់ កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារតាមសាលា និង៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ។
សម្ភារ និងឧបករណ៍ សិក្សាចាំបាច់ដែលលោកជំទាវបណ្ឌិត ជា សិរី នាំយកទៅប្រគល់ជូនដល់សាលាបឋមសិក្សាតាំងក្រសាំង រួមមាន ៖ សៀវភៅរឿងសម្រាប់កុមារ , កង្ហារភ្ជាប់នឹងជញ្ជាំង ,អំពូលភ្លើង, ឧបករណ៍បញ្ចាំងស្លាយ (Projector) , កង និងសំណាញ់បាល់បោះ ,ស្គរតន្ត្រី ,ព្យាណូ ,ហ្គីតា , ក្ដារចុចភ្លេងដោយប្រើខ្យល់ផ្លុំ និង សម្ភារ និងថ្នាំពេទ្យសម្រាប់សង្គ្រោះបឋម ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ