ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទូក ង «​ធី​វេ​ត​តេជះ​ឈ្នះ ​អស់​ការ​លំបាក​» របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រៀមខ្លួន​រួចរាល់​ ដើម្បី​ចូលរួម​ប្រកួតប្រណាំង ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម សឹង ម៉ុ​ន អនុប្រធាន​នៃ​អនុ​គណៈកម្មការ​គ្រប់គ្រង និង​ទ្រទ្រង់​ទូក ង នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម សឹង ម៉ុ​ន អនុប្រធាន​នៃ​អនុ​គណៈកម្មការ​គ្រប់គ្រង និង​ទ្រទ្រង់​ទូក ង នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា ទូក ង «​ធី​វេ​ត​តេជះ​ឈ្នះ​អស់​ការ​លំបាក​» ដែល​ឧបត្ថម្ភ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចូលរួម​ប្រកួតប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ចាប់ពី​ថ្ងៃ​ទី​១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ​ខាង​មុខ ​។

បើ​តាម​ឯកឧត្តម សឹង ម៉ុ​ន បាន​ពន្យល់​ថា ទូក ង ធី​វេ​ត​តេជះ​ឈ្នះ​អស់​ការ​លំបាក​ ដែល​ឧបត្ថម្ភ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ គឺ​មាន​អត្ថន័យ​សំដៅលើ វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជា​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ថ្នាក់​ជាតិ​ដែល​កំពុង​ចូលរួម​យ៉ាង​សកម្ម​លើ​ការ​ផលិត​មូលធន​មនុស្ស និង​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ឱ្យ​មាន​ជំនាញ ចំណេះដឹង សមត្ថភាព ដល់​យុវជន និង​ពលរដ្ឋ​ទូទៅ​ជា​ពិសេស​កម្មវិធី TVET ១,៥​ លាន​នាក់ គឺ​ផ្តល់​ការ​បណ្តុះបណ្តាល​ដោយ​ឥត​គិតថ្លៃ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ទៀត​ផង សម្រាប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ​។

ឯកឧត្តម បាន​គូសបញ្ជាក់​បន្ថែម​ថា ទូក ង «​ធី​វេ​ត​តេជះ​ឈ្នះ​អស់​ការ​លំបាក​» មានការ​ប្តេជ្ញា​ខ្ពស់​ក្នុង​ការ​ប្រជែង​ យកជ័យ​លា​ភី​ជូន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​បង្ហាញ​ពីសក្តានុពល​លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ជួយ​លើកកម្ពស់ ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ ​ថ្នាក់​ជាតិ​មួយ​នេះ​ឱ្យ​កាន់តែ​ទូលំទូលាយ​ ដល់​ស្រទាប់​មហាជន យុវជន​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ​ ។

បន្ថែម​ពី​នេះ ឯកឧត្តម ក៏​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សាធារណជន​ចូលរួម​ទស្សនាការ​ប្រណាំងទូក ង នា​ថ្ងៃ​ទី​១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ខាង​មុខ​នេះ ឱ្យ​បាន​ច្រើន​កុះករ ​ដើម្បី​ផ្តល់​កម្លាំងចិត្ត​ដល់​កីឡាករ​ទូក ង​ ៕ អត្ថបទសហការ