ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ពង្រីកបន្ថែមជើងហោះហើរត្រង់ទៅកាន់ទីក្រុងសិង្ហបុរី ដែលជាការពង្រឹងការតភ្ជាប់ជើងហោះហើរអន្តរជាតិក្នុងសហគមន៍អាស៊ាន

1 ខែ មុន

រាជធានីភ្នំពេញ, ថ្ងៃទី 9 វិច្ឆិកា 2024 ៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia (មានជើងហោះហើរ​លេខ…

រាជធានីភ្នំពេញ, ថ្ងៃទី 9 វិច្ឆិកា 2024 ៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia (មានជើងហោះហើរ​លេខ KT) មានសេចក្តីសោមនស្សប្រកបដោយមោទនភាព បើកសម្ពោធជើងហោះហើរត្រង់ជាលើកដំបូង ពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងសិង្ហបុរី ដែលនេះ គឺជាជំហានដ៏មានសក្តានុពល ក្នុងការពង្រីកផែនការទីផ្សារ​អន្តរជាតិស្របពេលដែល AirAsia កំពុងរក្សាតំណែងក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខក្នុងសហគមន៍អាស៊ាន ។

ជើងហោះហើរថ្មីនេះ នឹងដើរតួយ៉ាងយ៉ាងសំខាន់ក្នុងការតភ្ជាប់គោលដៅដ៏ពេញនិយមនៃប្រទេស​​ទាំងពីរ
តាមរយៈការផ្តល់ជូននូវការធ្វើដំណើរប្រកបដោយភាពងាយស្រួល និងជាឱកាសក្នុងការស្វែងរក
បទពិសោធន៍ថ្មីនូវ​វប្បធម៌ និងសេដ្ឋកិច្ចរវាង កម្ពុជា និងសិង្ហបុរី ។

ជើងហោះហើរលេខ KT 320 បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅវេលា​ម៉ោង ៨:៤៥ នាទីព្រឹក (ម៉ោងកម្ពុជា) ហើយបានចុះចតយ៉ាងរលូននៅស្ថានីយ៍ទី ៤ នៃអាកាសយាន​ដ្ឋាន​ឆាងហ្គី ទីក្រុងសិង្ហបុរី នៅវេលាម៉ោង ១២:០០ ថ្ងៃត្រង់ (ម៉ោងសិង្ហបុរី) ។

ទន្ទឹមនឹងការចុះចតដោយជោគជ័យនៃជើងហោះហើរមួយនេះ អ្នកដំណើរទាំងអស់ត្រូវបានទទួលការ​ស្វាគមន៍​យ៉ាងកក់ក្តៅពីវត្តមានរបស់លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍  AirAsia Cambodia​ និង លោក Logan Velaitham នាយកគ្រប់គ្រងនៃក្រុមហ៊ុន អាកាសចរណ៍ AirAsia ប្រចាំទីក្រុងសិង្ហបុរី និងជាតំណាងប្រតិបត្តិករអាកាសយានដ្ឋាន ក្រុមហ៊ុន Changi Airport Group និងក្រុមហ៊ុនផ្តល់សេវាកម្មក្នុងអាកាសយានដ្ឋាន SATS Ltd. អមដោយជាមួយនឹងបុគ្គលិកក្រុមហ៊ុន AirAsia​ Allstars ដោយមានការចែកជូននូវ​វត្ថុអនុស្សាវរីយ៍​​ក្នុង​ឱកាស​ដ៏វិសេសវិសាលមួយនេះ ។

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានមាន​ប្រសាសន៍​ថា ៖ “ការបើកដំណើរការជើងហោះហើរត្រង់លើកដំបូងពីទីក្រុងសៀមរាបទៅកាន់ទីក្រុងសិង្ហបុរី នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រកបដោយមោទនភាពសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ដែលបានចាប់ផ្តើមបើកប្រតិបត្តិការជើង​ហោះហើរ ជាលើកដំបូងបង្អស់ តាំងពីខែ​ឧសភា​កន្លង​មកនេះ ។ យើងនៅតែបន្តយកចិត្តទុកដាក់ក្នុងការធានាថា​ ​អ្នក​ដំណើរ​គ្រប់មជ្ឈដ្ឋានទទួលបានការហោះហើរក្នុងតម្លៃ​សមរម្យ​បំផុត និងបានជំរុញ​យើងខ្ញុំក្នុងការពង្រឹង​សុវត្ថិភាព​​ការធ្វើដំណើរប្រកបដោយ ភាពងាយស្រួលទៅ​កាន់​គោលដៅដែលអ្នកដំណើរចូលចិត្ត និងស្វែងរក​នូវបរិយាកាសថ្មីៗ​សម្រាប់​ប្រជាជន​កម្ពុជា និង​ភ្ញៀវ​ទេសចរ​មកពីជុំវិញសហគមន៍អាស៊ាន ។

“​តាមរយៈការជំរុញឱ្យមានកំណើនទេសចរណ៍នៅក្នុងប្រទេសទាំងពីរ ការតភ្ជាប់ជើងហោះហើរនេះ ពិតជាបាន​គាំទ្រដល់​សេដ្ឋកិច្ចក្នុងតំបន់យ៉ាងពេញទំហឹង និងធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំ” ។ កម្ពុជា និងសិង្ហបុរី គឺជា​ប្រទេស​​ដ៏រស់រវើកសម្បូរទៅដោយប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ល្អឥតខ្ចោះដែលបានទាក់ទាញកំណើនភ្ញៀវ​ទេសច​រ​យ៉ាងច្រើនកុះករមកពីជុំវិញពិភពលោក ។ ជាមួយប្រាសាទអង្គរវត្ត ដែលជាតំបន់ប្រវត្តិសាស្ត្រដ៏​អស្ចារ្យ​នៃខេត្តសៀមរាបបានផ្តល់នូវទិដ្ឋភាពដែលមិនអាចកាត់ថ្លៃបាននៃបេតិកភណ្ឌខ្មែរ ។ ក្រុមហ៊ុនអាកាសចរណ៍  AirAsia Cambodia រីករាយស្វាគមន៍អ្នកដំណើរមកពីសិង្ហបុរី ដើម្បីស្វែងយល់ពីភាពអស្ចារ្យនៃប្រទេសកម្ពុជា ស្របពេលដែល អ្នកដំណើរពីប្រទេសកម្ពុជាក៏អាចចូលទៅកាន់កន្លែងដ៏ទាក់ទាញ​លំដាប់ពិភពលោក​របស់​សិង្ហបុរី​ផងដែរ ។

ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ក៏បានប្រារព្ធពិធីអបអរសាទរ​ជើងហោះហើរ​ត្រង់ លើកដំបូងរបស់ខ្លួនដែលនឹងធ្វើដំណើរចេញពី សិង្ហបុរីមកកាន់សៀមរាប នាពេលរសៀល ក្នុងថ្ងៃ​ដដែល​តាមរយៈជើងហោះហើរ លេខ KT ៣២១ អ្នកដំណើរទាំងអស់ទទួលបាន ការជូនដំណើរ​យ៉ាង​កក់ក្តៅ​ពី​សំណាក់ បុគ្គលិកក្រុមហ៊ុន AirAsia​ Allstars។

សិង្ហបុរី ជាទីក្រុងដែលគេស្គាល់ថា ” Lion City ” ចម្រុះដោយ វប្បធម៌ ប្រពៃណី និងភាពទាន់សម័យ ។ ភ្ញៀវទេសចរត្រូវបានទាក់ទាញដោយសម្រស់ទេសភាពយ៉ាងរស់រវើករបស់ទីក្រុងប្រកបដោយភាព អ៊ូអរ និង​​ទីកន្លែង​ជាច្រើនដែលមានឈ្មោះល្បីល្បាញទូទាំងពិភពលោកដូចជា Gardens by the Bay, Marina Bay Sands និងទិដ្ធភាពដ៏រស់រវើកនៃវិថី Orchard ។ ជាពិសេសភាពសម្បូរបែប​នៃវប្បធម៌​ចម្រុះ រួមមាន Chinatown និង Little India ដែលនឹងផ្តល់បទពិសោធន៍ថ្មីសម្រាប់ការស្វែងយល់អំពីវប្បធម៌ប្រពៃណី និងប្រវត្តិសាស្រ្ត ព្រមទាំងកន្លែងជាច្រើនដ៏សម្បូរបែបសម្រាប់ការធ្វើដំណើរកម្សាន្តជា​លក្ខណៈគ្រួសារ​រួមមាន Universal Studios Singapore និងសួនសត្វសិង្ហបុរី ដែលជាបណ្តុំជីវៈចម្រុះ សាកសមបំផុតសម្រាប់មនុស្សគ្រប់វ័យ ។

ការសម្ពោធជើងហោះហើរត្រង់ថ្មីនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការប្តេជ្ញាចិត្ត​របស់ ក្រុមហ៊ុនអាកាស​ចរណ៍ AirAsia Cambodia ក្នុងការផ្សារ​ភ្ជាប់ទំនាក់ទំនង និងពង្រឹង​ការតភ្ជាប់ការហោះហើរត្រង់រវាង​ប្រទេសនៅ​ក្នុង​សហគមន៍អាស៊ាន ព្រមទាំងជំរុញកំណើនភ្ញៀវទេសចរណ៍ទូទាំងតំបន់អាស៊ាន ឱ្យកាន់តែច្រើនកុះករ ។

កាលវិភាគជើងហោះហើររវាង សៀមរាប – សិង្ហបុរី

គោលដៅហោះហើរលេខជើងហោះហើរម៉ោងចេញដំណើរម៉ោងទៅដល់ចំនួនជើងហោះហើរ
សៀមរាប- សិង្ហបុរីKT 32008:4512:00អង្គារ, ព្រហស្បត្តិ៍, សៅរ៍, អាទិត្យ
សិង្ហបុរី-សៀមរាបKT 32112:4013:50អង្គារ, ព្រហស្បត្តិ៍, សៅរ៍, អាទិត្យ

ម៉ោងចេញដំណើរ និងម៉ោងទៅដល់ គឺគិតជាទម្រង់ 24 ម៉ោង ៕ អត្ថបទសហការ