ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

SCG បន្ដ​គាំទ្រ​ដល់​ការ​សិក្សា​របស់​យុវជន​កម្ពុជា តាម​រយៈការ​ផ្ដល់​ជូន​អាហារូបករណ៍ «SCG ចែករំលែក​ក្ដី​សុបិន​សម្រាប់​បរិស្ថាន​បៃតង​ជំនាន់ថ្មី ឆ្នាំ ​២០២៤»

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន SCG ដែល​ជា​ក្រុមហ៊ុន​ផលិត និង​ផ្គត់ផ្គង់​គ្រឿង​សម្ភារ​សំណង់ ឈានមុខ​គេ​នៅ​ក្នុង​តំបន់​អាស៊ាន បាន​ប្រារព្ធ​រៀបចំ​កម្មវិធី​ប្រគល់​អាហារូបករណ៍ «SCG ចែករំលែក​ក្ដី​សុបិន…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន SCG ដែល​ជា​ក្រុមហ៊ុន​ផលិត និង​ផ្គត់ផ្គង់​គ្រឿង​សម្ភារ​សំណង់ ឈានមុខ​គេ​នៅ​ក្នុង​តំបន់​អាស៊ាន បាន​ប្រារព្ធ​រៀបចំ​កម្មវិធី​ប្រគល់​អាហារូបករណ៍ «SCG ចែករំលែក​ក្ដី​សុបិន សម្រាប់​បរិស្ថាន​បៃតង​ជំនាន់​ថ្មី ឆ្នាំ ​២០២៤» ជូន​ដល់​សិស្សានុសិស្ស​មក​ពី​បណ្ដា​ខេត្ត​នានា​នៅ​ទូ​ទាំង​ប្រទេស ​។

កម្មវិធី​ដ៏​ពោរពេញ​ទៅ​ដោយ​អត្ថន័យ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​៧ វិច្ឆិកា ២០២៤ ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ពី​សំណាក់​ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការ​ក្រសួង អប់រំ យុវជន និង​កីឡា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និង​កីឡា , លោកស្រី Ek-on Khunacharoen ភារធារី​នៃ​ស្ថានទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា​, លោក Ratchayut Kasemchaisiri, អគ្គនាយក​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន SCG Cambodia, លោកគ្រូ​អ្នកគ្រូ​សិ​ស្សា​នុស្ស ថ្នាក់ដឹកនាំ និង​បុគ្គលិក​របស់ SCG ជា​ច្រើន​រូប​ទៀត ​។

កម្មវិធី​អាហារូបករណ៍ SCG ចែករំលែក​ក្ដី​សុបិន ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន SCG នៅ​ក្នុង​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ ​២០១៤ មក​ម្ល៉េះ ក្នុង​គោលបំណង​ផ្ដល់​ជូន​នូវ​ឱកាស​អប់រំ សម្រាប់​សិស្សានុសិស្ស ដែល​មាន​សមត្ថភាព​លេចធ្លោ​នៅ​ក្នុង​ការ​សិក្សា រួម​ទាំង​មាន​អត្ត​ចរិតល្អ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​រៀនសូត្រ ពិសេស មាន​ឆន្ទៈ​នៅ​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​សហគមន៍​របស់​ពួក​គេ ​។

គិត​ចាប់តាំងពី​ការ​បង្កើត​ឲ្យ​មាន​ម្ម​វិធី SCG ចែករំលែក​ក្ដី​សុបិន មក​ទល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន SCG បាន​ផ្ដល់​ជូន​អាហារូបករណ៍​ដល់​សិស្ស​សរុប​ចំនួន ២,០០០ នាក់ សរុប​ជា​ទឹកប្រាក់​មាន​ដល់​ទៅ ១​លាន​ដុល្លារ​អា​មេ​រិ​ក​។ យ៉ាងណាមិញ នៅ​ឆ្នាំ​២០២៤​នេះ កម្មវិធី​អាហារូបករណ៍ SCG ចែករំលែក​ក្ដី​សុបិន ដើម្បី​បរិស្ថាន​បៃតង​ជំនាន់​ថ្មី បាន​ផ្ដល់​ជូន​អា​ហ​រូបករណ៍​ចំនួន ១៥៦ បន្ថែម​ទៀត ដែល​គិត​ជា​ទឹកប្រាក់​មាន​តម្លៃ​ប្រមាណ ៤៨,៤០០ ដុល្លារ​អា​មេ​រិ​ក សម្រាប់​សិស្សានុសិស្ស​មក​ពី​រាជធានី​/​ខេត្ត​ចំនួន​៣ រួម​មាន ភ្នំពេញ កណ្ដាល និង​កំពត ​។

ថ្លែង​នៅ​ក្នុង​ពិធី​ដ៏​វិសេសវិសាល​នេះ ឯកឧត្តម សោម រតនា អនុ​រដ្ឋ​លេខា​នៃ​ក្រសួង អប់រំ យុវជន និង​កីឡា បាន​គូសបញ្ជាក់​ថា ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ក្រុមហ៊ុន SCG បាន​ដើរតួ​នាទី​ដ៏​សំខាន់ នៅ​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​។ ទន្ទឹម​នឹង​នេះ ជា​ផ្នែក​មួយ​ក្នុង​ទំនួល​ខុស​ត្រូវ​សង្គម SCG បាន​ចូលរួម​យ៉ាង​សកម្ម នៅ​ក្នុង​គំនិត​ផ្ដួចផ្ដើម និង​សកម្មភាព​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ​។

ជាមួយ​គ្នា​នេះ លោកស្រី Ek-on Khunacharoen ភារធារី នៃ​ស្ថានទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា បាន​សង្កត់ធ្ងន់​ដែរ​ថា ការ​ផ្ដល់​ជូន​អាហារូបករណ៍​របស់ SCG នេះ​ជា​រៀង​រាល់​ឆ្នាំ​នេះ មិន​ត្រឹមតែ​បង្ហាញ​ឲ្យ​ឃើញ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​សកម្ម​របស់​ក្រុមហ៊ុន ក្នុង​ការ​ជួយ​ជំរុញ​លើក​ស្ទួយ​ដល់​ការ​អប់រំ​យុវជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ ក៏​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន SCG នៅ​ក្នុង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព តាម​រយៈ​ការ​អប់រំ​នៅ​ទូ​ទាំង​តំបន់​អាស៊ាន ​។

លោក Ratchayut Kasemchaisiri អគ្គនាយក​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន SCG Cambodia បាន​គូស​រំលេច​អំពី ការ​បន្ដ​ប្តេជ្ញា​ចិត្ត​ដ៏​មោះមុត​របស់​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ នៅ​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​វិស័យ​អប់រំ និង​ការ​ពង្រីក​កាន់តែ​ធំ​ទូលាយ​នូវ​គោលដៅ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​លើ​ផ្នែក​បរិស្ថាន ​។

លោក Kasemchaisiri បាន​មាន​ប្រសាសន៍​ថា « SCG ជឿជាក់​ថា ធនធានមនុស្ស គឺជា​ធនធាន​ដ៏​មាន​តម្លៃ​បំផុត សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។ គិត​តាំងពី​ឆ្នាំ ២០១៤ ​មក យើង​បាន​ផ្ដល់​ជូន​អាហារូបករណ៍ ដល់​សិស្សានុសិស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​វា គឺជា​ការ​រួមចំណែក​ដ៏​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​លើក​ស្ទួយ​ដល់​អ្នកដឹកនាំ​ជំនាន់​ក្រោយ និង​អ្នក​បង្កើត​ស្នាដៃ​គំនិត​ច្នៃប្រឌិត​ថ្មី​ៗ​» ។​

លោក​បន្ថែម​ទៀត​ថា «SCG មាន​មោទនភាព​ក្នុង​ការ​គាំទ្រ​ដល់​សិស្សានុសិស្ស​កម្ពុជា ដែល​មានគុណ​តម្លៃ​នៅ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ សុចរិត​ភាព និង​និរន្ដរភាព ​។ មិនតែប៉ុណ្ណោះ យើង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ដ​ផ្ដល់​អាហារូបករណ៍​សម្រាប់​សិស្សានុសិស្ស​នៅ​ឆ្នាំ​បន្ដបន្ទាប់​ទៀត» ​។​

ក្រៅពី​ការ​រួមចំណែក​ជួយ​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា SCG ក៏​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ចំពោះ​និរន្ដរភាព​បរិស្ថាន​ផង​ដែរ ពោល​គឺ ក្រុមហ៊ុន​អន្តរជាតិ​មួយ​នេះ មាន​គោលដៅ នឹង​កាត់​បន្ថយ​ការ​បំ​ភាយ​សារធាតុ​កាបូន​សុទ្ធ ឲ្យ​នៅ​សល់​កម្រិត​សូន្យ នៅ​ត្រឹម​ឆ្នាំ ២០៥០​។ ជាក់ស្ដែង បច្ចុប្បន្ន​នេះ ការ​ផលិត​ផលិតផល​របស់​ក្រុមហ៊ុន SCG ដូច​ជា ស៊ីម៉ងត៍​, បេតុង​, ក្បឿង​ប្រក់​ដំបូល និង​សម្ភារៈ​សំណង់​ផ្សេង​ៗ​ទៀត សុទ្ធតែ​បាន​ប្រើប្រាស់​បច្ចេកទេស​ផលិត ដែល​បញ្ចេញ​សារធាតុ​កាបូន​ទាប​បំផុត ដែល​រួម​បញ្ចូល​ទាំង​ការ​ប្រើប្រាស់​វត្ថុធាតុដើម​បៃតង និង​ឥន្ធនៈ​ប្រកបដោយ​និរន្ដរភាព ដូច​ជា ថាមពលជីវម៉ាស​ជាដើម ​។ លើស​ពី​នេះ SCG ក៏​បាន​និង​កំពុង​បង្កើន​ការ​ប្រើប្រាស់​ថាមពល​ស្អាត​ជា​រៀង​រាល់​ឆ្នាំ ដូច​ជា​ការ​បំពាក់​ផ្ទាំង​ស្រូប​ពន្លឺព្រះអាទិត្យ ឬ​សូ​ឡា នៅ​តាម​រោងចក្រ​ជាដើម​។ ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន SCG កំពុង​អនុវត្ត​គម្រោង​ជីវចម្រុះ និង​ការ​ស្តារ​ឡើង​វិញ ដោយ​ដាំ​ដើមឈើ​បន្ថែម​ជុំវិញ​រោងចក្រ​របស់​ខ្លួន ដើម្បី​ជួយ​ពង្រីក​ទីធ្លា​បៃតង និង​លើកកំពស់​បរិស្ថាន​ ។

អំពី​ក្រុមហ៊ុន SCG
ក្រុមហ៊ុន SCG គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ ​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​ក្រុមហ៊ុន​ដែល​មានការ​អនុវត្ត​អាជីវកម្ម​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​។ ក្រុមហ៊ុន​កំពុង​បង្កើន​ប្រតិបត្តិការ​របស់​ខ្លួន​ដោយ​ការ​រួម​បញ្ចូល​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) របស់​អង្គការសហប្រជាជាតិ តាម​រយៈ​វិធីសាស្ត្រ “ESG 4 Plus” ដោយ​សង្កត់ធ្ងន់​ទៅ​លើ​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឱ្យ​ដល់​កម្រិត​សូន្យ ជំរុញ​ភាព​បៃតង កាត់​បន្ថយ​វិសមភាព និង​ពង្រឹង​កិច្ចសហការ​ជាមួយនឹង​ភាព​ជឿ​ទុកចិត្ត​តាម​រយៈ​តម្លាភាព ៕ អត្ថបទសហការ