ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀន​សហគមន៍​២១ សាខា​ទី ​៩ ឫស្សី​កែវ បើក​សម្ពោធ​ជា​ផ្លូវការ ដើម្បី​ជួយ​ជំរុញ​កសាងសមត្ថភាព និង​អភិវឌ្ឍ​ធនធានមនុស្ស

8 ខែ មុន

រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ២១ ខែកញ្ញា ឆ្នាំ​ ២០២៤​នេះ សាលារៀន​សហគមន៍ ​២១ សាខា​ទី​…

រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ២១ ខែកញ្ញា ឆ្នាំ​ ២០២៤​នេះ សាលារៀន​សហគមន៍ ​២១ សាខា​ទី​ ៩ ឬ​ស្សី​កែវ​បាន​សម្ពោធ​ជា​ផ្លូវការ ក្នុង​ទិស​ដៅ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​ជំរុញ​កសាង​សមត្ថភាព និង​អភិវឌ្ឍ​ធនធានមនុស្ស​សំដៅ​រួមចំណែក​បង្កើត​កំណើន​សេដ្ឋកិច្ចជាតិ​ ។

លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន​បាន​មាន​ប្រសាសន៍​ថា “​បើ​ប្រៀបធៀប​ក្នុង​តំបន់ ចំនួន​ប្រជាជន​កម្ពុជា​របស់​យើង​ជាមួយ​ប្រទេស​ជិតខាង យើង​នៅ​មាន​ចំនួន​តិច​នៅឡើយ មិន​អាច​ប្រកួតប្រជែង​កំលាំង​បាន​ទេ​។ ចំណែក​ធនធានមនុស្ស​នៅ​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត ដូចនេះ​យើង​ត្រូវការ​កសាង និង​អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យ​មានចំណេះ ជំនាញ សមត្ថភាព សំដៅ​រួមចំណែក​ជួយ​បង្កើត​កំណើន​សេដ្ឋកិច្ចជាតិ តាម​រយៈ​ការ​ពង្រឹង ភាព​ប្រកួតប្រជែង និង​ការ​លើកកម្ពស់​លទ្ធភាព ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​ ។​”

លោក​ឧកញ៉ា​បាន​បន្ថែម​ទៀត​ថា “​សាលារៀន​របស់​យើង​បាន​ចូលរួម​កសាង​មូល​គ្រឹះ​ជា​គោល​លើ​ការ​ពង្រឹង​អក្សរសាស្ត្រ​ជាតិ និង​វប្បធម៌​ជាតិ ពោល​គឺ​ផ្តោត​លើ​អំ​ណា​ន ការ​គិត​ត្រិះ​រិ​ពិចារណា វិភាគ​ស៊ីជម្រៅ ទំនាក់ទំនង សីលធម៌ និង​សុជីវធម៌​ ។ ”

ម្ចាស់​គ្រឹះស្ថាន​អប់រំ​ខាងលើ​បាន​បន្ថែម​ទៀត​ថា “​សាលារៀន​សហគមន៍​បាន​បញ្ចូល​កម្មវិធី​សិក្សា​អម​ដែល​នាំ​មក​ពី​ក្រៅប្រទេស ដោយ​ផ្តោត​ទៅ​លើ​បំ​ណិ​ន​ជីវិត និង​ជំនាញ​សតវត្សរ៍​ទី​២១​ដូច​ជា កម្មវិធី​បណ្តុះបណ្តាល​ទម្លាប់​ល្អ​ទាំង​៧​សម្រាប់​បុគ្គល​ឆ្នើម ដែល​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍភាព​ជា​អ្នកដឹកនាំ និង​ចរិយា​សម្បទា កម្មវិធី​បណ្តុះបណ្តាល​ចំណេះដឹង​ហិរញ្ញវត្ថុ សេដ្ឋកិច្ច និង​សហ​គ្រិ​ភាព ដែល​ជួយ​ជំរុញ​ឳ្យ​សិស្សានុសិស្ស​ចេះ​ប្រើប្រាស់ និង​សន្សំ​លុយ​ប្រកបដោយ​ប្រសិទ្ធភាព ក៏​ដូច​ជា​ធ្វើ​អាជីវកម្ម​ជាដើម​។ លើស​ពី​នេះ កម្មវិធី​សិក្សា​អម​ក៏​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​បុគ្គល​លក្ខណៈ ការ​ប្រាស្រ័យ​ទាក់ទង បំ​ណិ​ន​ជីវិត វប្បធម៌​ចម្រុះ ដើម្បី​ប្រាកដប្រជា​ថា​សិស្ស​អាច​សម្រប​ខ្លួន​រស់នៅ ប្រកប​អាជីវកម្ម និង​បំពេញការងារ​ក្នុង​មជ្ឈដ្ឋាន​ប្រទេស​កម្ពុជា​និង​អន្តរជាតិ​ ។

សាលារៀន​សហគមន៍​២១ ផ្តល់​សេវាកម្ម​អប់រំ​លើ​កម្មវិធី​អប់រំ​និង​ថែទាំ​កុមារ​តូច (​ចាប់ពី​កុមារ​អាយុ​១​ឆ្នាំ​កន្លះ​ឡើង​) កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស កម្មវិធី​ចំណេះ​ទូទៅ​ភាសា​ខ្មែរ​ចាប់ពី​ថ្នាក់​ទី​១ ដល់ទី​៦ និង​កម្មវិធី​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​។ សាលារៀន​ស្ថិ​ន​នៅ​អគារ​លេខ​៥៩ ផ្លូវជាតិ​លេខ ៥ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ (Google Map: https://shorturl.at/ixF9T)​។

លើស​ពី​នេះ សាលារៀន​បន្ថែម កម្មវិធី​ប្រកួតប្រជែង​សមត្ថភាព ដំណើរ​ទស្សនកិច្ច​សិក្សា​ក្នុង​និង​ក្រៅប្រទេស ប្រព័ន្ធ​បច្ចេកវិទ្យា​អប់រំ បំ​ណិ​ន​ជីវិត កម្មវិធី​សិក្សា​កុំព្យូទ័រ និង​សេវា​ពិនិត្យ​សុខភាព ព្រមទាំង​មាន​ដៃគូ​សហការ​អប់រំ​ក្នុង​និង​ក្រៅប្រទេស​ផង​ដែរ​។

សូម​ជម្រាប​ថា សាលារៀន​សហគមន៍​២១​គឺជា​បុត្រ​សម្ព័ន្ធ​របស់​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ហើយ​សាលារៀន​នេះ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០២២ ក្នុង​ទិស​ដៅ​ចូលរួម​ចំណែក​អភិវឌ្ឍ​ការ​អប់រំ សេដ្ឋកិច្ច​មូលដ្ឋាន និង​ភាព​ជា​អ្នកដឹកនាំ​ដល់​កុមារ និង​យុវជន​នៅ​តំបន់​ជាយក្រុង និង​បណ្តាល​ខេត្ត​។ គិត​មក​ត្រឹម​ឆ្នាំ​២០២៤​នេះ សាលារៀន​សហគមន៍​២១ មាន​សាខា​ចំនួន​៩៖ សាខា​ក្រាំងធ្នង់ សាខា​ព្រែក​អ​ញ្ជា​ញ សាខា​ផ្សារ​គគីរ សាខា​ស​ន្ទុ​ក​ខេត្តកំពង់ធំ សាខា​បឹង​ធំ សាខា​កំ​បូល សាខា​ពញាឮ សាខា​តំបែរ​ខេត្ត​ត្បូងឃ្មុំ និង​សាខា​ឬ​ស្សី​កែវ ៕ អត្ថបទសហការ