រាជធានីភ្នំពេញ ៖ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ១០ខែកញ្ញាឆ្នាំ ២០២៤ នេះ បានមានប្រសាសន៍ថា កម្ពុជាបានសំឡឹងឃើញសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកាន់ខ្ជាប់យន្តការពហុភាគីនិយមកម្រិតតំបន់ ដែលធ្វើការផ្អែកលើកូសង់ស៊ីស (Consensus) មិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា និងជាស្ថាប័នតំបន់ដែលមានដៃគូសហប្រតិបត្តិការច្រើន ។
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថា ពិសេសក្រោមប្រធានបទ ៖ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» ក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី ២៥ នៅសាធារណរដ្ឋកូរ៉េ ។ សម្តេចតេជោ បានមានប្រសាសន៍ប្រាប់ទៅអង្គវេទិកាថា ក្នុងរយៈពេល ៦០ ឆ្នាំមកនេះ អាស៊ាន បានជួបបញ្ហាជាច្រើន ប៉ុន្តែ អាស៊ាន មិនបានថយក្រោយនោះទេ គឺឆ្ពោះទៅមុខជានិច្ច និងរឹងមាំកាន់តែខ្លាំងឡើង ដោយប្រទេសជាច្រើនចង់បានអាស៊ានធ្វើជាដៃគូ ចង់ប្រើប្រាស់វេទិកាជាទៀងទាត់ដែលដឹកនាំដោយ អាស៊ាន ។
សហគមន៍អន្តរជាតិ បានទទួលស្គាល់នូវភាពចាំបាច់នៃវេទិកាអាស៊ាន មជ្ឈភាពអាស៊ាន និងអំណាចកោះប្រជុំរបស់អាស៊ាន ដែលមានឥទ្ធិពលប្រមូលផ្តុំគ្រប់តួអង្គសំខាន់ៗនៅក្នុងពិភពលោក ។ ជាក់ស្តែងកន្លងមកនេះមានប្រទេស ៥៤ ប្រទេសហើយ ដែលបានក្លាយទៅជាភាគីសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានស្ថានទូតប្រចាំនៅតំបន់អាស៊ានរហូតដល់ ៩៥ ប្រទេសផងដែរ ។ សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា ៖ «កម្ពុជាបានសំឡឹងឃើញ អាស៊ាន ជាយន្តការពហុភាគីនិយមកម្រិតតំបន់ ដែលធ្វើការផ្អែកលើកូសង់ស៊ីស មិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា និងជាស្ថាប័នតំបន់ដែលមានដៃគូសហប្រតិបត្តិការ ដែលចំណុចទាំងនេះ គឺជាភាពទាក់ទាញខ្លាំងសម្រាប់នយោបាយការទូតរបស់កម្ពុជា» ។
ផ្ទៃក្នុង អាស៊ាន គឺអាចរក្សាសាមគ្គីភាពផ្ទៃក្នុងបានស្អិតល្មួត ដោយសារតែគោលការណ៍សំខាន់ ២ គឺការសម្រេចដោយកូសង់ស៊ីស និងការមិនជ្រៀតជ្រែកប្រទេសផងគ្នា មួយវិញទៀតប្រទេសនីមួយៗសុទ្ធតែមានសិទ្ធិស្មើៗគ្នា មិនថាតូច ឬធំ មាន ឬក្រ ហើយទាំងអស់គ្នាមានលទ្ធភាពពេញលេញក្នុងការចូលរួមក្នុងការកសាងសហគមន៍មួយ ដែលបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ