ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ បន្ត​ចុះ​ផ្សព្វផ្សាយ​កម្មវិធី​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល នៅ​ខេត្តកំពង់ធំ

1 អាទិត្យ មុន

ខេត្តកំពង់ធំ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៤ នេះ បាន​បន្ត​ចុះ​ផ្សព្វផ្សាយ ស្ដី​ពី…

ខេត្តកំពង់ធំ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៤ នេះ បាន​បន្ត​ចុះ​ផ្សព្វផ្សាយ ស្ដី​ពី “​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ និង “​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​” ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពង់ធំ ដោយ​មាន​វត្តមាន​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ សរុប​ប្រមាណ​ជិត ៣០០​ នាក់ ​។

ឯកឧត្តម ហួត ស៊ី​នាដ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ សម្រាប់​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ ដោយ​ក្នុង​នោះ​អ្នក​នៅ​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ត្រូវ​ទទួល​បាន​អត្ថប្រយោជន៍ កម្រិត​ទី​១ ដែល​រួម​មាន សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ ដែល​មាន​ជម្រើស​ទៅ​ព្យាបាល នៅ​មូលដ្ឋាន​សុខាភិបាល​នានា​ជា​ដៃគូ ប​.​ស​.​ស​. បន្ថែម​ពីលើ​មន្ទីរពេទ្យ​រដ្ឋ​, បុគ្គល​ស្វ័​យ​និ​យោជន៍ ជា​ស្ត្រី​ដែល​បង់​ភាគទាន​បាន ៩​ខែ​ជាប់​គ្នា នឹង​ទទួល​បាន​ប្រាក់​បំណាច់​លំហែ​មាតុភាព​នៅ​ពេល​សម្រាលកូន​, និង​ប្រាក់​វិភា​ជន៍​បូជាសព នៅ​ពេល​ពួក​គាត់​ទទួលមរណភាព ​។

ឯកឧត្តម​រដ្ឋ​លេខា លើក​ឡើង​បន្ត​ថា ចំពោះ​ការ​ដាក់​ចេញ​នូវ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​ប្រមាណ ១,៥​ លាន​នាក់ កម្រិត​សញ្ញាបត្រ​បច្ចេកទេស​និង​វិជ្ជាជីវៈ​១ យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ អាច​ចុះ​ឈ្មោះ និង​ទទួល​បានការ​បណ្ដុះបណ្ដាល​នៅ​តាម​បណ្ដា​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នានា ក្នុង​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​១ ដោយ​មិន​បង់ថ្លៃ​សិក្សា និង​ទទួល​បាន​នូវ​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ ២៨​ម៉ឺន​រៀល ​។

ដោយឡែក យុវជន​នានា រួម​ទាំង​បុគ្គល​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​បងប្អូន​កម្មករនិយោជិត​ក៏​អាច​ចូល​រៀន​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​នេះ ដោយ​មិន​បង់ថ្លៃ​ផង​ដែរ ដើម្បី​ទទួល​បាន​ជំនាញ​មួយ​ពិតប្រាកដ ដែល​អាច​យក​ទៅ​បង្កើត​មុខរបរ​ផ្ទាល់ខ្លួន ឬ​ចូល​បម្រើ​ការងារ​នៅ​តាម​សហគ្រាស គ្រឹះស្ថាន​នានា តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ជំនាញ ការ​បង្កើន​ជំនាញ ឬ​បង្កើន​ផលិតភាព​ពេញ​មួយ​ជីវិត រួម​ទាំង​និយោជក ម្ចាស់​សហគ្រាស​ដែល​មាន​បំណង​បង្កើន​ប្រសិទ្ធិ​ភាព ផលិតភាព​ការងារ​និង​ភាព​ប្រកួតប្រជែង​ខ្ពស់ ឬ​ចំណេះដឹង​ផ្នែក​សហគ្រិនភាព​និង​ផ្នែក​ផ្សេង​ៗ​ប្រកបដោយ​ចីរភាព ភាព​ធន់ និង​បរិ​យា​បន្ន ដោយ​រក្សា​បាន​នូវ​ស្ថិរភាព​ការងារ កំណើន ផលិតភាព ប្រាក់​ចំណូល​សមរម្យ លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ និង​ការ​ប្រកួតប្រជែង ​៕ អត្ថបទសហការ