ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទី​ភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃក្រសួង​ការងារ ​ប្រកាស​ពី​ឱកាស​ការងារ​ជាង ​៥​ម៉ឺន​កន្លែង​នៅ​ទូ​ទាំង​ប្រទេស

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​ឱកាស​ការងារ​ក្នុងស្រុក​ចំនួន ៥៣ ២៩៦…

រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​ឱកាស​ការងារ​ក្នុងស្រុក​ចំនួន ៥៣ ២៩៦ កន្លែង ក្នុង​វិស័យ​សំខាន់​ៗ​ចំនួន​បី​ធំ​ៗ សម្រាប់​សាធារណជន យុវជន ងាយស្រួល​ជ្រើសរើស​ចូល​បម្រើ​ការងារ​តាម​ជំនាញ​ដែល​ខ្លួន​មាន​ ។ នេះ​បើ​តាម​ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៤ ។

ឯកឧត្តម​រដ្ឋលេខាធិការ​បានឱ្យ​ដឹង​ថា ឱកាស​ការងារ​ជាង​៥​ម៉ឺន​កន្លែង​នោះ ក្នុង​វិស័យ​ដូច​ជា វិស័យ​ឧស្សាហកម្ម ចំនួន ៤០ ៧៥៣ កន្លែង វិស័យ​កសិកម្ម​ចំនួន ៨៥៤៩ កន្លែង និង​សេវាកម្ម​ចំនួន​៣ ៩៩៤ កន្លែង ដែល​ត្រូវ​បាន​ប្រកាស​ជ្រើសរើស​នៅ​ក្នុង​បណ្តា​ខេត្ត​ជា​ច្រើន​ដូច​ជា​៖ ខេត្តកំពង់ស្ពឺ , ខេត្តកំពង់ឆ្នាំង​, រាជ​រា​ធានី​ភ្នំពេញ​, ខេត្តស្វាយរៀង​, ខេត្ត​រតនគីរី​, ខេត្តក្រចេះ​, ខេត្តតាកែវ​, ខេត្តកណ្តាល​, ខេត្តបន្ទាយមានជ័យ​, ខេត្តកោះកុង​, និង​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត ​។

ឯកឧត្តម​រដ្ឋលេខាធិការ ក៏​បាន​ណែនាំ​ដល់ យុវជន សិស្ស និស្សិត ពិសេស សិក្ខាកាម​ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ប្រញាប់​រួសរាន់​មក​ដាក់​ពាក្យ​ស្វែងរក​ការងារ​ទៅ​តាម​ជំនាញ​របស់​ខ្លួន​ដែល​មាន​។ ប្រសិនបើ​មាន​ច​ម្ង​ល់​សូម​ទំនាក់ទំនង​មក​កាន់​ប្រព័ន្ធ Hotline របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាម​រយៈ​លេខ 1297 ឬ 1286 រៀង​រាល់​២៤ ម៉ោង​ផង​ដែរ ​។

គូសបញ្ជាក់​ផង​ដែរ​ថា ចាប់ពី​ខែសីហា ឆ្នាំ​២០២៣ ដល់​ខែសីហា ឆ្នាំ​២០២៤ ពោល​គឺ​មួយ​ឆ្នាំ​ដំបូង​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រេច​បាន​សមិទ្ធិ​ផល​គួរ​ឱ្យ​កត់សម្គាល់​លើ​កិច្ចការ​ស្វែងរក​ឱកាស​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា ក្នុង​នោះ NEA ទទួល​បាន​អ្នក​មក​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​មាន​ចំនួន ៤២,១១៣ នាក់ ​។

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA) បាន​រៀបចំ​កម្មវិធី “​វេទិកា​ការងារ​” ជា​ច្រើន​លើក​ជា​ប្រចាំ​ដើម្បី​បង្កើត​កន្លែង​ជួប​គ្នា​ដោយ​ងាយស្រួល​រវាង​និយោជក និង​អ្នក​ស្វែងរក​ការងារ ក្នុង​ការ​ដាក់​ពាក្យ និង​សម្ភាស​ការងារ​ភ្លាម​ៗ ដែល​រួម​មាន​៖ កិច្ច​សម្ភាស​ការងារ វេទិកា​ការងារ និង​ពិព័រណ៍​ការងារ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ ដែល​ក្រុមហ៊ុន សហ​គ្រាប់​ធំ​ៗ​ជា​ច្រើន​អាច​ចូលរួម​ដាក់​តាំង​បង្ហាញ​ឱកាស​ការងារ​ជូន​សាធារណជន​។ លើស​ពី​នេះ NEA ក៏​មាន​មជ្ឈមណ្ឌល​ការងារ​ចំនួន ១៤ និង​មជ្ឈមណ្ឌល​ការងារ​ចល័ត​ចំនួន ៧ ដើម្បី​ផ្តល់​សេវា​ការងារ​ដោយ​ផ្ទាល់ ជូន​យុវជន សិស្ស​/​និស្សិត​នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​សាកលវិទ្យាល័យ​នានា​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ ៕ អត្ថបទសហការ