ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ធំ​ៗ ២០ នឹង​ផ្តល់​ឱកាស​ការងារ​ជាង ៥​ពាន់​កន្លែង​ សម្រាប់​យុវជន​នៅ​ ក្នុង​ពិ​ព័រ​ណ៌​ការងារ និង​មគ្គទេសក៍​អាជីព រយៈពេល​៣​ថ្ងៃ​នៅ​ផ្សារ​ទំនើប AEON MALL សែន​សុខ

1 ខែ មុន

រាជធានីភ្នំពេញ៖ ដើម្បី​អបអរសាទរ​ការ​បើក​ដំណើរការ សាខា​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​មជ្ឈមណ្ឌល​ការងារ នៅ​ផ្សារ​ទំនើប AEON សែន​សុខ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា…

រាជធានីភ្នំពេញ៖ ដើម្បី​អបអរសាទរ​ការ​បើក​ដំណើរការ សាខា​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​មជ្ឈមណ្ឌល​ការងារ នៅ​ផ្សារ​ទំនើប AEON សែន​សុខ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) រាជធានី​ភ្នំពេញ និង​សមាគម​សហព័ន្ធ​សិស្ស​និស្សិត​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ គាំទ្រ​ដោយ ក្រុមហ៊ុន អ៊ី​អន ម៉​ល (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី នឹង​រៀបចំ​ពិព័រណ៍​ការងារ និង​មគ្គទេសក៍​អាជីព អម​ដោយ​ការ​បម្រើសេវា​កាហ្វេ​រ៉ូ​បូត (Robot Coffee) រយៈពេល ៣​ថ្ងៃ ជាប់​គ្នា គឺ​នៅ​ថ្ងៃ​ទី​១៦ ទី​១៧ និង​ទី​១៨ ខែសីហា ឆ្នាំ​២០២៤ នៅ​ក្នុង​ផ្សារ​ទំនើប អ៊ី​អន សែន​សុខ ចាប់ពី​ម៉ោង ៩:០០​នាទី​ព្រឹក ដល់ ៨:០០​ នាទី​យប់ ជាមួយ​ឱកាស​ការងារ​ជាង ៥​ពាន់​កន្លែង សម្រាប់​ឱ្យយុវជន និង​អ្នក​ស្វែងរក​ការងារ​អាច ដាក់​ពាក្យ​ស្វែងរក​ការងារ​ដោយ​ផ្ទាល់ និង​ធ្វើការ​សម្ភាសន៍​ភ្លាម​ៗ​ ។

ពិព័រណ៍​ការងារ​នេះ នឹង​នាំ​មក​នូវ​ក្រុមហ៊ុន​ធំ​ៗ​ចំនួន ២០ ដែល​នឹង​ផ្តល់​ឱកាស​ការងារ​ជាង ៥​ពាន់ កន្លែង​ក្នុង​វិស័យ​សំខាន់​ៗ​ ដូច​ជា​៖ វិស័យ​ធនាគារ គ្រឹះស្ថាន​មីក្រូ​ហិញ្ញ​វត្ថុ និង​ធានា​រាប់​រង វិស័យ​អចលនវត្ថុ វិស័យ​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច វិស័យ​បច្ចេកវិទ្យា និង​ទូរគមនាគមន៍ វិស័យ​លក់ដុំ​និង​លក់រាយ វិស័យ​សេវាកម្ម​ផ្សេង​ៗ និង​វិស័យ​ឧស្សាហកម្ម ​។

កញ្ញា ម៉េច សុជាតា ប្រធាន​ផ្នែក​ធនធានមនុស្ស នៃ​ក្រុមហ៊ុន EFG បាន​លើក​ឡើង​ថា​ការ​ចូលរួម​ពិ​ព័រ​ណ៌​ការងារ នៅ​ផ្សារ​ទំនើប AEON ខាង​មុខ​នេះ នឹង​ផ្តល់​លទ្ធភាព​ដល់​ក្រុមហ៊ុន​មានឱកាស​ទាក់ទាញ​បេក្ខជន​ដែល​មាន​ទេព​កោសល្យ ពិសេស​អាច​បង្ហាញ​ពី​កិត្តិនាម​របស់​ក្រុមហ៊ុន​ទៅ​កាន់​សាធារណជន​ទូទៅ និង​អាច​បង្កើត​បណ្តាញ​ទំនាក់ទំនង​ល្អជា​មួយ​ក្រុមហ៊ុន ​ដែល​នឹង​ចូលរួម​ក្នុង​ពិ​ព័រ​ណ៌​ការងារ​នេះ​ផង​ដែរ​ ។

កញ្ញា បន្ថែម​ទៀត​ថា ការ​រៀបចំ​ពិ​ព័រ​ណ៌​ការងារ ក៏​ដូច​ជា​ការ​បង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​ការងារ​នៅ​តាម​ផ្សារ​ទំនើប​នេះ គឺ​យុទ្ធសាស្ត្រ​មួយ​ថ្មី​បន្ថែម​ទៀត​របស់ NEA ក្នុង​ការ​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​ថែម​ទៀត​សម្រាប់​យុវជន សិស្ស​/​និស្សិត និង​អ្នក​ស្វែងរក​ការងារ ក្នុង​ការ​ដាក់​ពាក្យ​ស្វែងរក​ការងារ​នៅ​ទីតាំង​ដែល​មាន​ប្រជាប្រិយភាព​នៅ​ផ្សារ​ទំនើប អ៊ី​អន នេះ​​។ កញ្ញា​ស្រី​បញ្ជាក់​ថា​៖ «​នាង​ខ្ញុំ​ពិតជា​សរសើរ NEA ណាស់​ ដែល​បាន​រក​គ្រប់​វិធីសាស្ត្រ​ជា​ច្រើន​សំដៅ​ជួយ​ដល់​យុវជន​ឱ្យ​បាន​ស្គាល់​ពី​ក្រុមហ៊ុន ពិសេស​បានដឹង​ពី​ព័ត៌មាន​ឱកាស​ការងារ​ជា​ច្រើន​នៅ​កម្ពុជា​»​ ។

ជាមួយ​គ្នា​នេះ​ដែរ លោក រ៉េ​ត សា​គា ប្រធាន​ផ្នែក​ជ្រើសរើស​បុគ្គលិក និង​ផ្សព្វផ្សាយ​ក្រុមហ៊ុន ធនាគារ​ឯកទេស អ៊ី​អន (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​មើលឃើញ​ថា​ពិ​ព័រ​ណ៌​ការងារ​នៅ​តាម​ផ្សារ​ទំនើប​នេះ ពិសេស​ផ្សារ​ទំនើប AEON គឺជា​របត់​ថ្មី​មួយទៀត ​ក្នុង​ការ​នាំ​យក​ឱកាស​ការងារ​ដល់​កន្លែង​មួយ​ ដែល​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​សម្រាប់​យុវជន និង​សាធារណជន​ទូទៅ​ក្នុង​ការ​មក​ទទួល​សេវា​ផ្សេង​ៗ​ពី NEA» ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ពិព័រណ៍​ការងារ និង​មគ្គទេសក៍​អាជីព​រយៈពេល ​បី ​ថ្ងៃនេះ យុវជន​និង​សាធារណជន ក៏​អាច​ទទួល​បានការ​ផ្តល់​សេវា​កាហ្វេ Robot Coffee ដ៏​ភ្ញាក់ផ្អើល ដែល​បង្កើត​ដោយ​ស្នាដៃ​កូន​ខ្មែរ ព្រមទាំង​អាច​ចុះ​ឈ្មោះ​ចូល​រៀន ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ណាមួយ ដែល​ជា​កម្មវិធី​អាទិភាព​មួយ របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៀត​ផង​ ។ លើស​ពី​នេះ យុវជន និង​សាធារណជន​ទូទៅ ដែល​មាន​គ្រប់​លក្ខខណ្ឌ​អាច​មក​ចុះ​ឈ្មោះ​ធ្វើ​ប័ណ្ណ ប​.​ស​.​ស​. នៅ​សាខា ប​.​ស​.​ស​. នៅ​ជាន់​ទី​២ និង​អាច​ដាក់​ឯកសារ​ទូទាត់​សំណង​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​បាន នៅ​សាខា ប​.​ស​.​ស​. ព្រមទាំង​អាច​ចូលរួម​កំសាន្ត​ជាមួយ​ក្រុម​តន្ត្រី​នា​ពេល​ល្ងាច ជាមួយ​ឱកាស​ទទួល​បាន​រង្វាន់​ជា​ច្រើន​ពី​ការ​ឆ្លើយ​សំណួរ​ងាយ​ៗ ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​ ។

ហេតុ​ដូចនេះ សម្រាប់​យុវជន សិស្ស​/​និស្សិត និង​អ្នក​ស្វែងរក​ការងារ ដែល​ចង់​ស្វែងរក​ការងារ សូម​រៀបចំ CV ដើម្បី​ត្រៀម​ដាក់​ពាក្យ និង​សម្ភាស​ភ្លាម​ៗ ជាមួយ​តំណាង​ក្រុមហ៊ុន​ធំ​ៗ​ទាំង​២០ ដើម្បី​អាច​ទទួល​បាន​លទ្ធផល​ទទួល​បានការ​ងារ​ភ្លាម​ៗ​តែ​ម្តង​ ។ ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​កាន់ Hotline ១២៩៧ ១២៨៦ ឬ 016 78 66 55 ឬ 077 23 23 78 (Telegram) ៕