ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​គណបក្ស​ស្រុក​តាំងគោក និង​ណែនាំ​ពង្រឹង​សេវា​សាធារណៈ​ ឱ្យ​កាន់តែ​ល្អ​ប្រសើរ

1 ខែ មុន

ខេត្តកំពង់ធំ​៖ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ប្រធាន​ក្រុមការងារ ​ចុះ​ជួយ​ស្រុក​តាំងគោក នា​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៤ នេះ…

ខេត្តកំពង់ធំ​៖ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ប្រធាន​ក្រុមការងារ ​ចុះ​ជួយ​ស្រុក​តាំងគោក នា​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៤ នេះ បាន​បើក​កិច្ចប្រជុំ​ជីវភាព​ប្រចាំខែ​ ជាមួយ​គណបក្ស​ស្រុក​តាំងគោក និង​គណបក្ស​ឃុំ​ទាំង​៨ ដោយ​បាន​លើកយក​ការងារ​មួយ​ចំនួន​មក​ពិភាក្សា និង​ជំរុញ​ការ​អនុវត្ត​បន្ថែម សំដៅ​ធ្វើ​យ៉ាង​ជួយ​សម្រួល​ដោះស្រាយ​បញ្ហា​ប្រឈម និង​សំណូមពរ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ក្នុង​នោះ​ការ​ផ្តល់​សេវា សាធារណៈ​ត្រូវ​តែ​មានការ​យក​ទុកដាក់​បន្ថែម​ទៀត ​។

កិច្ចប្រជុំ​នេះ​ ក៏​មានការ​ចូលរួម​ពី​លោក លោកស្រី ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ ចុះ​មូលដ្ឋាន​ស្រុក​តាំងគោក លោក​ប្រធាន និង​អនុប្រធាន ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ទាំង​០៨ នៃ​ស្រុក​តាំងគោក លោក​ប្រធាន និង​អនុប្រធាន​គណបក្ស​ស្រុក​តាំងគោក លោក លោកស្រី​ប្រធាន​គណបក្ស​ឃុំ​ទាំង​០៨ សរុប​ប្រមាណ ១២០​នាក់ ​។

នា​ឱកាស​នោះ​បន្ទាប់​ពី​បាន​ស្តាប់​របាយការណ៍ ​បូក​សរុប​ការងារ​ប្រចាំខែ​របស់​គណបក្ស​ ស្រុក​តាំងគោក​ពី​លោក ហាក់ ម៉ុង​ហួត រួច​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ក៏​បាន​រំលឹក​ឡើង​វិញ​ផង​ដែរ នា​ឱកាស​ថ្មី​ៗ​កន្លង​មកនេះ ដែល​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់ ​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ជា​ផ្លូវការ ក្រោម សម្លេង​ទូងស្គរ​គាំទ្រ និង​អបអរសាទរ​យ៉ាង​កងរំពង​ពី​សំណាក់​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់ អាវុធ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូ​ទាំង​ប្រទេស​ ។

ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ក៏​បាន​រំលឹក​នូវ​ប្រសាសន៍​ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ដែល​បាន​ថ្លែង​សារ​ពិសេស​ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV (​កម្ពុជា​-​ឡាវ​-​វៀតណាម​) ដើម្បី​ស្រាយ​បំភ្លឺ ចំពោះ​ករណី​ញុះញង់​បំភ្លៃ​ អំពី​កិច្ចសហការ​អភិវឌ្ឍន៍​តំបន់ត្រីកោណ CLV ដែល​ថា​ជា​ការ​កាត់​ ខេត្ត​កម្ពុជា​ចំនួន ០៤ ទៅ​ឱ្យ​វៀតណាម ​។ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ដោយ​ផ្អែក​លើ​កត្តា សំខាន់​ៗ​ដូច​ជា​៖ កា​រត​ភ្ជាប់​ខាង​សេដ្ឋកិច្ច​ដែល​ត្រូវ​ពឹងផ្អែក​សំខាន់ ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ រួម​មាន​ផ្លូវ អគ្គិសនី ការ​ផ្លាស់​ប្តូរ​ទំនិញ ទេសចរណ៍ ការ​ផលិត និង​ការ​នាំ​ចេញ​, ការ​គិតគូរ​ទៅ​ដល់​បញ្ហា​សន្តិសុខ និង​ការពារ​ជាតិ​, ផ្តល់​កិច្ចសហការ​លើ​វិស័យ​អប់រំ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​សុខាភិបាល និង​កិច្ចសហការ​គ្រប់គ្រង​ គ្រោះ​មហន្តរាយ​តាម​ព្រំដែន ពិសេស​ទឹកជំនន់ និង​ភ្លើង​ឆេះ​ព្រៃ​ផង​ដែរ ​។

ជាមួយ​គ្នា​នោះ​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ ដែរ​លោក​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​តាំងគោក ក៏​បាន​ណែនាំ​ ឱ្យ​ក្រុមការងារ​គ្រប់​លំដាប់ថ្នាក់ រួម​សហការ​គ្នា​ជាមួយ​គណបក្ស​ស្រុក និង​គណបក្ស​ឃុំ និង​អាជ្ញាធរ​មូលដ្ឋាន យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ នូវ​រាល់​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ការ​សំណូមពរ​ របស់​ប្រជា​ពល​នៅ​មូលដ្ឋាន ដោយ​មិន​ត្រូវ​សន្យា​ ជាមួយ​ប្រជាពលរដ្ឋ ហើយ​ទុក​ចោល​នោះ​ឡើយ ​។ ក្នុង​នោះ​បញ្ហា​ផ្លូវ​នៅ​តាម​មូលដ្ឋាន​ ក៏​ត្រូវ​តែ​ជួយ​គិតគូរ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ និង​ដឹក​កសិផល​ទៅ​លក់ដូរ​ជាដើម​, ដោយឡែក​ចំពោះ​ការ​ផ្តល់​សេវា​សាធារណៈ ក៏​ត្រូវ​តែ​បន្ត​ពង្រឹង ឱ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត​ ។

ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ក៏​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​គ្រប់​លំដាប់ថ្នាក់ សហការ​គ្នា​ក្នុង​ការ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ និង​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​, ការ​ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ និង​ដំណាំ​ស្រូវ ក្នុង​ករណី​គ្រោះ​ទឹកជំនន់​កើតឡើង ជាមួយ​គ្នា​នោះ​ការ​ទប់ទឹក​ ដើម្បី​រក្សា​ទឹក​ទុក​ប្រើ​ពេល​រាំង​ស្ងួត​ក៏​ត្រូវ​គិតគូរ​, ក្នុង​នោះ​ក៏​ត្រូវ​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ប្រឈម និង​សំណូមពរ​ចាំបាច់​របស់ ប្រជាពលរដ្ឋ​មូលដ្ឋាន ​។

ជា​រឿយ​ៗ​លោក​បណ្ឌិត ក៏​មិន​ភ្លេច​ដែរ​ក្នុង​ការ​ណែនាំ​ ឱ្យ​ក្រុមការងារ​ក្តាប់​ឱ្យ​បាន​ជាប់ ​អំពី​សតិអារម្មណ៍​នយោបាយ ការ​គ្រប់គ្រង​សាធារណ​មតិ និង​ធ្វើការ​វាយបក​ឱ្យទាន់​ពេលវេលា​ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ ញុះញង់ មួលបង្កាច់ បំពុលសង្គម​របស់​ពួក​ប្រឆាំង​, ការ​ពង្រឹង​ការ​គ្រប់គ្រង និង​ពង្រីក​សមាជិក​បក្ស (​រក្សា​ចាស់ បង្កើន​ថ្មី យកចិត្ត​ទុក​ដល់​កម្លាំង​យុវជន​) ការ​បន្ត​ចុះ​ជាប់​ដល់​មូលដ្ឋាន​ភូមិ ក្រុម​បក្ស គ្រួសារ​បក្ស ខ្នង​ផ្ទះ និង​សមាជិក​បក្ស និង​ការ​បន្ត​ចិញ្ចឹម​ចលនា​បក្ស​នៅ​មូលដ្ឋាន​ អោយ​បាន​កាន់តែ​សកម្ម​ថែម​ទៀត ​៕ អត្ថបទសហការ