ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វគ្គ​ ១.៥ ​លាន​នាក់​៖ សិក្ខាកាម​សរសើរ​ពី​វគ្គ​បណ្តុះបណ្តាល​ជំនាញ “​សម្ភារៈ​ទំនើប​គ្រប់គ្រាន់ សិក្សា​ទាំង​ទ្រឹស្តី និង​អនុវត្ត​ផ្ទាល់​” ដែល​អាច​មាន​ជំនាញ​ពិតប្រាកដ

1 ខែ មុន

រាជធានីភ្នំពេញ​៖ សិក្ខាកាម​ដែល​កំពុង​សិក្សា​នៅ​ ​ក្នុង​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស ១.៥​ លាន​នាក់ របស់​រាជរដ្ឋាភិបាល​ នៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) បាន​សរសើរ​សាលា​ផ្តល់​នូវ​សម្ភារៈ​អនុវត្តន៍​ទំនើប និង​មានការ​បង្រៀន​បាន​ដិត​ដល់…

រាជធានីភ្នំពេញ​៖ សិក្ខាកាម​ដែល​កំពុង​សិក្សា​នៅ​ ​ក្នុង​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស ១.៥​ លាន​នាក់ របស់​រាជរដ្ឋាភិបាល​ នៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) បាន​សរសើរ​សាលា​ផ្តល់​នូវ​សម្ភារៈ​អនុវត្តន៍​ទំនើប និង​មានការ​បង្រៀន​បាន​ដិត​ដល់ ដែល​បង្ករ​ជា​ភាព​ងាយស្រួល និង​ជំរុញ​គុណភាព​នៃ​ការ​សិក្សា ​។

កញ្ញា ផល ច័ន្ទ​ធានី ជា​សិក្ខាកាម​ជំនាញ​រចនា​ក្រាហ្វិក នៃ​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) ពេញចិត្ត​នឹង​ការ​ផ្តល់​ជូន​នូវ​ឧបករណ៍​អនុវត្តន៍​ទំនើប​ ដែល​មានដំណើរ​ការ​បាន​ល្អ និង​ការ​បង្រៀន​ដិត​ដល់ ​ក្នុង​ថ្នាក់​ពី​លោកគ្រូ​ជំនាញ ​។

សិក្ខាកាម​រូប​នេះ​បាន​ចែករំលែក​ថា​៖ «​សម្រាប់​គ្រឿង​បរិក្ខារ​មាន​គ្រប់គ្រាន់​ទាំងអស់ ទាំង​ម៉ូនីទ័រ (Monitor) កុំព្យូទ័រ (Computer) និង ម៉ៅ​ស៍ (Mouse) វា​ដំណើរការ​ល្អ​ហើយ​មាន វ៉ា​យ​ហ្វា​យ (WiFi) អោយ​យើង​ប្រើ​ទៀត ហើយ​សម្រាប់​ការ​បង្រៀន​របស់​លោកគ្រូ​ក៏​ល្អ​» ​។

ចំណែកឯ​លោក ធួន វិសុទ្ធ ជា​សិក្ខាកាម​ជំនាញ​អគ្គិសនី​បណ្តាញ ​នៃ​វិទ្យាស្ថាន​ដដែល​មាន​ចំណាប់អារម្មណ៍​ដូច​គ្នា ដោយសារ​នៅ​សាលា​មាន​ឧបករណ៍​ទំនើប​ៗ​ជា​ច្រើន ​ដែល​អាច​ឱ្យ​ខ្លួន​លោក​ពង្រឹងសមត្ថភាព ព្រមទាំង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ៗ​ ពី​លោកគ្រូ​ផង​ដែរ​ ។

សិក្ខាកាម​ដដែល​បាន​ប្រាប់​ថា​៖ «​រៀន​នៅ​សាលា NTTI នេះ​គឺ​យើង​មាន​ឧបករណ៍​ប្រើប្រាស់​គ្រប់គ្រាន់​ ហើយ​និង​ឧបករណ៍​ទំនើប​ៗ​ជា​ច្រើន ​សម្រាប់​យើង​អភិវឌ្ឍន៍ ​។ ការ​បង្រៀន​គាត់​គឺ​មានបទពិសោធន៍​ថ្មី​ៗ​ច្រើន ​សម្រាប់​យើង ដែល​មក​រៀន​បទ​ពិសោធន៍​អគ្គិសនី​នេះ ​ជាមួយ​លោកគ្រូ​»​ ។

ទន្ទឹម​នឹង​នោះ លោក​ក៏​បាន​អំពាវនាវ​ ដល់​អ្នក​ដែល​មិន​ទាន់​មានការ​ងារ ឱ្យមក​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​វិទ្យាស្ថាន​មួយ​នេះ​ ដូច​ជា​រូប​គាត់ ដើម្បី​ទទួលយក​បទ​ពិសោធន៍ និង​ចំណេះ​ជំនាញ ​សម្រាប់​រក​កម្រៃ​ផ្គត់ផ្គង់​គ្រួសារ ​។

លើស​ពី​នេះ​លោក មុត បូ​រី ជា​សិក្ខាកាម​ជំនាញ​បរិក្ខារ​ត្រជាក់ ​នៃ​វិទ្យាស្ថាន​ ជាមួយ​គ្នា​នេះ ក៏​បាន​បញ្ជាក់​បន្ថែម​ដូច​គ្នា​ថា សម្ភារៈ​ប្រើប្រាស់ និង​ការ​អនុវត្ត នៅ​ក្នុង​ម៉ោង​រៀន​គឺ​មិន​មាន​ភាព​ខ្វះខាត ហើយ​លោកគ្រូ​របស់​លោក​ផ្ទាល់​ អាច​ពន្យល់​មេរៀន​នីមួយ​ៗ ​បាន​យ៉ាង​ងាយស្រួល​ ។

សិក្ខាកាម​បាន​រៀបរាប់​ថា​៖ «ទៅ​រៀន​សម្ភារៈ​អី​មាន​គ្រប់គ្រាន់ សិស្ស​មិន​ខ្វះខាត​អ្វី​សម្រាប់​រៀន​ទេ ហើយ​លោកគ្រូ​គាត់​បង្រៀន​បាន​ដិត​ដល់​ល្អ យើង​មិន​អាច​ងាយ​យល់​ក៏​គាត់​អាច​ពន្យល់​បន្ថែម​ឱ្យ​យើង​កាន់តែ​ច្បាស់​ទៀត​» ។

គួរ​រំលេច​ផង​ដែរ វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ឥត​គិតថ្លៃ ១.៥ ​លាន​នាក់​នេះ គឺជា​កម្មវិធី​ថ្នាក់​ជាតិ​ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​ធិ​បតី ​ប្រកាស​កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០២៣ និង​បាន​ចាប់ផ្តើម​ដំណើរការ​បង្រៀន​នៅ​ថ្ងៃ​ទី​១៥ ខែមក​រា ឆ្នាំ២០២៤​ ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

ការ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​នេះ​ផង​ដែរ ​តម្រូវ​ឱ្យ​សិស្ស​មាន​អាយុ​ចាប់ពី ១៥ ​ឆ្នាំ​ឡើង ចំណែកឯ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ មាន​ប័ណ្ណ​សមធម៌ ឬ​ប័ណ្ណ​សម្គាល់​គ្រួសារ​ក្រីក្រ នឹង​មាន​ថវិកា​ឧបត្ថម្ភ​បន្ថែមចំនួន ២៨០០០០​រៀល (​ពីរ​សែន​ប្រាំបី​ម៉ឺន​រៀល​) ក្នុង​មួយ​ខែ​ជូន​ទៀត​ផង ​៕ អត្ថបទសហការ