រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ នេះបានបើកវគ្គបណ្តុះបណ្តាលជំនាញទន់ស្តីអំពី «ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារជាក្រុម» ដល់មន្ត្រីក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ (Call Centre) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ការបណ្តុះបណ្តាលនេះធ្វើឡើងនៅសាលប្រជុំជាន់ទី ១៣ នៃអគារទីស្នាក់ការ ប.ស.ស. នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ (ក្រុមទី ១) និងនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤ (ក្រុមទី ២) ពីម៉ោង ៨:០0នាទី ដល់ម៉ោង ៥:00 រសៀល ក្រោមអធិបតីភាព ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ ឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអនុប្រធានក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ ។
ឯកឧត្តម កត្តា អ៊ន បានលើកឡើងថា ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ដល់ ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ (Call Center) ក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពដល់មន្ដ្រី Call Center ក្នុងការផ្តល់សេវាសាធារណៈជូនសាធារណជន ។
ឯកឧត្តមរដ្ឋលេខាបន្តថា ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈនៃក្រសួងការងារត្រូវធ្វើការឱ្យបានសកម្ម និងមានប្រសិទ្ធភាពក្នុងការឆ្លើយតបមតិយោបល់ សំណួរ និងបញ្ហារបស់សាធារណជនបានទាន់ពេលវេលា និងឆាប់រហ័ស ។ លើសពីនេះផងដែរក្រុមការងារត្រូវអនុវត្តភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងមានកិច្ចសហការយ៉ាងល្អជាមួយអង្គភាពពាក់ព័ន្ធដើម្បីឆ្លើយតបបញ្ហា សំណូមពរ និងសំណួររបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ។
ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់សារឡើងវិញថា ក្រុមការងាររង់ចាំទទួលការហៅទូរសព្ទចូលរបស់សាធារណជន ២៤ ម៉ោងលើ ២៤ ម៉ោង និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈប្រព័ន្ធទូរសព្ទ Hotline ទាំងពីរខ្សែគឺ ១២៨៦ និង ១២៩៧ ដែលរួមមាន លើសេវាបញ្ជិកានិងភាគទានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស), សេវាពាក់ព័ន្ធវិស័យការងារ, កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M), វិវាទការងារ, មុខរបរ និងការងារ(NEA), តាវកាលិក ប.ស.ស, សេវាមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស, ប្រាក់ឧត្ថម្ភរាជរដ្ឋាភិបាល រួមនិងសេវាផ្សេងៗទៀតរបស់ក្រសួង ។
ទន្ទឹមនឹងនេះ ឯកឧត្តម កត្តា អ៊ន ក៏បានអំពាវនាវដល់សាធារណជន ក្នុងករណីមានចម្ងល់ ឬតម្រូវការអ្វីមួយ សូមធ្វើការទាក់ទងមកកាន់ក្រុមការងារ ដែលនេះជាកិច្ចសហការរវាងក្រុមការងារ និងសាធារណជន ក្នុងកិច្ចការបម្រើសេវាសាធារណៈ ។ លើសពីនេះទៀត ឯកឧត្តម ក៏លើកទឹកចិត្តដល់មន្ត្រី បុគ្គលិកនៃក្រុមការងារ បន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបាន រហ័ស ច្បាស់លាស់ និងពេញចិត្ត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ