ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្ពុជា​ និង ​KOICA អនុវត្ត​គម្រោង ការ​កសាងសមត្ថភាព​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ ​ក្នុង​ការ​អប់រំ​បណ្តុះបណ្តាលបច្ចេកទេស ​និង​វិជ្ជាជីវៈ

11 ខែ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោកស្រី Moon Jung…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោកស្រី Moon Jung CHOI នាយិកា​ប្រចាំ​ប្រទេស​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​ ១៨ ខែកក្កដា ឆ្នាំ​ ២០២៤​ មកនេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​គម្រោងការ​កសាង​សមត្ថភាព និង​ការ​បង្កើត​បរិយាកាស​គាំទ្រ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​ក្នុង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ ។

ថ្លែង​ទៅ​កាន់​អង្គពិធី​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បាន​បញ្ជាក់​ពី​ភាព​សំខាន់​នៃ​ការ​អនុវត្ត​គម្រោង​នា​ពេល​នេះ​ដែល​ពិតជា​ឆ្លើយ​តប​ទាន់​ពេលវេលា​នឹង​គោ​លន​យោ​យ​បាយ​ដ៏​មាន​សារៈសំខាន់​របស់​រាជរដ្ឋាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល ​៥ ​ឆ្នាំ​របស់​ក្រសួង ក្នុង​ការ​ធ្វើ​បរិវត្ត​កម្ម​ការ​បណ្តុះ បណ្តាល​ជំនាញ​បច្ចេកទេស ដែល​ជា​របៀបវារៈ និង​ជា​គោលដៅ​ចម្បង​បំផុត​មួយ​ក្នុង​ការ​ជំរុញ កែប្រែ និង​ធ្វើ​ទំនើប​កម្ម​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​នៅ​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម​ឈាន​ទៅ ឧស្សាហកម្ម​ផ្អែក​លើ​ជំនាញ​ក្នុង​គោលបំណង​ឆ្លើយ​តប​ទៅ​តាម​តម្រូវការ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ថែម​ថា ដើម្បី​ឱ្យ​សិក្ខាកាម និង​សិស្ស​និស្សិត មាន​សមត្ថភាព​ខ្ពស់​ក្នុង​វិស័យ​បច្ចេកវិទ្យា សាលា​បច្ចេកទេស​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង នឹង​ដាក់​បញ្ចូល​ការ​សិក្សា​ពី​បច្ចេកវិទ្យា​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​ទាំងអស់​ ។ ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី គម្រោង​នៃ​កិច្ចសហការ​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ប្រចាំ​កម្ពុជា ក៏​ស្រប​ទៅ​តាម​ទិស​គោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី ​៧ ​ដែល​ផ្តោត​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ផង​ដែរ​ ។

ជាមួយ​គ្នា​នេះ លោកស្រី Moon Jung CHOI នាយិកា​ប្រចាំ​ប្រទេស​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ ប្រចាំ​កម្ពុជា បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ចូលរួម​អនុវត្ត​គម្រោង​ដ៏​មាន​សារសំខាន់​នេះ ឱ្យ​មាន​ភាព​ជោគជ័យ​ដើម្បី​ឱ្យ​ពលរដ្ឋ​កម្ពុជា និង​ពលករ​មាន​សមត្ថភាព​និង​ចំណេះ​ជំនាញ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ក្នុង​គោលបំណង​ឆ្លើយ​តប​ទៅ​តាម​តម្រូវការ​ទីផ្សារ​ដែល​កំពុង​ត្រូវការ​ខ្ពស់​។ សម្រាប់​លោកស្រី វិស័យ​បច្ចេកវិទ្យា បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​បំផុត​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ដែល​ជា​គ្រឹះ​ក្នុង​ការ​កសាង​និង​អភិវឌ្ឍ​សង្គម​ជាតិ​ ។

យ៉ាងណា​ក៏​ដោយ លោកស្រី​ប្រធាន ​KOICA រំពឹង​ថា​គម្រោង​ដែល​ដាក់​ឱ្យ​អនុវត្ត​នា​ពេល​នេះ នឹង​ក្លាយជា​ធាតុ​ដ៏​សំខាន់​មួយ​បន្ថែម​ទៀត​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ទំនាក់ទំនង​កម្ពុជា​-​កូរ៉េ​ខាងត្បូង​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​បន្ថែម​ទៀត​ផង​ដែរ​ ៕ អត្ថបទសហការ