ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មេ​សហជីព​នៅ​កម្ពុជា​៖​​ សង់​ត្រា​ល់​ ស្រែក​ក្តែ​ង​ៗ​ឱ្យ​គេ​ធ្វើការ​ដោយ​តម្លាភាព ប៉ុន្តែ​ខ្លួនឯង​បែរជា​គ្មាន​តម្លាភាព

1 ខែ មុន

រាជធានីភ្នំពេញ​៖​ មេ​សហជីព​នៅ​កម្ពុជា​លើក​ឡើង​ថា អង្គការ​សង់​ត្រា​ល់​បម្រើ បរទេស​ធ្វើ​របាយការណ៍​លើ​ផ្នែក​សិទ្ធិ​មនុស្ស សិទ្ធិ​កម្មករ និង​សិទ្ធិ​បញ្ចេញមតិ​និយាយ​តែ​ពី​តម្លាភាព និង​គណនេយ្យ​ភាព​មិន​ដាច់​ពី​មាត់ ប៉ុន្តែ​បែរជា​ព្យាយាម​គេចវេស មាន​លេស​មិន​ចេះ​ចប់ នៅ​ពេល​អាជ្ញាធរ…

រាជធានីភ្នំពេញ​៖​ មេ​សហជីព​នៅ​កម្ពុជា​លើក​ឡើង​ថា អង្គការ​សង់​ត្រា​ល់​បម្រើ បរទេស​ធ្វើ​របាយការណ៍​លើ​ផ្នែក​សិទ្ធិ​មនុស្ស សិទ្ធិ​កម្មករ និង​សិទ្ធិ​បញ្ចេញមតិ​និយាយ​តែ​ពី​តម្លាភាព និង​គណនេយ្យ​ភាព​មិន​ដាច់​ពី​មាត់ ប៉ុន្តែ​បែរជា​ព្យាយាម​គេចវេស មាន​លេស​មិន​ចេះ​ចប់ នៅ​ពេល​អាជ្ញាធរ មាន​សមត្ថកិច្ច​ពង្រឹង​ការ​អនុវត្ត​តម្លាភាព និង​គណនេយ្យ​ភាព លើ​ការ​ទទួល បាន​ហិរញ្ញវត្ថុ​របស់​ខ្លួន ​។

លោក ហង្ស រ៉ា​វី ប្រធាន​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ថ្លែង​ថា អង្គការ​សង់​ត្រា​ល់​គ្មាន​តម្លាភាព​នៅ​ក្នុង​អង្គភាព​របស់​ខ្លួន​នោះ​ទេ ​។ គ្មាន​តម្លាភាព​ត្រង់​ថា នៅ​ពេល​អង្គកា​រវិ​ជ្ចា​ជីវៈ​ហៅ​ថា​សហជីព ក៏​ដូច​ជា​កម្មករ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ក្នុង​ប្រព័ន្ធ​ស្នើ​ឱ្យ​អង្គការ​នេះ​បង្ហាញ​គណនេយ្យ​ភាព បង្ហាញ​លក្ខន្តិកៈ បង្ហាញ​ជំនួយ​បរទេស​របស់​ខ្លួន បែរជា​អង្គការ​នេះ​មិន​ហ៊ាន​បង្ហាញ ហើយ​ថែម​ទាំង​បង្វែរ​ដាន ស្វែងរក​ការ​អន្តរាគមន៍​ពី សមាគម​ខាងក្រៅ ប្រទេស​ឱ្យ​ជួយ​បិទ​បាំង​ការពារ​កំហុស​របស់​ខ្លួន​ទៅ​វិញ ​។

លោក​ថ្លែង​ថា​៖ «​គួរ​ឱ្យ​អស់សំណើច​ណាស់ ដែល​គាត់(​អង្គការ សង់​ត្រា​ល់​) តែងតែ​ប្រកាស​ក្តែ​ង​ៗ​ឱ្យ​ស្ថាប័ន​ក៏​ដូច​ជា​អង្គការ​ដទៃ​ ធ្វើការ​ឱ្យ​មាន​តម្លាភាព ប៉ុន្តែ​សម្រាប់​គាត់​ជា​អង្គការ​វិជ្ជាជីវៈ​មួយ​ផង​ដែរ គាត់​គ្មាន​តម្លាភាព​ខ្លួនឯង» ​។​

លោក ហង្ស រ៉ា​វី បញ្ជាក់​ថា ជា​រឿង​អាម៉ាស់​បំផុត នៅ​ពេល​តំណាង​កម្មករ​ក្នុង​វិស័យ​កាត់ដេរ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចំនួន​៤​ម៉ឺន​នាក់ បាន​ដង្ហែរ​ក្បួន​ទៅ​ដាក់​ញត្តិ​ថ្កោលទោស​ចំពោះ​ការ​បញ្ចេញ​របាយការណ៍​អង្គការ​សង់​ត្រា​ល់ កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ថ្នាក់ដឹកនាំ​អង្គការ​នេះ​កំសាក រួញ​ក្បាល​ដូច​អណ្តើក​ក្នុង​ស្នូក មិន​ហ៊ាន​ចេញ​មក​ប្រឈម​មុខជា​មួយ​ការ​ពិត ក្នុង​ការ​ទទួលយក​ញត្តិ​ពី​ក្រុម​កម្មករ​ ។

រីឯ​លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា ថ្លែង​ថា ការ​ដែល​អង្គការ​សង់​ត្រា​ល់​មិន​ហ៊ាន​លាតត្រដាង ពី​ព័ត៌មាន​គណនេយ្យ​ភាព និង​តម្លាភាព​របស់​ខ្លួន ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច គឺជា​រឿង​អា​មាស់ និង​គួ​ឱ្យ​អស់សំណើច​បំផុត​ ។​ អស់សំណើច​ត្រង់​ថា ពាក្យ​តម្លាភាព គណនេយ្យ​ភាព​នោះ ជា​វោហា​សព្ទ​ដ៏​ពេញ​និយម​បំផុត​របស់​សង់​ត្រា​ល់ រហូត​ពេល​ខ្លះ​អង្គការ​នេះ​បាន​រិះគន់​ចោទប្រកាន់​ទៅ​លើ​សហជីព ដោយ​លាប​ពណ៌​ថា​ជា​សហជីព​ពណ៌​លឿង ថា​ជា​សហជីព​គ្មាន​គណនេយ្យ​ភាព គ្មាន​តម្លាភាព រណប​រដ្ឋាភិបាល ឬ​ជា​សហជីព​មិន​ឯករាជ្យ​ជាដើម ប៉ុ​ន្តេ សង់​ត្រា​ល់​បែរជា​មិន​បាន​មើល​ខ្លួនឯង ដែល​ជា​ខ្ញុំបម្រើ​ដាច់​ថ្លៃ​របស់​បរទេស ធ្វើ​តែ​តាម​បញ្ជា​គេ ​។

លោក​ថ្លែង​ថា​៖ «​សង់​ត្រា​ល់​មិនមែន​ជា​អង្គការ​មួយ​ដែល​មាន​គណនេយ្យ​ភាព តម្លាភាព និង​សុច្ចរិត​ភាព​ត្រឹមត្រូវ​នោះ​ទេ បើ​អង្គការ​នេះ​មាន​ភាព​ត្រឹមត្រូវ​ខ្លាច​អី​ក្នុង​ការ​បង្ហាញ​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​សវន​កម្ម​» ។​

លោក​បាន​លើក​ឡើង​ទៀត​ថា បើសិនជា​អង្គការ​សង់​ត្រា​ល់​មាន​សុច្ចរិត​ភាព គណនេយ្យ​ភាព តម្លាភាព​ពិតប្រាកដ​មែន​នោះ មិន​ចាំបាច់​ភ័យ​ខ្លាច​បារម្ភ​ពេក​រហូត​ដល់​ពឹង​សមាគម​បរទេស​នេះ សមាគម​បរទេស​នោះ​ មក​ធ្វើ​អន្តរា​គម ដើម្បី​ធ្វើការ​រារាំង​ពាំង​នូវ​កំហុស​របស់​ខ្លួន​នោះ​ទេ ​។ សង់​ត្រា​ល់​ខ្លួនឯង​ត្រូវ​ហ៊ាន​ប្រឈម​មុខ បង្ហាញ​នូវ​ការ​ពិត ហើយ​ទទួលស្គាល់​កំហុស ​៕ អត្ថបទសហការ